ព័ត៌មានអន្ដរជាតិ
[វិចារណកថា] ក្រសែភ្នែកពលរដ្ឋកម្ពុជារងគ្រោះ កំពុងបាញ់ឆ្ពោះការធ្វើសមយុទ្ធកងទ័ពអាកាសថៃ និងចិន
ប្រជាជនកម្ពុជាដែលរងគ្រោះពីទង្វើឈ្លានពានរបស់យោធាថៃ ជាពិសេសកងទ័ពអាកាសថៃ ដែលប្រើប្រាស់យន្តហោះចម្បាំងទំនើបៗ ដូចជា F-16 និង Gripen បេះដូង និងស្មារតីរបស់ពួកគេហាក់បានញាប់ញ័រជាថ្មី នៅពេលដឹងថា កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLAAF) និងកងទ័ពអាកាសថៃ (RTAF) បានធ្វើសមយុទ្ធយោធារួមគ្នាដែលកើតឡើងមិនដល់២ខែនៃការឈ្លានពានរបស់កងទ័ពថៃមកលើប្រទេសកម្ពុជា។

ការធ្វើសមយុទ្ធរូមគ្នានេះត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃទី១៥កញ្ញា និងចាប់ផ្តើមធ្វើពីថ្ងៃទី១៨ដល់ថ្ងៃទី២៥ខែកញ្ញា ដែលធ្វើឲ្យប្រជាជនកម្ពុជាតក់ស្លុតជាថ្មី និងបានប្រតិកម្មបង្ហាញការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការបន្តកិច្ចសហប្រតិបត្តិការយោធាជាមួយកងទ័ពថៃដែលឈ្លានពានកម្ពុជាដ៏សាហាវបំផុតកាលពីពេលថ្មីៗនេះ ខណៈដែលចិនអះអាងពីការគាំទ្រកម្ពុជា និងជាមិត្តដែកថែបរបស់កម្ពុជាផងនោះ។
លំហាត់សមយុទ្ធយោធាអាកាសរួមគ្នា ដែលឲ្យឈ្មោះថា «Falcon Strike 2025» ដែលជាសមយុទ្ធប្រចាំឆ្នាំរបស់ទ័ពអាកាសថៃនិងចិន ធ្លាប់ធ្វើចាប់តាំងពីរឆ្នាំ២០១៥ ពោលគឺក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ក្រោយពីទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រកាលឆ្នាំ២០១៤។
សមយុទ្ធដែលឥឡូវនេះបានឈានដល់លើកទី៨ទៅហើយ និងក៏ធ្វើឡើង៤ឆ្នាំជាប់ៗគ្នាលើដីថៃ ត្រូវបានរៀបចំរួមគ្នារវាងកងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន (PLAAF) និងកងទ័ពអាកាសថៃ (RTAF) នៅក្នុងខេត្ត ឧដនថានី (Udon Thani) ស្ថិតនៅភាគនីរតីនៃប្រទេសថៃ ជិតព្រំដែននៃប្រទេសឡាវ។

អ្វីដែលធ្វើ់ឲ្យសមយុទ្ធយោធាអាកាសនៃប្រទេសទាំងពីរនៅឆ្នាំនេះហាក់មិនបានប្រព្រឹត្តទៅក្រោមបរិយាកាសដែលគួរឲ្យស្ញប់ស្ញែងដូចកាលពី៧លើកកន្លងទៅនោះ ក៏ព្រោះថា វាត្រូវបានរៀបចំឡើងក្រោមសម្រែកដ៏ឈឺចាប់នៃប្រជាជនកម្ពុជាដែលទើបរងគ្រោះដោយសារតែទង្វើឈ្លានពានរបស់កងទ័ពថៃ ដែលប្រើប្រាស់មធ្យោបាយវាយប្រហារដ៏សន្ធប់មកលើប្រទេសកម្ពុជា។
ការប៉ះទង្គិចដោយប្រដាប់អាវុធចន្លោះថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ដែលកងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំងសេរីទំនើប គឺ F-16 ផលិតនៅសហរដ្ឋអាមេរិក និងប្រភេទយន្តហោះចម្បាំង Gripen C/D ផលិតនៅប្រទេសស៊ុយអែត បានធ្វើឲ្យប្រជាជនកម្ពុជាឈឺចាប់ពីទង្វើឈ្លានពាន និងស្រេកឃ្លានទឹកដីរបស់ថៃ។
សម្រែកនៃការឈឺចាប់របស់ប្រជាជនកម្ពុជាបានឮយ៉ាងច្បាស់ដល់ប្រទេសមហាអំណាច ដោយសារតែកម្ពុជាទទួចចង់បានបទឈប់បាញ់ និងងាកទៅរកការចរចាសន្តិភាពដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីកាលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ ក្រោមការអង្កេតការណ៍របស់មហាអំណាចសហរដ្ឋអាមេរិក និងមហាអំណាចចិន។
បទឈប់បាញ់ដែលសម្រេចបានមិនដល់២ខែផង ក្រោមវត្តមានសាក្សីម្នាក់របស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ាឡេស៊ី លោក Ouyang Yujing ប្រជាជនកម្ពុជាបានទទួលដំណឹងដ៏រន្ធត់ និងតក់ស្លុតម្តងទៀត បន្ទាប់ពីដឹងថា កងទ័ពអាកាសចិននឹងធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពអាកាសថៃដើម្បីពង្រឹងទំនាក់ទំនងលើបញ្ហាបច្ចេកទេសផង និង លើបញ្ហាល្បិចកលប្រយុទ្ធផង។

ការពង្រឹងវិស័យយោធាទ័ពអាកាសរវាងចិននិងថៃនាពេលនេះ គឺហាក់រំឭកប្រជាជនកម្ពុជាដែលទើបឈឺចាប់ដោយសារតែការវាយប្រហាររបស់កងទ័ពថៃមកលើកងទ័ពកម្ពុជា ដោយប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារមកលើកងទ័ពកម្ពុជា ប្រាសាទព្រះវិហារដែលជាទីតាំងប្រវត្តិសាស្រ្តនិងសម្បត្តិមនុស្សជាតិ វត្តអារាម និងផ្ទះប្រជាជន។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ក្រសួងការពារជាតិនៃសាធារណៈរដ្ឋប្រជាមានិតចិនបានប្រកាសថា សមយុទ្ធនេះ «អំណោយផលដល់ការពង្រឹងសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងយោធាទាំងពីរ»។ យោងការផ្សាយរបស់ Defense Security Asia។
យន្តហោះចម្បាំងរបស់ចិនដែលនឹងត្រូវបញ្ជូនទៅចូលរួមសមយុទ្ធ រួមមានយន្តហោះចម្បាំង J-10C ចំនួន៦គ្រឿង យន្តហោះចម្បាំង J-11 ចំនួន២គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក JH-7 ចំនួន២គ្រឿង ខណៈដែលភាគីទ័ពអាកាសថៃ RTAF បញ្ជូនយន្តហោះចម្បាំងប្រភេទ Saab JAS 39 Gripen ចំនួន ៥គ្រឿង និងយន្តហោះវាយប្រហារធុនស្រាល Alpha Jet ចំនួន៤គ្រឿង។

សរុបមកប្រទេសចិនក្នុងនាមជាមិត្តភ័ក្រ្តល្អនិងជាមិត្តដែកថែបរបស់កម្ពុជាផងដែរ គួរណាស់តែពិចារណាឡើងវិញក្នុងការបន្ថយកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយប្រទេសថៃ ដើម្បីបង្ហាញដល់ប្រជាជនកម្ពុជាពីការគិតគួរ និងការព្យាបាលផ្លូវចិត្តដល់ប្រជាជនកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


