Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាជំរុញ​ BRICS ដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មជាមួយខ្លួន

បានផុស

នៅ

ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ បានអំពាវនាវដល់សមាជិកនៃសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច BRICS ដូចគ្នា ឱ្យកាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្មរបស់ពួកគេជាមួយ​ឥណ្ឌា ខណៈ​ប្លុកនេះ​កំពុងរួបរួមគ្នាក្នុងការប្រឆាំងនឹងពន្ធរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។​ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងកិច្ចប្រជុំកំពូល​តាមអនឡាញ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក​ S. Jaishankar បាននិយាយថា៖ «ឱនភាពពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេស(ឥណ្ឌា) គឺជាមួយដៃគូ BRICS»។

ការថ្លែងរបស់លោក Jaishankar ធ្វើឡើងត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ក្រោយ​លោក ណារិនដ្រា មូឌី ចូលរួម​កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងប្រទេសចិន ដោយ​ត្រូវគេមើលឃើញថាជាសញ្ញានៃការជំរុញទំនាក់ទំនង​ជាមួយ​ចិន ​ក្រោម​សម្ពាធរបស់សហរដ្ឋអាមេរិក។

BRICS ដែលមាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងជាសមាជិកសំខាន់ៗ ​កន្លងមកបាន​រងការចោទប្រកាន់ពីលោក ត្រាំ ថា បម្រើគោលនយោបាយប្រឆាំងអាមេរិក​។

សម្ដីរបស់ឥណ្ឌាលើកនេះ ហាក់ដូចជាប្រទាញប្រទង់គ្នាទៅនឹង​អ្វីដែល​ប្រេស៊ីល ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ BRICS បានចោទប្រកាន់អាមេរិកថា «ជំរិតបង្ខំ» គេឯង។ ឥណ្ឌា និងប្រេស៊ីល បច្ចុប្បន្នជាសមាជិកប្លុក ដែលរងពន្ធរបស់លោក ត្រាំ រហូតដល់ ៥០ ភាគរយ។

មុនបន្ថែមពន្ធលើឥណ្ឌា ២៥ ភាគរយ ចំពោះការទិញប្រេងរុស្ស៊ី លោក ត្រាំ ដាក់ពន្ធលើ​ប្រទេសនេះ ២៥ ភាគរយ រួចហើយ​ ក្នុងបរិបទពន្ធបដិការដូចទៅនឹងប្រទេសជាច្រើនទូទាំងពិភពលោក​។ លោក​​សំអាង​លើ​ «ពាណិជ្ជកម្មមិនស្មើគ្នា» ដែលបង្កឱនភាពពាណិជ្ជកម្មសម្រាប់អាមេរិក។

ចិន​ដែលរង​សម្ពាធ​ដូចគ្នា បាន​ប្រឆាំងនឹង​ពន្ធ ត្រាំ ជាបន្តបន្ទាប់ ដោយ​ប្រធានាធិបតីចិន លោក ស៊ី ជីពីង កន្លងមកបាន​ព្រមានប្រឆាំងនឹង «អនុត្តរ​ភាព ឯកតោភាគីនិយម និងការការពារនិយម» ​ហើយ​និយាយថា «សង្រ្គាមពាណិជ្ជកម្ម និងសង្រ្គាមពន្ធ​ ដែលធ្វើឡើងដោយប្រទេសមួយចំនួន បានរំខានយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក និងធ្វើឱ្យខូចដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ»។ មេដឹកនាំចិនរូបនេះ ​បាន​ជំរុញឱ្យប្រទេសសមាជិក BRICS ​កាន់ដៃគ្នាក្នុងការជម្នះការគំរាមកំហែងទាំងនោះ។

អ្នកជំនាញលើកឡើងថា ឥណ្ឌា​មើល​ឃើញ BRICS ជា​គំនិត​ផ្ដួចផ្ដើម​សេដ្ឋកិច្ច​ជា​ចម្បង ខណៈ​ចិន និង​រុស្ស៊ី​ មើល​ឃើញវាជាប្លុក​ភូមិសាស្ត្រ​នយោបាយ។

គួរគូសបញ្ជាក់ថា ឥណ្ឌាមាន​ឱនភាព​ពាណិជ្ជកម្ម ៩៩,២ ប៊ីលាន​ដុល្លារ ជាមួយចិន គិតត្រឹមឆ្នាំសារពើពន្ធ ដែលបញ្ចប់នៅខែមីនា ២០២៥។ ឱនភាព​ពាណិជ្ជកម្មជាមួយរុស្ស៊ីវិញ ក៏ខ្ពស់ដែររហូតដល់ ៥៩ ប៊ីលាន​ដុល្លារ ដោយសារតែឥណ្ឌាទិញប្រេងរុស្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម