Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃអង្ករថៃអាចធ្លាក់ចុះជាគំហុក ​បើឥណ្ឌាបញ្ចេញអង្ករ ២០ លាន​តោន ពីក្នុងស្តុកតាមគម្រោង

បានផុស

នៅ

សមាគមអ្នកនាំចេញអង្ករថៃ បានព្រមានថា តម្លៃអង្ករថៃទំនងជានឹងធ្លាក់ចុះខ្លាំង​បន្ថែមទៀតនៅខែក្រោយ ប្រសិន​បើ​រដ្ឋាភិបាល​ឥណ្ឌាបញ្ចេញអង្ករចំនួន ២០ លានតោនពីក្នុង​ស្តុករបស់ខ្លួន ទៅតាមផែនការដែលប្រកាសឡើងកាលពីចុង​ខែមុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត The Nation ប្រធានកិត្តិយសសមាគម លោក​ Chukiart Opaswong ​បាននិយាយថា ផែនការរបស់ឥណ្ឌា នឹង​ធ្វើឱ្យ​ការប្រកួតប្រជែងអង្កររបស់ថៃលើទីផ្សារអន្តរជាតិ​កាន់តែចុះខ្សោយ ដែលធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះ មិនថាក្នុងស្រុក ហើយ​បង្កើតបាន​ជាផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កសិករ។

អ្នកជំនាញដដែល​ បាន​ឱ្យដឹងថា ឥណ្ឌា​ដកអង្ករពីក្នុងស្តុកដើម្បីជម្រះកន្លែងសម្រាប់ដាក់អង្ករថ្មី ក្រោយខ្លួនប្រមូលទិញ​ស្រូវពីកសិកររបស់ខ្លួន​ក្នុងរដូវប្រមូលផលថ្មី។ យោងតាមសេចក្ដីរាយការណ៍នានា ការបញ្ចេញអង្ករពីក្នុងស្រុកតាមរយៈ៖ ការលក់ទៅឱ្យ​ក្រុមហ៊ុនផលិតអេតាណុល ការចែកចាយទៅឱ្យជនក្រីក្រ និងការលក់ទៅឱ្យ​ឈ្មួញទិញអង្ករសម្រាប់នាំចេញ។

ការណ៍គួរឱ្យកត់សម្គាល់នោះ លោក ​Chukiart បានអះអាងថា៖ «យើងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេល​បានឮបរិមាណនេះ (២០ លាន​តោន) ដោយសារតែ​ឥណ្ឌាបានកំណត់តម្លៃលក់របស់ខ្លួនត្រឹមតែ ២៣០ ដុល្លារ/តោន»។ ​អ្នកនាំចេញឥណ្ឌា​អាច​ចំណាយ ៣០ ដុល្លារបន្ថែមពីលើនេះ ដើម្បី​ធ្វើឱ្យប្រសើរឡើងនូវគុណភាព​តាម​ស្តង់ដារនាំចេញ ដែលអាចឱ្យ​តម្លៃចុងក្រោយ​លក់នៅចន្លោះពី ២៨០-៣០០ ដុល្លារ/តោន ដែល​នេះ​ទាបជាងតម្លៃទីផ្សារអង្កររបស់ថៃនាពេលបច្ចុប្បន្ន។ ​

បច្ចុប្បន្ន ថៃ​នាំ​ចេញ​អង្ករ​​បាក់ ៥ ភាគរយ​ ក្នុង​តម្លៃ ៣៦៥-៣៧០ ដុល្លារ​​/​តោន។ ​ តម្លៃ​ទាំងនេះ មាន​ន័យថា កសិករថៃអាច​លក់ស្រូវ​បាន​ត្រឹមតែ ៥​ ០០០- ៦ ០០០ បាត/តោន ប៉ុណ្ណោះ ធៀប​នឹង​ ១១ ០០០-១២ ០០០ បាត/តោន កាលពីឆ្នាំំមុន។ ​​

លោក ​Chukiart បាន​បន្តទៀតថា​ ការផ្គត់ផ្គង់នៅលើទីផ្សារសកលនឹង​កើនឡើងបន្ថែមទៀត ដែល​ធ្វើឱ្យ​ការប្រកួតប្រជែងកាន់តែខ្លាំង ដែលអាចធ្វើឱ្យតម្លៃអង្ករអន្តរជាតិ​បន្តធ្លាក់ចុះ ចំពេលដែលឥណ្ឌូណេស៊ី និងហ្វីលីពីន កាត់បន្ថយ ឬបិទការនាំចូលអង្ករ។ ការធ្លាក់ចុះនេះ នឹង​ប៉ះពាល់ដល់បណ្ដាប្រទេសនាំចេញអង្ករធំៗ រួមទាំងវៀតណាម ជាដើម៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម