Connect with us

ព័ត៌មានជាតិ

ក្រោយបើកការស៊ើបអង្កេតជិត១០ថ្ងៃ ACU អះអាងថាវិញ្ញាសាគណិតវិទ្យាមិនមានបែកធ្លាយមុនម៉ោងប្រឡងបាក់ឌុប

បានផុស

នៅ

បន្ទាប់ពីបើកការស៊ើបអង្កេតអស់រយៈពេលជិត១០ថ្ងៃ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា​ ពុំមានការបែកធ្លាយវិញ្ញាសាគណិតវិទ្យានៅមុនពេលប្រឡងបាក់ឌុប ឬអំឡុងពេលប្រឡងឡើយ។ ចំណែកវិញ្ញាសាគណិតវិទ្យាដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនោះថា ដូចទៅនឹងវិញ្ញាសាប្រឡងចន្លោះពី ៨០ ទៅ១០០ % នោះទៀតសោត ធ្វើឡើងក្រោយបញ្ចប់ការប្រឡងប៉ុណ្ណោះ។ នេះបើយោងតាមលទ្ធផលស្រាវជ្រាវដែលដឹកនាំដោយ អនុប្រធានទី ១ អង្គភាពប្រឆាំងអំពើពុករលួយលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ចុះថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ACU អះអាងថា ទាំងក្នុងដំណាក់កាលតាក់តែង បោះពុម្ព ថតចម្លង វេចខ្ចប់ ដំណាក់កាលដឹកជញ្ជូនហិបវិញ្ញាសា រហូតដល់កាត់ស្រោមសំបុត្រវិញ្ញាសាពុំមានការបែកធ្លាយនោះទេ។ បានសេចក្តីថា ឆ្នាំនេះវិញ្ញាសាគណិតវិទ្យាដែលបានបង្ហោះក៏សុទ្ធតែក្រោយម៉ោងប្រឡង ហើយរូបវិញ្ញាសាដែលដូចបេះបិទទៅនឹងវិញ្ញាសាគណិតវិទ្យា ១០០% ជារូបដែលបត់ជា ៤ រួចហើយ ទើបលាយកមកថត អាចកើតមានតែនៅក្រោយការប្រឡងរួចប៉ុណ្ណោះ។

ACU បញ្ជាក់ថា៖«រាល់វិញ្ញាសាគណិតវិទ្យាដែលបានបង្ហោះតាំងពីរូបវិញ្ញាសាដូចគ្នា ៨០% (រូបវាយឡើងវិញ) រហូតដូច ១០០% សុទ្ធតែបានបង្ហោះ ក្រោយម៉ោងប្រឡងទាំងអស់។ រីឯការបង្ហោះផ្សេងទៀតនាំឱ្យសង្ស័យថា មានលេចធ្លាយវិញ្ញាសាគណិតវិទ្យា ដូចជាការបង្ហោះចម្លើយវិញ្ញាសាគណិតវិទ្យា មានពេលវេលាដែលពុំទាន់មានមូលដ្ឋានជឿជាក់បាន»។

បើតាម ACU រាល់ពេលធ្វើវិញ្ញាសាគណិតវិទ្យាចប់ហើយ (ទោះបីអ្នកធ្វើចប់មុនម៉ោង ក៏មិនទាន់អាចចេញពីថ្នាក់បានឡើយ) នោះ គឺជាការប្រមូលសន្លឹកវិញ្ញាសាគណិតវិទ្យាត្រឡប់មកវិញ។ យ៉ាងណាមិញ ACU សន្និដ្ឋានថា ទោះបីជា បុគ្គលិកអប់រំបានយកចិត្តទុកដាក់ដើម្បីធ្វើការប្រមូលសន្លឹកវិញ្ញាសាមកវិញក៏ដោយ គឺប្រហែលអាចមានបេក្ខជនណាម្នាក់លួចបត់រក្សាទុកវិញ្ញាសា១សន្លឹក គឺប្រហែលអាចកើតមាន។  ACU បញ្ជាក់ថា៖«ជាក់ស្តែងដូច​ឆ្នាំមុន មានខេត្តចំនួន២ បានប្រមូលសន្លឹកវិញ្ញាសាគណិតវិទ្យាពីបេក្ខជនមកវិញ ខ្វះក្នុង ១ មណ្ឌល ១ នាក់ (២ ករណី ក្នុងចំណោមបេក្ខជនប្រឡងជាង ១៤ម៉ឺននាក់»។

ជាមួយគ្នានេះ ACU ស្នើឱ្យជឿជាក់លើ ក្រសួងអប់រំ យុវជន និងកីឡា ហើយបេក្ខជនទាំងអស់ដែលបានប្រឡងជាប់បាក់ឌុបរួចមកហើយ ក៏ដូចជានឹងត្រូវទទួលលទ្ធផលជាប់ពេលប្រកាសនាពេលដ៏ខ្លីខាងមុខ ទោះបី និទ្ទេស A ក្តី និទ្ទេស E ក្តី គឺពិតជាសក្តិសមនឹងជាប់ដោយសមត្ថភាពរបស់ខ្លួនពិតប្រាកដមែន។ ការប្រកាសលទ្ធផលទូទាំងប្រទេស នឹងធ្វើឡើងនៅថ្ងៃទី​២០ ខែកញ្ញា​ខាងមុខនេះ។

ទម្រង់ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺជាការកែទម្រង់មួយស៊ីជម្រៅដល់ឬសគល់ ហើយបើកទូលំទូលាយពេញផ្ទៃប្រទេស ដោយបានផ្តើមឡើងកាលពីឆ្នាំ ២០១៤ ដែលមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។

រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែពង្រឹងការកែទម្រង់ផ្នត់គំនិតសង្គមមួយទាំងមូលនេះ ទាំងការគិតរបស់សិស្ស របស់ឪពុកម្តាយ អាណាព្យាបាលសិស្ស គ្រូបង្រៀន និងមន្ត្រីរាជការ ព្រមទាំងប្រជាជនទាំងមូល ដែលចាប់យកការខិតខំរៀនសូត្រឱ្យចេះទើបបានជាប់ដោយពេញសមត្ថភាព និងពេញកិត្តិយស។ ACU សង្កត់ធ្ងន់ថា ចំពោះសកម្មភាពមិនសម និងមិនមានតម្លភាព ដូចជាមធ្យោបាយប្រើលុយកាក់ ការស្គាល់គ្នា ការលួចចម្លងគ្នា ការលួចកែពិន្ទុ ការបែកធ្លាយវិញ្ញាសាដែលធ្លាប់មានពីមុនមកត្រូវបានជីកកប់បាត់ទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម