Connect with us

ព័ត៌មានជាតិ

ថវិកា ៩០ លាន​រៀល​ ផ្តល់​លើកទឹកចិត្តកងកម្លាំង មន្ត្រីសុខាភិបាល និងកន្លែងផ្ញើកង់ម៉ូតូតាម​មណ្ឌលប្រឡង​​នៅភ្នំពេញ

បានផុស

នៅ

នៅក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល ២ ថ្ងៃកន្លងទៅនេះ លោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភជាថវិកាប្រមាណ ៩០ លានរៀល ដើម្បីលើកទឹកដល់កងកម្លាំងមន្ត្រីសុខាភិបាល និងកន្លែងផ្ញើកង់ម៉ូតូដែលបានការពារ ព្យាបាលសង្គ្រោះបឋម និងយាមកង់ម៉ូតូនៅតាមមណ្ឌលប្រឡងទាំង ៣៥ នៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរបាយការណ៍ផ្ញើជូនលោកបណ្ឌិត សភាចារ្យ ហង់ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួអប់រំយុវជននិងកីឡាកាលពីថ្ងៃទី ២៩ សីហា លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានឱ្យដឹងថា « ដូចបណ្តាឆ្នាំមុនៗដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ បានជួយឧបត្ថម្ភជាថវិកាក្នុងដំណើរការប្រឡងដល់កងកម្លាំងការពារមណ្ឌលប្រឡង ឧបត្ថម្ភលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល និង ផ្តល់ថវិកាសម្រាប់កន្លែងផ្ញើមធ្យោបាយធ្វើដំណើររបស់បេក្ខជនតាមមណ្ឌលប្រឡងនីមួយៗ ដោយមិនតម្រូវឱ្យបេក្ខជនចំណាយថវិកាលើសេវាផ្ញើមធ្យោបាយធ្វើដំណើរឡើយ»។

លោក ប្រធានមន្ទីរបានបន្តថា ថវិកាដែលបានឧបត្ថម្ភសរុបចំនួន ៩០ លានរៀល ត្រូវបានបែងចែកទៅលើកងកម្លាំងការពារមណ្ឌលសំណេរចំនួន ៣៥ លានរៀលដោយ ១ មណ្ឌលផ្តល់ ១ លានរៀល។ កងកម្លាំងការពារមណ្ឌលកំណែចំនួន ១៣,២០០,០០០ រៀលដោយក្នុង ១ មណ្ឌលផ្តល់ ១ លានរៀល។ កន្លែងរក្សាទុកវិញ្ញាសា ៣៥ លាន រៀលដោយ ១ មណ្ឌលផ្តល់ ១ លាន ២ សែនរៀល។

មន្ត្រីសុខាភិបាល ៥,៦០០,០០០ រៀលដោយគ្រូពេទ្យ ១ នាក់ផ្តល់ ៨ ម៉ឺនរៀលក្នុង ១ មណ្ឌលដាក់គ្រូពេទ្យ ២ នាក់និងកន្លែងផ្ញើកង់-ម៉ូតូ ៣៥ លានរៀលដោយក្នុង ១ មណ្ឌលផ្តល់ ១ លានរៀល។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ឆ្នាំនេះមណ្ឌលប្រឡងរាជធានីភ្នំពេញ មានបេក្ខជនដាក់ពាក្យប្រឡងចំនួន ២៧ ៨៨៤ នាក់ចែកជា ៣៥ មណ្ឌលត្រូវជា ១ ១៣៥ បន្ទប់ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ១០ ៣៤០ នាក់ចែកជា ១៤ មណ្ឌលស្មើនឹង ៤១៨ បន្ទប់ និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន ១៧ ៨២៥ នាក់ចែកជា ២១ មណ្ឌលត្រូវជា ៧១៧ បន្ទប់មានការកើនឡើង ខណៈឆ្នាំមុនមានបេក្ខជនដាក់ពាក្យប្រឡង ២៥ ៧៣៩ នាក់ចែកជា ៣២ មណ្ឌលត្រូវជា ១០៣៧ បន្ទប់ ។

ក្នុងនោះមានបេក្ខជន និងគណៈមេប្រយោគអវត្តមានចំនួន ៦៥៦ នាក់ក្នុងនោះបេក្ខជនអវត្តមាន ៦៥៤ នាក់ និងគណៈមេប្រយោគអតវត្តមាន ២ នាក់។

សម្រាប់ដំណើរការការប្រឡងរយៈពេល ២ ថ្ងៃស្ថានភាពនៅតាមមណ្ឌលប្រឡងនីមួយៗគឺមានសភាពស្ងប់ស្ងាត់​ដោយ​គណៈមេប្រយោគបានអនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួនបានល្អប្រសើរ។ រីឯបេក្ខជនប្រឡងបានគោរពបទបញ្ជាផ្ទៃក្នុង​ស្តីពីការប្រឡងបានល្អ។ នៅខាងក្រៅមណ្ឌល កងកម្លាំងការពារអនុវត្តតួនាទីបានល្អប្រសើរ មានកងកម្លាំងការពារមណ្ឌល​គ្រប់គ្រាន់ព្រមទាំងអាជីវកម្មជុំវិញមណ្ឌលប្រឡងត្រូវបានផ្អាកទាំងស្រុង ជាពិសេសអាជីវកម្មថតចម្លង អាជីវកម្មដែលបង្កសំឡេងរំខានដល់ការប្រឡងឡើយ។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់រាជធានីខេត្ត ទូទាំងប្រទេស ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម