Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចថៃនៅព្រំដែនហាលឡេក ឈមនឹងច្រកព្រំដែនចាំយាម តម្រូវឲ្យពលករខ្មែរ​បង់លុយ​១០០០ ទៅ១៦០០បាត មុនឆ្លង​ដែនមកកម្ពុជា

បានផុស

នៅ

ពលករខ្មែរដែលធ្វើការនៅខេត្តត្រាត ប្រទេសថៃ អះអាងនៅថ្ងៃទី១៤ ខែសីហា នេះថា សមត្ថកិច្ចថៃប្រចាំការនៅព្រំដែនហាលឡេក បានតម្រូវឱ្យពលករខ្មែរបង់លុយពី ១០០០ ទៅ១៦០០បាត ដើម្បីជាថ្នូរឱ្យឆ្លងដែនមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គឹម អេង និងស្វាមី ដែលជាពលករខ្មែរធ្វើនៅប្រទេសថៃបានអះអាង ពលករខ្មែរត្រូវបង់ចំនួន១០០០​ទៅ១៦០០​បាត ស្មើនឹង១៥ម៉ឺនទៅ២០ម៉ឺនរៀលឲ្យសមត្ថកិច្ចដែលប្រចាំការនៅទីនោះ ទើបពួកគេសម្របសម្រួលឱ្យឆ្លងដែនចូលកម្ពុជា តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។

តំណាងពលករខ្មែរដដែលបានបន្តថា ការដែលពួកគាត់សម្រេចចិត្តវិលត្រលប់ប្រទេសកំណើតនៅពេលនេះ ដោយសារស្ថានភាពបញ្ហាមិនសូវល្អនៅកន្លែងធ្វើការ ម៉្យាងទៀតចង់មកជួបជុំគ្រួសារ ក៏ដូចជារកការងារធ្វើនៅក្បែរផ្ទះសម្បែងវិញវាមានភាពសុវត្ថិភាពល្អ មិនដូចនៅស្រុកគេ។

អ្នកស្រី គឹម អេង រៀបរាប់ត្រង់ថា ចាប់តាំងពីថៃបង្កជម្លោះជាមួយកម្ពុជារឿងព្រំដែនមក ជនជាតិថៃហាក់មើលងាយរើសអើងពលករខ្មែរណាស់ សូម្បីការនិយាយស្តី ឬទិញឥវ៉ាន់ម្តងៗគេមិនចង់និយាយរកឡើយ។ ជាក់ស្តែងការមកស្រុកកំណើតពេលនេះ គឺមិនទៅរកការងារធ្វើនៅថៃទៀតទេ ប្តេជ្ញាចិត្តតែម្តង ហើយព្រមទាំងបបួលបងប្អូនដែលនៅថៃប្រញាប់មកកម្ពុជាមិនឱ្យរស់នៅធ្វើការបន្តទេ។

គិតមកទល់នេះ ស្ថានភាពនៅព្រំដែនអន្តរជាតិចាំយាម មានសភាពស្ងប់ស្ងាត់ល្អប្រក្រតីមិនមានបាតុភាពតាងតឹងអ្វីតាមព្រំដែនគោក និងព្រំដែនទឹក ដោយមន្រ្តីរាជការ ពលរដ្ឋ និងអាជីករ បំពេញការងាររបស់ខ្លួនជាធម្មតាពុំមានការព្រួយបារម្ភ ឬភៀសសឹក ដូចពេលមុនៗឡើយ។ តែទោះយ៉ាងណាក្រុមសមត្ថកិច្ចពាក់ព័ន្ធនៅបន្តប្រុងជើងការត្រៀមទទួបញ្ជាពីថ្នាក់ដឹកនាំរាល់បាតុភាពអ្វីកើតមានភ្លាមៗ។

ក្រុមមន្រ្តីប្រចាំការនៅព្រំដែនចាំយាម លើកឡើងថា អត្រាពលករខ្មែរមកពីថៃ ហាក់មានតិចតួចនៅព្រឹកថ្ងៃទី១៤ សីហានេះ បើធៀបនឹងថ្ងៃកន្លងទៅ មានខ្ទង់រយនាក់ឯណោះ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម