Connect with us

សេដ្ឋកិច្ច

ពិព័រណ៍ចិន-អាស៊ាន ជាឱកាសកម្ពុជាផ្សព្វផ្សាយផលិតផលសក្តានុពលរបស់ខ្លួនលើទីផ្សារអន្តរជាតិ

បានផុស

នៅ

ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌលពិព័រណ៍​ក្រុងណាននីង (NICEC) តំបន់​ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាឱកាស​ដែល​កម្ពុជា​អាច​ផ្សព្វផ្សាយ​ផលិតផល​សក្តានុពល​របស់ខ្លួននៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន ពង្រីកទីផ្សារនាំចេញទំនិញពីកម្ពុជា និង​ទាក់ទាញវិនិយោគិនបរទេស។

ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាដ៏ធំមួយដែលថ្នាក់ដឹកនាំកំពូលចិន-អាស៊ាន យកចិត្តទុកដាក់ខ្ពស់ និងបានមកជួបជុំគ្នាផ្លាស់ប្តូរបទពិសោធ ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ នយោបាយ ការទូត ទំនាក់ទំនងប្រជាជននិងប្រជាជន និង​វិស័យឯកជន។

ព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានផ្តល់ឱកាសដល់វិនិយោគិន ធុរជន ពាណិជ្ជករ និងអាជីវករ ជួបប្រាស្រ័យ​ទាក់ទង​គ្នា ស្វែងរក​ដៃគូសហការ និងសហប្រតិបត្តិការ ជាពិសេសសំដៅពង្រឹងភាពជាម្ចាស់នៃវិស័យឯកជន។

ជាក់ស្តែង ក្នុងឆ្នាំ២០២៥នេះ កម្ពុជា​ទទួល​បាន​នូវទីតាំងទំហំ ២០០០ម៉ែត្រក្រឡា សម្រាប់រៀបចំ​ស្តង់​ពាណិជ្ជកម្ម​ដាក់​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម របស់​ក្រុមហ៊ុន/សហគ្រាស សរុប​ចំនួន ៥៦ ស្មើនឹង ៩៣ ស្តង់ ដែលក្នុងនោះ មានផលិតផលកសិកម្មចំនួន ២២ ស្តង់, សេវាកម្ម និងគម្រោង​វិនិយោគចំនួន ២០ស្តង់, អាហារ និងភេសជ្ជៈចំនួន ៩ស្តង់, សិប្បកម្ម វត្ថុអនុស្សាវរីយ៍ ត្បូង និងគ្រឿងអលង្ការចំនួន ២២ស្តង់ និង​ប្រភេទ​ចម្រុះ​ផ្សេងៗចំនួន ២០ស្តង់ ដោយមានការចូលរួមជាច្រើនពីវិស័យឯកជន ដែល​បានធ្វើ​ឱ្យ​ចំនួនស្ដង់​ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា​នៅ​ក្នុងឆ្នាំ២០២៥ មានការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងឆ្នាំមុនៗ។

លោក​ វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បាន​​កោតសរសើរចំពោះក្រុមការងារក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និង​ខិតខំប្រឹងប្រែង​រៀបចំ​តាំងបង្ហាញផលិតផលរបស់ខ្មែរនាពេលនេះដោយជោគជ័យ។

លោក​ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏​បានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន វិនិយោគិន ធុរជន សមាគម ក្រុមហ៊ុន និង​សហគ្រាសនានា ពិសេសសហគ្រាសធុនតូច និងមធ្យម សូមបន្តជំរុញការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្មឱ្យបានកាន់តែច្រើន ដើម្បី​ម្ខាង​ជួយដល់​ពលរដ្ឋដោយផ្ទាល់ និង​ម្ខាងទៀត រួម​ចំណែក​គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់​ការ​ចូល​រួម​នៅ​ក្នុង​ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ឆ្នាំ២០២៥ នេះដែរ ក្រសួងពាណិជ្ជកម្ម​ក្នុង​នាមគណៈកម្មការរៀបចំ និង​ចូលរួមពិព័រណ៍ពិភពលោក និង​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ បាន​រៀប​ចំ​សាងសង់​ពន្លាជាតិ (Cambodia National Pavilion) ទំហំ ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តព្រះសីហនុ ជា​ទីក្រុង​ស្រស់ប្រិមប្រិយ ដើម្បី​បង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។

ការរចនាពន្លាជាតិកម្ពុជា​បាន​បំផុសគំនិត ដោយ​ជ្រើសរើស​ក្រុងព្រះសីហនុ​ជាទីក្រុងស្រស់ប្រិមប្រិយ និង​បាន​យក​សមុទ្រ និង​ទឹករលកជាគោល។

ក្នុង​នោះ​ប្លង់បាតនៃពន្លាជាតិកម្ពុជា ត្រូវ​បាន​រចនា​ឡើង​រួមមាន៖ ១. ច្រកចូល (ក្លោងទ្វាកណ្តាលរចនាបែបសហសម័យច្នៃចេញពីទឹករលក និងនាគ អមដោយនិម្មិតសញ្ញា Cambodia Kingdom of Wonder នៅផ្នែកខាងលើ, ស្លាបឆ្វេងបានរៀបចំជាប្រអប់ពន្លឺ Lightbox ដាក់​បញ្ជាំងរូប​ព្រះ​ថោង​តោង​ស្បៃនាងនាគ ដែលជានិមិត្តរូបនៃបុព្វការីរបស់ជនជាតិខ្មែរ ដោយបានផ្សារភ្ជាប់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់នៃប្រជាជាតិខ្មែរ និងជាទីតាំងទាក់ទាញភ្ញៀវទេសចរមួយនៅក្នុងខេត្តព្រះសីហនុ), បន្ត​ដោយ​ទិដ្ឋភាព​តំបន់​អភិរក្ស​ព្រៃ​កោងកាង និង​បាន​តុបតែង​ដោយ​ផ្កាថ្មចម្រុះ និងដើមកោងកាង, ស្លាប​ខាង​ស្តាំងផ្នែកខាងក្រៅបានដាក់តាំងបង្ហាញអំពីទិដ្ឋភាពឆ្នេរអូត្រិះដ៏ស្រស់ស្អាត ដែលមានឆ្នេខ្សាច់វែង និងសរក្បុស។

ទី២.ការដាក់តាំងបង្ហាញផលិតផល (រៀបចំកន្លែងដាក់តាំងផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្រ្ត ផលិត​ផល​សក្កានុពល​នាំចេញរបស់កម្ពុជាចំនួន១៧មុខ រួមមាន ១-សូត្រ, ២-ថាសប្រាក់, ៣-ប្រហុកម្សៅ, ៤-ស្វាយ​ចន្ទីរ, ៥-ក្រូចថ្លុងកោះទ្រុង, ៦-ទឹកឃ្មុំមណ្ឌលគិរី, ៧-ស្ករត្នោតកំពង់ស្ពឺ, ៨-ម្រេច​កំពត, ៩-ទឹកត្រី​កំពត-កែប, ១០-អំបិល​កំពត-កែប, ១១-អង្ករ​កម្ពុជា, ១២-ដំណាប់​ស្វាយ, ១៣-ទុរេន, ១៤-ក្តាម​ថ្ម​កោះកុង, ១៥-សំបុក​ត្រចៀក​កាំ, ១៦-បង្កង​តាកែវ, និង ១៧-អង្ករ​ម្លិះ​ក្រហម) នៅ​ក្នុង​ប្រអប់​រង្វង់​មាន​ភ្លើង​បំភ្លឺ​មាន​រាងជា​បង្អួច​កាប៉ាល់ (Sub-marine) អមដោយ QR Code សម្រាប់សេ្គនដើម្បីទទួលបានព័ត៌មានបន្ថែម​នៅស្លាប​ខាង​ឆ្វេង និង​ខាង​ស្តាំ​ផ្នែក​ខាងក្នុងពន្លាជាតិ, ទី៣.នៅចំកណ្តាលមានរៀបចំជាម៉ាកែតក្រុងព្រះសីហនុ និងកំពង់​ផែស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​បង្ហាញ​អំពី​សក្កានុពល​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងខេត្តព្រះសីហនុ (ចំពោះ​បាតក្រោមបានរៀបចំជាទិដ្ឋភាពបាតសមុទ្រ និងខ្សាច់) និង ទី៤ .ឆាកសម្តែង និង LED Screen៖ មានរៀប​ចំ​ជា​ឆាក​សម្រាប់​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ និង LED Screen សម្រាប់​បញ្ចាំង​វីដេអូ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ព្រះរាជាណាចក្រកម្ពុជា។

បន្ថែម​លើ​នេះ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំឱ្យមានការសម្តែងសិល្បៈ ដោយសិល្បៈករ-សិល្បៈការិនី មក​ពី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប់ជាប្រចាំជូនភ្ញៀវទស្សនា ដោយប្រភេទសម្តែងមាន ១០ របាំ រួមមាន របាំជូនពរ, របាំនេសាទ, របាំគោះត្រឡោក, សុវណ្ណមច្ឆា, របាំផ្លិត, របាំក្ងោកប៉ៃលិន, របាំក្រាប,  ឆៃយ៉ាំ, ភួងនារី, និងក្រម៉ា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម