Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ RBC ថ្ងៃនេះ យោធាកម្ពុជា-ថៃ បញ្ជាក់ពីការរួមគ្នាខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី

បានផុស

នៅ

ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ភាគីយោធាកម្ពុជានិងថៃ បានបញ្ជាក់ឡើងវិញពីការបន្តរួមគ្នាខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ធ្វើយ៉ាងណាបញ្ចៀសការប៉ះទង្គិចគ្នាដោយប្រដាប់អវុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរប​ស់ក្រសួងការពារជាតិ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានចាប់ផ្តើមនៅម៉ោង១០៖៣០នាទីព្រឹកថ្ងៃនេះ បានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖២០នាទីព្រឹក។

នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។

ភាគីទាំងពីរ ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ នេះយោងតាមខ្លឹមសារនៃសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាដដែល។

គួរជម្រាបថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហានេះបានប្រព្រឹត្តទៅដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងភាគីថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត។

កិច្ចប្រជុំវិសាមញ្ញនេះ គឺធ្វើឡើងក្រោយកិច្ចប្រជុំ​ថ្នាក់​លេខាធិការដ្ឋាននៃគណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ (RBC) ដែលបាន​ប្រព្រឹត្តទៅកាលពីម្សិលមិញ ថ្ងៃទី២៤ ខែសីហានោះ ហើយការបន្តកិច្ចប្រជុំជាវិសាមញ្ញ នាព្រឹកថ្ងៃនេះ ក៏ជាកិច្ចប្រជុំលើកទី៣សម្រាប់គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​កម្ពុជា​-​ថៃ។ ក្នុងនោះលើកទី១ រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការដ្ឋានការងារច័ន្ទបុរី-ត្រាត របស់ថៃ កាលពីថ្ងៃទី១៦ ខែសីហា និងជាលើកទី២ កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៥ របស់​កម្ពុជា​ និងយោធភូមិភាទី១ របស់​ថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម