ព័ត៌មានជាតិ
កម្ពុជា បកស្បែកមុខថៃ ថាបានបំផ្លាញ«ប្រាសាទព្រះវិហារបេតិកភណ្ឌពិភពលោក»នៅសន្និសីទពិភពលោកយូណេស្កូ
នៅចំពោះមុខតំណាងមកពីជាង១០០ប្រទេស តំណាងរបស់កម្ពុជា លោក សួស យ៉ារ៉ា បានបកអាក្រាតពីទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់ថៃ ដែលបានបំផ្លិចបំផ្លាញប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក បំផ្លាញប្រវត្តិសាស្ត្ររួមរបស់មនុស្សជាតិ ក្នុងជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំកាលពីចុងខែកក្កដា កន្លងទៅ ទាំងដែលប្រាសាទនេះ ត្រូវបានតុលាការយុត្តិធម៌អន្តរជាតិសម្រេចចំនួន២ដងរួចមកហើយ ថាគឺជាកម្មសិទ្ធផ្ដាច់មុខរបស់កម្ពុជា។

ថ្លែងនៅក្នុងសន្និសីទពិភពលោកយូណេស្កូស្តីពីគោលនយោបាយវប្បធម៌និង ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០២៥ លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និិងប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា៖«ទោះបីជាមានអនុសញ្ញានិងសន្ធិសញ្ញាអន្តរជាតិដើម្បីការពារតំបន់បេតិកភណ្ឌវប្បធម៌ក៏ដោយ ការគំរាមកំហែង ការខូចខាត និងការបំផ្លិចបំផ្លាញនៅតែមាន។ ដូចករណីប្រាសាទព្រះវិហារដែលត្រូវបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោកនៅឆ្នាំ២០០៨ ទោះបីជាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចចិត្តកាត់ក្តីឱ្យ ប្រាសាទជាអធិបតេយ្យភាពរបស់កម្ពុជាចំនួនពីរលើកនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ នៅក្នុងអំឡុងពេលឆ្នាំ ២០០៨-២០១១ និងខែកក្កដា ឆ្នាំ២០២៥ ក៏ដោយ ក៏ប្រាសាទព្រះវិហារនៅរងផលប៉ះពាល់ដោយដោយ ការបាញ់គ្រាប់កាំភ្លើងធំ និងគ្រាប់បែកចង្កោមបាញ់ដោយរុក៉ែតនិងយន្តហោះចម្បាំង ដែលអន្តរជាតិហាមឃាត់។»។

ក្នុងសន្និសីទដែលរៀបចំនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ លោក សួស យ៉ារ៉ា សង្កត់ធ្ងន់ធ្ងរថា៖« គោលជំហរដ៏ទូលំទូលាយរបស់អង្គការយូណេស្តសង្កត់ធ្ងន់ថា បេតិកភណ្ឌវប្បធម៌ជាកម្មសិទ្ធិរបស់មនុស្សជាតិ ទាំងអស់គ្នា។ ការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារមិនមែនគ្រាន់តែជាការបាត់បង់សម្រាប់ប្រទេសកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែជាសោកនាដកម្មរបស់ពិភពលោកដែលជាការបំផ្លាញប្រវត្តិសាស្ត្ររួមរបស់មនុស្សជាតិ។ ជារួម តួនាទីរបស់អង្គការយូណេស្កូ គឺដើម្បីរក្សាគុណតម្លៃនៃបេតិកភណ្ឌវប្បធម៌ ជំរុញការដំណោះស្រាយដោយ សន្តិវិធី និងធានាការគោរពចំពោះកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ សូម្បីតែក្នុងពេលមានជម្លោះភូមិសាស្ត្រ នយោបាយក៏ដោយ។ »។

តាមរយៈសន្និសីទដែលរៀបចំនៅថ្ងៃទី៣០ ខែកញ្ញា ដដែល តំណាងកម្ពុជា អះអាងថា ការគាំទ្រពីអន្តរជាតិនិងការសម្របសម្រួលរបស់ប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់តម្លៃច្បាប់អន្តរជាតិ និងលើកទឹកចិត្តដល់ការដោះស្រាយជម្លោះ ដោយសន្តិវិធីដើម្បីទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។

លោក សួស យ៉ារ៉ា ថែមទាំងអះអាងទៀតថា កម្ពុជាគាំទ្រកំណែទម្រង់ដែលមានលក្ខណៈជាក់ស្តែងរបស់អង្គការសហប្រជាជាតិ ដែលពង្រឹងអំណាចនៃ យន្តការការទូតដើម្បីបញ្ចៀសជម្លោះនិងសម្រុះសម្រួល ពង្រឹងបេសកកម្មថែរក្សាសន្តិភាពនិងឃ្លាំមើលតាម បន្ទាត់ព្រំដែនបេតិកភណ្ឌ និងលើកកម្ពស់ការស្តារឡើងវិញក្រោយជម្លោះ តាមរយៈវិទ្យាសាស្ត្រ និងនវានុវត្តន៍ ហើយភាគីពាក់ព័ន្ធត្រូវការពារអរិយធម៌មនុស្សជាតិ ពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន (ICT) មិនត្រឹមត្រូវ ព្រោះថាបច្ចេកវិទ្យាត្រូវបម្រើ តែមិនមែនត្រូវជំនួសគុណតម្លៃវប្បធម៌ និង សីលធម៌នោះទេ។

ដើម្បីជំរុញបេសកកម្មនេះ ប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាកម្ពុជា ស្នើឱ្យពិចារណាបង្កើតមជ្ឈមណ្ឌលកម្រិតទី២ ប្រចាំអាស៊ីរបស់អង្គការយូណេស្កូ ដើម្បីពង្រឹងតួនាទីរបស់ ACC ក្នុងការលើកកម្ពស់ការទូតវប្បធម៌ ការការពារបេតិកភណ្ឌ និងការកសាង់ សន្តិភាពនៅក្នុងតំបន់៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


