Connect with us

អត្ថាធិប្បាយ

បទវិភាគ៖ តើកម្ពុជា និងថៃ អាចបញ្ចប់ជម្លោះព្រំដែនបានដោយរបៀបណា?

បានផុស

នៅ

ជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ គឺជាជម្លោះដ៏តានតឹងបំផុតមួយក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពេលនេះបានឈានមកដល់បទឈប់បាញ់ដ៏ផុយស្រួយមួយ ដែលធ្វើឡើងតាមរយៈការសម្របសម្រួលជាអន្តរជាតិ ក្នុងនោះ មានការផ្ដួចផ្ដើមគំនិតពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ការចូលរួមសង្កេតការដោយប្រទេសចិន និងការដឹកនាំការចរចាបទឈប់បាញ់ដោយផ្ទាល់ពីប្រធានអាស៊ានប្ដូរវេន គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រម៉ាឡេស៊ី។ ភាពតានតឹងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានចាប់ផ្តើមនៅក្នុងខែឧសភា និងកាន់តែមានភាពខ្លាំងឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ ការប៉ះទង្គិចគ្នាដោយអាវុធដែលបង្កដោយជម្លោះព្រំដែនកម្ពុជា-ថៃឆ្នាំ២០២៥នេះ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ និងមានប្រជាជនរាប់សែននាក់ ត្រូវបានជម្លៀសចេញពីតំបន់ជម្លោះទៅកាន់ទីកន្លែងសុវត្ថិភាព។ ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាជម្លោះទឹកដីដែលចាក់ឫសយ៉ាងជ្រៅ និងបត់បែនតាមរលកនយោបាយផ្ទៃក្នុងនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដើមនៃជម្លោះព្រំដែនកម្ពុជា-ថៃ

ជម្លោះនេះ កើតចេញពីជម្លោះព្រំដែនដែលអូសបន្លាយជាយូរមកហើយលើតំបន់ក្បែរប្រាសាទព្រះវិហារ ដែលមានតាំងពីការកំណត់ព្រំដែនក្នុងសម័យអាណានិគមបារាំងមកម៉្លេះ។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមទាហានថៃបានបើកការបាញ់ប្រហារនៅតំបន់មុំបី ដែលជាចំណុចប្រសព្វនៃប្រទេទាំងបី គឺកម្ពុជា ឡាវ និងថៃ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ ហើយក៏បានបង្កើនភាពតានតឹងចាប់ពីពេលនោះមក។ នៅចុងខែមិថុនា ឆ្នាំ២០២៥ ប្រទេសទាំងពីរ បានពង្រឹងវត្តមានយោធានៅតាមព្រំដែនដែលមានជម្លោះជាង៨០០គីឡូម៉ែត្រ ជាមួយនឹងរបាយការណ៍នៃការផ្លោងដាក់គ្នាទៅវិញទៅមកនូវកាំភ្លើងធំ និងការវាយប្រហារតាមអាកាសពីភាគីថៃ ដែលបង្ហាញពីការកើនឡើងនូវអរិភាពយ៉ាងតានតឹងរវាងភាគីទាំងពីរ។

ក្នុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុករយៈពេល៥ថ្ងៃ ពីថ្ងៃទី២៤ ដល់ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីទាំងពីរបានប្រើប្រាស់អាវុធយុទ្ធភណ្ឌធុនស្រាល និងធ្ងន់ស្ទើរគ្រប់ប្រភេទបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក។ ជាពិសេស ប្រទេសថៃដែលជាអ្នកឈ្លានពាន និងចាប់ផ្ដើមបាញ់ប្រហារមកលើកម្ពុជាមុន និងជាប្រទេសមានភាពខ្លាំងខាងយោធា សព្វាវុធ និងយុទ្ធោបករណ៍ជាងកម្ពុជា បានប្រើយន្តហោះ F16 ដែលទិញពីសហរដ្ឋពាម៉េរិក យន្តហោះ Gripen jet ដែលទិញមកពីប្រទេសស៊ុយអែត យន្តហោះអត្តឃាតគ្មានមនុស្សបើក គ្រាប់បែកចង្កោម គ្រាប់បែកផ្សេងៗទៀត កាំភ្លើងត្បាល់១៥៥ មីលីម៉ែត្រ និងបាញ់ផ្សេងពុលចេញពីយន្តហោះផងដែរ។ ការវាយប្រហារយ៉ាងសាហាវរបស់យោធាថៃ បានឆ្លងដែនផុតពីទីតាំងយោធា ហើយបានរាលដាលដល់ទីតាំងស៊ីវិល ដូចជា ប្រាសាទបុរាណ វត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្សារ ស្ពាន ផ្លូវថ្នល់ និងផ្ទះសម្បែងរបស់ជនស៊ីវិល ជាដើម ដែលបានបង្កឱ្យមានការខូចខាតយ៉ាងដំណំ។    

ការកើនឡើងនៃភាពតានតឹង និងការឆ្លើយតបជាអន្តរជាតិ

ស្ថានភាពតានតឹងនេះ បានឈានដល់ចំណុចខ្លាំងបំផុតក្នុងខែកក្កដា ដោយភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានចាប់ផ្តើមបង្កការវាយប្រហារមុន។ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ខណៈប្រទេសថៃបានច្រានចោលយុត្តាធិការរបស់ ICJ ដោយតស៊ូមតិឱ្យមានការចរចាទ្វេភាគី។ ទោះបីជាមានគំនិតផ្ដួចផ្ដើមឱ្យមានកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏ភាគីទាំងពីរនៅតែបន្តប្រយុទ្ធគ្នាដែលនាំឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ និងប្រជាជនជាច្រើនសែននាក់ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។ តួអង្គអន្តរជាតិនានា រួមមាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាម៉េរិក ចិន និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន បានផ្តល់ការសម្រុះសម្រួល ប៉ុន្តែ ប្រទេសថៃបានទទូចឱ្យដោះស្រាយបញ្ហាជាទ្វេភាគី។ ក្រៅពីនេះ ក៏មានប្រទេសមួយចំនួនទៀតបានសម្ដែងការព្រួយបារម្ភ និងសំណូមពរឱ្យប្រទេសទាំងពីរកម្ពុជា និងថៃឆាប់រកដំណោះស្រាយដោយសន្តិវិធីដើម្បីឈានទៅរកប្រក្រតីភាពនៃទំនាក់ទំងរបស់ខ្លួនវិញ។

កិច្ចព្រមព្រៀងឈប់បាញ់ និងការអនុវត្ត

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីការចរចាដ៏តានតឹង ប្រទេសទាំងពីរបានយល់ព្រមបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ដែលមានប្រសិទ្ធភាពនៅពាក់កណ្តាលអធ្រាត្រនាថ្ងៃដដែលនេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយមានការចូលរួមសង្កេតការណ៍ពីតំណាងសហរដ្ឋអាម៉េរិក និងចិន។ កិច្ចពិភាក្សាជាបន្តបន្ទាប់នៅទីក្រុងគូឡាឡាំពួ បាននាំឱ្យមានកិច្ចព្រមព្រៀង១៣ចំណុចដែលផ្តោតលើការបញ្ឈប់អរិភាព ការការពារជនស៊ីវិល និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកងកម្លាំងយោធានៃប្រទេសទាំងពីរ។

ទោះបីជាយ៉ាងក៏ដោយ ក៏ភាគីថៃមិនបានបង្ហាញសុច្ឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់នេះដែរ ពីព្រោះ ក្រោយពីបទឈប់បាញ់ចូលជាធរមាន ក្រៅពីចាប់ការជំរឹតកងទ័ពកម្ពុជាជាង២០យកទៅឃុំខ្លួនដោយខុសច្បាប់ យោធាថៃនៅតែបន្តរុលចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយឈូសឆាយធ្វើផ្លូវ សង់លេណដ្ឋាន ស្រះលួសបន្លាព័ទ្ធយកដី និងផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងកាន់កាប់ និងរស់នៅដោយស្របច្បាប់តាំងពីយូរឆ្នាំមកហើយ និងវាយបំផ្លាញផ្ទះទាំងនោះ ព្រមទាំង បានប្រើជំពាវកៅស៊ូបាញ់មកលើកងទ័ពកម្ពុជា បាញ់ផ្សែងពុល ប្រើយន្តហោះគ្មានមនុស្សបើកហោះចូលក្នុងដែនអធិនតេយ្យកម្ពុជា និងព្យាយាមចង់ប្រើទឹកលាមកដើម្បីបាញ់មកលើប្រជាពលរដ្ឋខ្មែរដែលចេញមុខតវ៉ាជាមួយទាហានថៃដែលកំពុងរំលោភបំពានមកលើលំនៅដ្ឋានរបស់ពួកគេទៀតផង។

ទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ ក៏រាជរដ្ឋាភិបាល កងទ័ព អាជ្ញាធរ និងប្រជាជនកម្ពុជា នៅតែបន្តខិតខំអត់ធ្មត់មិនឆ្លើយតបដោយហិង្សា ដើម្បីរក្សាការប្ដេជ្ញាចិត្តក្នុងការអនុវត្តបទឈប់បាញ់ឱ្យបាន១០០ភាគរយ។ ការខិតខំអត់ធ្មត់ខ្ពស់បែបនេះ ត្រូវបានសាធារណមតិមួយចំនួន ជាពិសេស ក្រុមប្រឆាំងបានរិះគន់កប់ៗមាត់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានសមត្ថភាពការពារជាតិ ប្រជាជន និងបូរណភាពទឹកដី ព្រមទាំង បានធ្វើសម្បទានទឹកដីមួយផ្នែដើម្បីរក្សាអំណាចរបស់ខ្លួន ជាដើម។    

ផ្លូវទៅកាន់សន្តិភាព និងបញ្ហាប្រឈមដែលកំពុងបន្ត

ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏ភាពតានតឹងនៅតែមានកម្រិតខ្ពស់។ ប្រទេសទាំងពីរ បានយល់ព្រមដាក់ពង្រាយអ្នកសង្កេតការណ៍អាស៊ាន ដើម្បីតាមដានស្ថានការណ៍ និងបានកំណត់ពេលសម្រាប់កិច្ចពិភាក្សាបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ក៏បញ្ហាដែលមិនអាចដោះស្រាយបាន ដូចជា ជោគវាសនារបស់ទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនដោយទាហានថៃ ការពង្រីកតំបន់ជម្លោះដោយភាគីថៃ និងភាពស្មុគស្មាញនៃជម្លោះតាមព្រំដែននៅតែបន្តបង្កបញ្ហាប្រឈមដល់សន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ជម្លោះនយោបាយផ្ទៃក្នុងរបស់ថៃ ចលនាជាតិនិយម វោហាសាស្ត្រនយោបាយ សង្គ្រាមការទូត សង្គ្រាមព័ត៌មាន និងសង្គ្រាមបណ្ដាញសង្គម នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក បើទោះបីជាសង្គ្រាមដោយអាវុធនៅសមរភូមិបានស្ងប់ស្ងាត់ទៅហើយក៏ដោយ។ សភាពធ្ងន់ធ្ងរបែបនេះ បានរារាំងយ៉ាងខ្លាំងដល់ការព្យាយាមស្ដារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សេចក្តីសន្និដ្ឋាន

ជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០២៥ បញ្ជាក់ពីភាពស្មុគស្មាញនៃជម្លោះទឹកដីជាប្រវត្តិសាស្ត្រ មោទនភាពជាតិ ចលនាជាតិនិយម និងភាពស្មុគស្មាញនៃនយោបាយផ្ទៃក្នុង។ ខណៈពេលដែលបទឈប់បាញ់តំណាងឱ្យជំហានឆ្ពោះទៅរកការបន្ថយកម្ដៅ ផ្លូវទៅកាន់សន្តិភាពយូរអង្វែង នឹងតម្រូវឱ្យមានការសន្ទនាប្រកបដោយនិរន្តរភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាសំខាន់ៗរវាងប្រទេសទាំងពីរ។

ខ្ញុំសង្ឃឹមថា លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ ដែលឡើងមកជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងកាលពីសប្ដាហ៍មុន នឹងផ្លាស់ប្ដូរគោលជំហរខុសពីនាយករដ្ឋមន្ត្រីមុន ជាពិសេស អាចសម្របសម្រួលជាមួយពួកយោធាដើម្បីធ្វើឱ្យស្ថានការណ៍វិលត្រឡប់មករកការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមយន្តការផ្សេងៗដែលមានការយល់ព្រមដោយភាគីទាំងពីរ។

នៅថ្ងៃទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានព្រះរាជបញ្ជាតែងតាំងលោកជានាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានថ្លែងពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដោយលោកបានបញ្ជាក់ថា «ចំពោះបញ្ហាសន្តិសុខនាពេលនេះ រដ្ឋាភិបាលរបស់ខ្ញុំនឹងចាប់ផ្តើមអនុវត្តវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ តាមរយៈសន្តិវិធី ដើម្បីកាត់បន្ថយការបាត់បង់ និងទុក្ខលំបាករបស់ប្រជាជននៃប្រទេសទាំងពីរ។ លោក Anutin បន្ថែមថា «ទោះជាយ៉ាងនេះក្តី ថៃត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ថា យើងនឹងមិនបោះបង់ចោលទឹកដីរបស់យើងឡើយ សូម្បីតែមួយសង់ទីម៉ែត្រការ៉េ។ ប្រជាជនថៃមិនត្រូវជួបការលំបាក ហើយត្រូវតែអាចរស់នៅដោយសន្តិភាព»។

ជាមួយគ្នានេះ លោក Sihasak Phuangketkeow ដែលសន្មត់ថាជារដ្ឋមន្ត្រីការបរទេសថៃ បាននិយាយបន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រី Anutin នៅទីស្នាក់ការគណបក្ស Bhumjaithai ថា នាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយគាត់អំពីការដោះស្រាយបញ្ហាដោយសន្តិវិធី ខណៈពេលដែលរក្សាបានពេញលេញនូវអធិបតេយ្យភាពរបស់ប្រទេសថៃ។ លោកបានបញ្ជាក់ថា នេះជាវិធីសាស្ត្ររបស់ពួកគេ ប៉ុន្តែបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

បន្តិចក្រោយមក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើលិខិតអបអរសាទរដល់លោក Anutin ក្នុងតួនាទីថ្មីរបស់លោក។ ក្នុងលិខិតនោះ សម្តេចបានមានប្រសាសន៍ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នក ដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជានិងថៃឱ្យមានភាពប្រក្រតីឡើងវិញ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងប្រែក្លាយព្រំដែនរួមរបស់យើងរវាងនគរទាំងពីរឱ្យទៅជាសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងវិបុលភាពរួមគ្នា»។

យោងតាមការប្រែប្រួលរបត់នយោបាយថ្មីបំផុតរបស់ប្រទេសទាំងពីរនេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទំនាស់ព្រំដែននិងភាពតាមតឹងរវាងកម្ពុជានិងថៃ អាចនឹងឈានទៅរកផ្លូវបញ្ចប់បាន ហើយវាក៏អាចជាមូលដ្ឋានក្នុងការបន្តរិះរកមធ្យាបាយនានាដើម្បីឈានទៅបញ្ចប់ការដោះស្រាយវិវាទនិងការបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃទាំងស្រុងក្នុងពេលខាងមុខដើម្បីបិទបញ្ចប់ជម្លោះដ៏រ៉ាំរ៉ារវាងប្រទេសទាំងពីរដែលបានអូសបន្លាយរាប់រយឆ្នាំមកហើយ៕

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម