Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ ព្រះសង្ឃ និងពលរដ្ឋខេត្តតាកែវ ជួប​ជុំ​ប្រារព្ធ​ពិធី​ដង្ហែ​ធម្មយាត្រា​សន្តិភាព

បានផុស

នៅ

តាកែវ ៖ មន្រ្តីរាជការ ព្រះសង្ឈ សិស្សានុសិស្ស និង​បងប្អូនប្រជាពលរដ្ឋជាង១ម៉ឺននាក់ នៅក្នុងខេត្តតាកែវ នៅព្រឹកថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបជុំគ្នានៅក្នុងក្រុងដូនកែវ ដើម្បី​ធ្វើ​ការ​ដង្ហែធម្មយាត្រាសន្តិភាព និងទាមទារ​ឱ្យដោះលែងកងទ័ព ១៨នាក់ ដែលសៀមបានចាប់ខ្លួន​យក​ទៅដោយខុសច្បាប់ ក្រោយពីមានបទឈប់បាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ដែលបានដឹកនាំក្បួនដង្ហែធម្មយាត្រា បានថ្លែងឱ្យដឹងថា ការ​ជួបជុំគ្នាធ្វើធម្មយាត្រានៅថ្ងៃនេះ បានបង្ហាញឲ្យឃើញនូវស្មារតីស្នេហាជាតិ សាមគ្គី ឯកភាពជាតិរបស់បងប្អូន ប្រជាពលរដ្ឋមហាគ្រួសារអ្នកខេត្តតាកែវទាំងអស់ ជាពិសេស គឺបង្ហាញឱ្យឃើញពីស្មារតីជាតិនិយមពីសមរភូមិក្រោយ ក្នុង​ន័យ​ផ្តល់​កម្លាំង​ចិត្តនិងជំនឿជឿជាក់ឥតងាករេ លើរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តតាកែវទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​យន្តការដោះស្រាយ បញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង តំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ។

ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី បានធ្វើឡើងដើម្បីបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ គឺស្រឡាញ់សន្តិភាព, ចង់ឃើញប្រទេសអភិវឌ្ឍរីកចម្រើន គឺមិនត្រូវការសង្គ្រាមឡើយ។

នៅក្នុងឱកាស់នោះ លោកអភិបាលខេត្តតាកែវ បានកោតសរសើរដល់ វីរកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុការពារបូរណភាពទឹក ដីឱ្យបានគង់វង្សនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធាធិបតីអាមេរិក ដូ ណាល់ត្រាំ ដែលបានផ្តួចផ្តើម និងជំរុញឱ្យមានបទឈប់បាញ់ ជាពិសេសលោកបានអំពាវនាវឲ្យមានដោះលែងកងទ័ពខ្មែរទាំង ១៨រូបដែលសៀមចាប់យកទៅ ដោយគ្មានលក្ខខណ្ឌ៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម