Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាលណែនាំឲ្យខេត្តជាប់ព្រំដែន​មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកញ្ជ្រឹល

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានណែនាំឱ្យមន្ត្រីសុខាភិបាលខេត្តជាប់ព្រំដែនយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកញ្ជ្រឹល ខណៈបច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងវិញគួរឱ្យព្រួយបារម្ភ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់ និងទទួលជំនួយម៉ាស៊ីនថតសួត ឌីជីថល មានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងរបស់សហរដ្ឋអាមេរិកដល់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិននៅថ្ងៃទី១២កញ្ញា លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្ពុជាបានលុបបំបាត់ជំងឺកញ្ជ្រឹលជាង១០ឆ្នាំមកហើយតែឥឡូវនេះជំងឺនេះបានរាតត្បាតឡើងវិញពិសេសនៅតាមព្រំដែនដែលរហូតមកដល់ពេលនេះមានជាង៣០០០ ករណីហើយដោយកើតទៅលើកុមារ និងមនុស្សចាស់។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា «យើងត្រូវប្រុងប្រយ័ត្នត្រូវការពារអ្វីខ្លះ។ ផលវិបាកជំងឺកញ្ជ្រឹលធ្វើឱ្យក្មេងពិការភ្នែក យើងកុំភ្លេចឱ្យវីតាមីនអា ហើយការព្យាបាលមានប្រូតាកូអស់ហើយ។ មានករណីមនុស្សចាស់កើតកញ្ជ្រឹលបញ្ជួនមកមន្ទីរពេទ្យថ្នាក់ជាតិធ្ងន់ក៏មាន និងស្រាលក៏មាន។ ខេត្តជាប់ព្រំដែនសូមប្រយ័ត្នព្រោះយើងចាក់វ៉ាក់សាំងបានខ្ពស់តែប្រទេសមិត្តភក្តិជិតខាងយើងអត់បានគ្របដណ្តប់ខ្ពស់ទេ ដូចនេះធ្វើឱ្យនាំចូលមកស្រុកយើងពិសេសក្មេងកំពុងរៀនតាមសាលាជាប់ព្រំដែនសូមយកចិត្តទុកដាក់»។

ក្រសួងសុខាភិបាលបានព្រមានពីការកើនឡើងវិញនូវជំងឺកញ្ជ្រឹលនៅតាមសាលារៀន និងខេត្តមួយចំនួនតាមព្រំដែនជាបន្ដបន្ទាប់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៤មកនេះ។ បន្ទាប់មកទៀតកាលពីថ្ងៃទី៣១ តុលា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធនាការផ្ដល់វ៉ាក់សាំងបន្ថែមបង្ការជំងឺកញ្ជ្រិល-ស្អូច ក្នុងក្របខណ្ឌទូទាំងប្រទេសដល់កុមារចន្លោះអាយុ៩ខែ ដល់ក្រោម៥ឆ្នាំ និងបន្តចាក់មកដល់ពេលបច្ចុប្បន្ននេះ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ពីជំងឺកញ្ជ្រឹល។

ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកញ្ជ្រឹល ក្រសួងសុខាភិបាលបានណែនាំឱ្យចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលចំនួន២ដងនៅវ័យកុមារភាព និងឱ្យអាណាព្យាបាលនាំកុមារអាយុចន្លោះពី៩ខែ ដល់៥៩ខែ ឬក្រោម៥ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល-ស្អូច ឱ្យបានគ្រប់ដូស។

គួរបញ្ជាក់ថា ជំងឺកញ្ជ្រឹល គឺជាជំងឺដែលងាយឆ្លងខ្លាំង និងអាចបង្កជាជំងឺធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យមានអាការៈគ្រុនក្ដៅ ឡើងកន្ទួល ក្អក និងភ្នែកក្រហម និងហូរទឹកភ្នែក។ ជំងឺនេះជាទូទៅគឺចម្លងតាមរយៈខ្យល់ បន្ទាប់ពីបុគ្គលដែលមានជំងឺកញ្ជ្រឹលក្អក ឬកណ្ដាស់។ រោគសញ្ញាជំងឺកញ្ជ្រឹលចាប់ផ្ដើមចេញក្នុងចន្លោះពីប្រាំពីរ ទៅ ២១ថ្ងៃ បន្ទាប់ពីការប៉ះពាល់នឹងជំងឺ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម