ព័ត៌មានជាតិ
អ្នកសារព័ត៌មាន ទទួលបានការបណ្តុះបណ្តាលស្តីពី សុវត្ថិភាពរបស់ខ្លួន អំឡុងពេលអនុវត្តការងារ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា (WMC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពអ្នកសារព័ត៌មាន» រយៈពេលមួយថ្ងៃពេញ ដល់អ្នកសារព័ត៌មានជាង ៥០នាក់ ដើម្បីពង្រឹងការអនុវត្តសុវត្ថិភាព សម្រាប់បុគ្គលិកទាំងអស់ និងអ្នកសារព័ត៌មានស្ត្រីដែលពាក់ព័ន្ធ ជាពិសេស ស្ត្រីដែលធ្វើការក្នុងបរិយាកាសរាយការណ៍ដែលមានហានិភ័យខ្ពស់។ សិក្ខាសាលានេះ មានការគាំទ្រដោយ International Media Support (IMS) ។

បើតាម WMC ការវិវត្តនៃការគំរាមកំហែងដែលប្រឈមមុខដោយអ្នកសារព័ត៌មាននាពេលបច្ចុប្បន្ននេះ រួមទាំងហានិភ័យខាងរាងកាយ ឌីជីថល ផ្លូវច្បាប់ និងផ្លូវចិត្ត។ ជាពិសេស អ្នកសារព័ត៌មានស្រី ជួបប្រទះបញ្ហាប្រឈមចំពោះយេនឌ័រ ដូចជាការយាយី ការឃ្លាំមើល និងការបំពានលើអ៊ីនធឺណិត ដែលទាមទារយុទ្ធសាស្ត្រសុវត្ថិភាពគោលដៅ និងការគាំទ្រពីអង្គការ។

លោកស្រី សាវតា ចាន់គ្រឹស្នា នាយិកានៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បាននិយាយថា៖ “តាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយអង្គការយូណេស្កូជាសកល ដែលរួមបញ្ចូលអ្នកសារព័ត៌មានកម្ពុជា បានសន្និដ្ឋានថា ៧៣% នៃបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយស្ត្រីបានជួបប្រទះអំពើហិង្សាតាមប្រព័ន្ធអនឡាញ។ អំពើហឹង្សាផ្អែកលើយេនឌ័រដែលពួកគេត្រូវបានលាតត្រដាងដោយបង្កប់ន័យដូចជា ការមាក់ងាយ ការលេបខាយផ្លូវភេទ ការចំអក ការបំពានរាងកាយ ការរំលោភ និងឃាតកម្មជាដើម។ ទាំងនេះបានតម្រូវឲ្យមានការចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហានេះជាបន្ទាន់”។
លោកស្រី នាយិកា បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះបំពេញបន្ថែមលើការអភិវឌ្ឍផែនការសុវត្ថិភាពដែលអង្គការមណ្ឌលព័ត៌មានស្ត្រីបានធ្វើបច្ចុប្បន្នភាព ហើយនឹងជួយធានាថាបុគ្គលិក និងបណ្តាញអ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មានស្ត្រី មិនត្រឹមតែបានយល់អំពីផែនការនេះប៉ុណ្ណោះទេ ក៏អាចអនុវត្តឧបករណ៍ និងពិធីការរបស់ខ្លួននៅក្នុងការងារប្រចាំថ្ងៃផងដែរ។ លោកស្រី សាវតា គ្រឹស្នា សង្ឃឹមថា វគ្គបណ្តុះបណ្តាលថ្ងៃនេះនឹងអាចឆ្លើយតបនឹងការគំរាមកំហែងដែលកំពុងវិវត្តដែលអ្នកសារព័ត៌មានកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ រួមមានហានិភ័យខាងរូបវន្ត ឌីជីថល ច្បាប់ និងផ្លូវចិត្តជាដើម។
កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានចែកចេញជា៤វគ្គ។ វគ្គទី១ ទាក់ទងជាមួយការធ្វើផែនការ និងការយល់ដឹងពីហានិភ័យ។ វគ្គទី២ បទពិសោធន៍ក្នុងការងារ និងដំណើរការស្តារឡើងវិញ, វគ្គទី៣ សុវត្ថិភាពឌីជីថលក្នុងការអនុវត្ត និងវគ្គទី៤ សីលធម៌ និងស្ថានការណ៍វឹកវរ។
កញ្ញា ហង់ សុគន្ធា ជាគ្រូបណ្តុះបណ្តាលសិក្ខានេះ បានលើកឡើងថា ចុងបញ្ចប់នៃសិក្ខាសាលានេះ អ្នកចូលរួមនឹងអាចអនុវត្តការវាយតម្លៃហានិភ័យមុនចេញសកម្មភាព, បង្កើនការអនុវត្តសុវត្ថិភាពឌីជីថលក្នុងការទំនាក់ទំនង, ឆ្លើយតបប្រសើរជាងមុនចំពោះការរំលោភបំពាន ការគំរាមកំហែង និងសម្ពាធផ្លូវចិត្ត ផ្លូវផ្នត់គំនិត, អនុវត្តសីលធម៌ និងការគាំទ្ររវាងក្រុម នៅពេលប្រឈមមុខនឹងហានិភ័យ និងផ្តល់ជាមតិយោបល់ចំពោះផែនការសុវត្ថិភាព និងសន្តិសុខ សម្រាប់អ្នកសារព័ត៌មាន៕




-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


