សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជិត ២៦៦ លានដុល្លារពីការនាំចេញជ័រកៅស៊ូ ក្នុងរយៈពេល ៧ ខែ
គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជិត ២៦៦ លានដុល្លារកើនឡើង ៣% ពីការនាំចេញជ័រកៅស៊ូចំនួន ១៤៧ ០៧១ តោន។

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូកម្ពុជាជាមធ្យម ១ ៨១២ ដុល្លារ ក្នុងមួយតោន កើនឡើង ២៦៥ ដុល្លារ។
លោក ឃុន កក្កដា អគ្គនាយករងនៃអគ្គនាយកដ្ឋានកៅស៊ូ មានប្រសាសន៍ថា នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៥ បរិមាណនាំចេញបានកើនឡើង ៣% ប៉ុន្តែការប្រើប្រាស់ក្នុងស្រុកបានកើនឡើងរហូតដល់ ៧៦% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាប្រាប់កម្ពុជាថ្មីថា តម្លៃជ័រកៅស៊ូបានកើនឡើងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទិន្នផលប្រហាក់ប្រហែលឆ្នាំមុន ហើយវត្តមានរោងចក្រផលិតសំបកកង់រថយន្តបានជួយស្រូបទាញជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។
លោក ម៉ែន សុភក្ដិបន្ថែមថា៖ «វត្តមានរោងចក្រផលិតសំបកកង់រថយន្ត វាពិតជាជួយហើយ ពីមុនយើងលក់នាំចេញទៅក្រៅប្រទេស ឥឡូវមានរោងចក្រកង់ឡានដែលគេមកផលិតដោយប្រើកៅស៊ូធម្មជាតិ ផ្នែកនៃគ្រឿងផ្សំផលិតកង់ឡានគឺទិញកៅស៊ូធម្មជាតិក្នុងស្រុក ហើយយើងលក់កៅស៊ូក្នុងស្រុកយើងអត់ចំណាយលើការដឹកជញ្ជូនសេវាផ្សេងៗ»។
លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមានរោងចក្រផលិតសំបកកង់រថយន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជាកាន់តែរីកដុះដាលនៅពេលអនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញការវិនិយោគ។

លោកស៊ីណាត អះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុន Sailun គ្រោងប្រើប្រាស់កៅស៊ូក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពីឆ្នាំមុន។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៤ កម្ពុជានាំចេញជ័រកៅស៊ូបានទឹកប្រាក់ជាង ៦៧១ លានដុល្លារ កើនឡើង៣៦,៣៨% ធៀបនឹងឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានចំនួនជាង ៩ ម៉ឺនហិកតា។ សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង ២០ ម៉ឺនហិកតា៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


