ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ដំណើរការស្រង់បូកពិន្ទុសន្លឹកកិច្ចការប្រឡង ប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២១ តុលា នេះថា ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប បានប្រព្រឹត្តិទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកស្រីបានបន្តថា ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងបាក់ឌុប បានចាប់ផ្ដើមពីថ្ងៃទី ១៨ តុលា ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនត្រូវបានបញ្ចប់កាលពីថ្ងៃទី ១៧ ខែតុលា ដោយជោគជ័យ។
លោកស្រីបានបន្តទៀតថា ដំណើរការស្រង់បូកពិន្ទុប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងប្រកបដោយការយកចិត្តទុកដាក់ស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាភាពស្ងប់ស្ងាត់ល្អ។

លោកស្រីបានបន្ថែមថា ក្នុងដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុនេះដែរ ក៏មានការសហការចូលរួមយ៉ាងជិតស្និទ្ធពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយនៅក្នុងដំណើរការនេះគឺសមាជិកនានានឹងមិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទទេ លើកលែងតែគណៈមេប្រយោគទូទាំងប្រទេសដែលមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ និងមានការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់នានាសម្រាប់ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ប្រកបដោយតម្លាភាព និងយុត្តិធម៌ផងដែរ។
លោកស្រីបានឱ្យដឹងថា លើសពីនេះទៀត ដើម្បីរក្សាភាពសុក្រឹត ក៏ដូចជាតម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជនគឺការសម្រង់ពិន្ទុបេក្ខជនដែលទទួលបានពីមណ្ឌលប្រឡងនីមួយៗ គឺពុំមានសញ្ញាសម្គាល់ណាមួយបញ្ជាក់ថា មណ្ឌលណាមួយនោះទេ ហើយនៅពេលដែលយើងបញ្ចូលក្នុងបន្ទប់បូកស្រង់ គឺមានន័យថាការីកុំព្យូទ័រ នឹងបញ្ចូលពិន្ទុចូលក្នុងកុំព្យូរទ័រតាមរយៈការស្កែនបាកូដមាននៅលើសន្លឹកចូលទូក្នុងប្រព័ន្ធ ហើយនៅក្នុងការបញ្ចូលនោះគាត់ក៏មិនអាចដឹងថាស្ថិតនៅក្នុងមណ្ឌលណាមួយនោះដែរ។

លោកស្រីបានឱ្យដឹងទៀតថា «ក្រោយការធ្វើបញ្ចូលរួចរាល់ នឹងមានក្រុមការងារមួយដោយឡែកទៀតធ្វើការផ្ទៀងផ្ទាត់រវាងសន្លឹកកិច្ចការដែលបញ្ជូនមកជាមួយនឹងសន្លឹកកិច្ចការសន្លឹកពិន្ទុដែលព្រីនចេញដែលបញ្ចូលពិន្ទុរួចក្នុងករណីយើងមើលឃើញពីភាពមិនប្រក្រតីពិន្ទុមិនដូចណាមួយយើងនឹងធ្វើការកែតម្រូវរហូតដល់មានភាពសុក្រឹត និងទទួលយកបាន»។
គួរបញ្ជាក់ថា ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងបាក់ឌុបរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៨ និង ទី ៩ តុលា ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០ នាក់ (ស្រី៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់(ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧ នាក់) ចែកជា ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបនៅពេលរសៀលនៅថ្ងៃទី ៣០ តុលា សម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងមណ្ឌលប្រឡងខេត្តកណ្តាល និងនៅថ្ងៃទី ៣១ តុលា សម្រាប់ខេត្តផ្សេងៗ នៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន


-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៩ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


