ព័ត៌មានជាតិ
សម្ដេចតេជោស្នើអាមេរិកជួយតាមដានទង្វើបំពានបទឈប់បាញ់របស់យោធាថៃ ដោយរាយបន្លាលួសចូលដីកម្ពុជា
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីព្រួយបារម្ភចំពោះការរំលោភបទឈប់បាញ់របស់យោធាថៃ តាមរយៈបន្តសកម្មភាពពង្រាយបន្លាលួសចូលដីកម្ពុជា។ ទង្វើបំពានលើបទឈប់បាញ់នេះ សម្ដេចតេជោ បានស្នើឱ្យសហរដ្ឋអាមេរិកជួយបន្តតាមដានលើសកម្មភាពដែលបង្កឡើងដោយយោធាថៃពេលនេះ។

ការលើកឡើងរបស់សម្តេចតេជោ គឺបានធ្វើឡើងនៅក្នុងពេលទទួលជួបលោកស្រី Bridgette L.Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី Bridgette L.Walker បានជជែកគ្នាលើការវិវត្តចុងក្រោយនៃសភាពការណ៍ជម្លោះព្រំដែនកម្ពុជា និងថៃ បន្ទាប់ពីមានបទឈប់បាញ់នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

តាមការថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចពីតួនាទីដ៏សំខាន់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានរួមចំណែកឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយសម្ដេចលើកឡើងថា បទឈប់បាញ់នេះមិនអាចកើតមានឡើយ បើគ្មានការចូលរួមពីសំណាក់លោក ដូណាល់ ត្រាំ។
ន័យនេះ សម្តេចតេជោ បានសម្ដែងការអរគុណចំពោះសហរដ្ឋអាមេរិក ដែលបានចាត់វិធានការទាន់ពេលវេលាលើជម្លោះរវាងកម្ពុជា-ថៃ ហើយបទឈប់បាញ់ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក សម្ដេចតេជោ ថា បានជួយស្រោចស្រង់ជីវិតទាហាន និងប្រជាពលរដ្ឋនៃប្រទេសទាំងសងខាង រាប់ម៉ឺននាក់ដែលរងគ្រោះក្នុងសង្គ្រាមនេះ។

តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានបង្ហាញក្ដីបារម្ភចំពោះការវិវឌ្ឍស្ថានការណ៍ចុងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ពិសេសសកម្មភាពបំពានកិច្ចព្រមព្រៀងឈប់បាញ់ តាមរយៈការរាយបន្លាលួសតាមព្រំដែនពីសំណាក់យោធាថៃនៅតាមបន្ទាត់ព្រំដែន រហូតពង្រីកដល់តំបន់ភូមិដ្ឋានដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅតែម្ដង។
ចំពោះមុខបញ្ហានេះ សម្ដេចតេជោ តាមរយៈលោកស្រីភារធារីស្ថានទូតអាមេរិក បានស្នើសហរដ្ឋអាមេរិកបន្តយកចិត្តទុកដាក់តាមដានលើសកម្មភាពដ៏គឃ្លើនរបស់យោធាថៃពេលនេះ ដើម្បីធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់ពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

កម្ពុជាបានព្យាយាមអត់ធ្មត់សព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវបទឈប់បាញ់ ដោយសម្ដេចតេជោ បានប្រាប់លោកស្រីភារធារីស្ថានទូតអាមេរិកថា ជំហររបស់កម្ពុជា គឺចង់ឱ្យស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ អាចដោះស្រាយដោយសន្តិវិធី ហើយឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ក្នុងនាមជាប្រទេសជិតខាងគ្នា។
ឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ លោកស្រី Bridgette L.Walker បានបញ្ជាក់ថា រដ្ឋបាលសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការវិវត្តស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃ។

សហរដ្ឋអាមេរិក ពិសេសលោកប្រធានាធិបតី ត្រាំ បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណាឱ្យស្ថានការណ៍ព្រំដែនប្រទេសទាំងពីរ វិលទៅរកភាពល្អប្រសើរឡើងវិញ ជាពិសេសចង់ឃើញសន្តិភាពកើតមានឡើងរវាងកម្ពុជា និងថៃ។ លោកស្រី Bridgette L.Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិក គូសបញ្ជាក់ដូច្នេះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


