Connect with us

សេដ្ឋកិច្ច

DDD ប្រារព្ធខួប ២៥ ឆ្នាំនៃសហគ្រាសសង្គមផ្នែកបច្ចេកវិទ្យាដែលប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា ឡាវ និងកេនយ៉ាជាមួយនឹងពិធីគម្រប់ខួបនៅទីក្រុងភ្នំពេញ

បានផុស

នៅ

ភ្នំពេញ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ – សហគ្រាសសង្គម DDD ដែលជាអ្នកត្រួសត្រាយផ្លូវផ្នែកឌីជីថល កំពុងប្រារព្ធខួប​​ ២៥ ឆ្នាំនៃការកសាងសហគ្រាសសង្គមផ្នែកបច្ចេកវិទ្យាដែលប្រកបដោយនិរន្តរភាព​ជាមួយនឹង​​​​​​ព្រឹត្តិការណ៍ជាច្រើននៅទីក្រុងភ្នំពេញដើម្បីអបអរសាទរសមិទ្ធផលដ៏ធំធេងរបស់ខ្លួន។​​                            

DDD ជួយយុវជនដែលមកពីគ្រួសារដែលមានប្រាក់ចំណូលទាបពីប្រទេសកម្ពុជា ឡាវ និងកេនយ៉ា ទទួលបានការទទួលស្គាល់នៅលើថ្នាលឌីជីថលសកលតាមរយៈការផ្តល់នូវសេវាឌីជីថលដល់ក្រុមហ៊ុន និងស្ថាប័នធំៗនៅជុំវិញពិភពលោក។ តាមរយៈការធ្វើបែបនេះ DDD កំពុងជួយបង្កើនកេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជា ឡាវ និងកេនយ៉ា នៅលើផែនទីឌីជីថល។ ចាប់តាំងពីឆ្នាំ ២០០១ DDD បានផ្តល់ការងារ និងការបណ្តុះបណ្តាលដល់យុវជនជាង ១៥,០០០ នាក់ ដោយជួយពួកគេឱ្យទទួលបានការងារ និងស្វែងរកតួនាទីដែលផ្តល់កម្រិតជីវភាពរស់នៅខ្ពស់ជាងអ្វីដែលពួកគេអាចសម្រេចបានដោយខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីរំលឹកខួប ២៥ឆ្នាំនេះ DDD នឹងសហការរៀបចំកិច្ចពិភាក្សាជាសាធារណៈស្តីពីអនាគតឌីជីថលរបស់ប្រទេសកម្ពុជា ដោយវាគ្មិនរួមមាន ​​ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនៃប្រទេសកម្ពុជា​​ ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លោក Mike Maceda នាយកភាពជាដៃគូសាជីវកម្ម និងនវានុវត្តន៍ អាស៊ីប៉ាស៊ីហ្វិកនៃ Plug and Play និង លោក Sameer Raina នាយកប្រតិបត្តិ DDD នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។  

មជ្ឈមណ្ឌលបច្ចេកវិទ្យានៃ​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ គឺជាអ្នកសហការរៀបចំនៃ​កិច្ចពិភាក្សាជាសាធារណៈនេះ ដែលឆ្លុះបញ្ចាំងពីតួនាទីរបស់ខ្លួនក្នុងការលើកកម្ពស់ការអប់រំដែលគាំទ្រដោយបច្ចេកវិទ្យា ការសហការក្នុងឧស្សាហកម្ម និងការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីទទួលទានអាហារដើម្បីអបអរសាទរខួបរបស់ DDD នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ នៅសាលបុរីកោះពេជ្រនៃកោះពេជ្រ រាជធានីភ្នំពេញ។

សកម្មភាពផ្សេងៗទៀតរួមមានការជួបពិភាក្សានៅវេទិកាអនាគត ការទស្សនាសិល្បៈខ្មែរសហសម័យ ទស្សនកិច្ចទៅកាន់សហគ្រាសសង្គមក្នុងស្រុកពីរទៀតគឺ សិប្បករអង្គរ និងល្ខោនសៀក កម្ពុជា ហ្វារ និងការទទួលទានអាហារពេលល្ងាច ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាច្រើនជុំវិញពិភពលោក នឹងមានវត្តមានសម្រាប់ឱកាសនេះ។​​​

ទីក្រុងភ្នំពេញ ត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះសម្រាប់ការប្រារព្ធពិធីគម្រប់ខួបនេះដោយសារតែរាជធានីរបស់ប្រទេសកម្ពុជា គឺជាកន្លែងដែល DDD បានចាប់ផ្តើមនៅឆ្នាំ ២០០១។  គោលគំនិតកសាងសហគ្រាសសង្គមដែលឈានមុខគេនេះ គឺជាគំនិតផ្តួចផ្តើមរបស់សហស្ថាបនិក DDD លោក Jeremy Hockenstein ដែលត្រូវបានជំរុញទឹកចិត្តដោយសក្តានុពលរបស់ប្រទេសកម្ពុជា នៅពេលដែលគាត់ឃើញយុវជនខ្មែរប្រើកុំព្យូទ័រ។  

ដោយមើលឃើញពីតម្រូវការក្នុងការកសាងជំនាញ និងបង្កើតឱកាសបង្កើតប្រាក់ចំណូលសម្រាប់យុវជន ក៏ដូចជាសម្រេចសក្តានុពលរបស់ប្រទេសកម្ពុជាសម្រាប់សេវាឌីជីថល លោក Jeremy បានរួមគ្នាជាមួយសហស្ថាបនិកផ្សេងទៀតដើម្បីបង្កើត DDD។ នាពេលបច្ចុប្បន្ននេះ ភាពជាគំរូសង្គមដែលប្រកបដោយភាពច្នៃប្រឌិតរបស់ ​DDD បានអនុញ្ញាតឱ្យយុវជនដែលមានទេពកោសល្យ មកពីគ្រួសារដែលមានប្រាក់ចំណូលទាបក្នុងប្រទេសកម្ពុជា ឡាវ និងកេនយ៉ាទទួលបានឱកាសការងារ និងទទួលបានប្រាក់ចំណូលខ្ពស់រយៈពេលយូរអង្វែង។​

លោក Sameer Raina នាយកប្រតិបត្តិ DDD មានប្រសាសន៍ថា៖​ “វត្ដមាន​របស់យើង ​គឺដើម្បីធ្វើទង្វើដ៏ល្អមួយសម្រាប់សហការីរបស់យើង ដោយនាំពួកគាត់ចេញពីបន្ទាត់នៃភាពក្រីក្រ និង យកពួកគាត់ពីស្ថានភាពបច្ចុប្បន្ន ទៅកាន់ស្ថានភាពនាពេលអនាគតមួយដែលអនុញ្ញាតឱ្យពួកគាត់ រកប្រាក់ចំណូលបានច្រើនដងជាងអ្វីដែលពួកគាត់កំពុងរកបាននាពេលបច្ចុប្បន្ននេះ។ សម្រាប់​យើង ការរីកចម្រើន​ត្រូវ​តែមានការ​រួម​បញ្ចូល ការរីកចម្រើន​ត្រូវ​តែមាន​និរន្តរភាព ហើយការរីកចម្រើន ត្រូវ​ការ​ប្រាក់​ចំណេញ។”

សព្វថ្ងៃនេះ បុគ្គលិករបស់ DDD ត្រូវបានជ្រើសរើសនិងផ្តល់ការងារនិងទទួលការបណ្តុះបណ្តាលទៅលើការងារលើគម្រោងជាច្រើនដែលរួមមានបញ្ញាសិប្បនិម្មិត មនុស្សយន្ត និងការវិភាគទិន្នន័យនៅតាមឧស្សាហកម្មចម្រុះ និងវិស័យជាច្រើន។ នាពេលបច្ចុប្បន្ននេះ​​ DDD ​មានការិយាល័យនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ក៏ដូចជានៅប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ នៅពេលនេះ សហគ្រាសសង្គមនេះ គឺជានិយោជកផ្នែកបច្ចេកវិទ្យាធំជាងគេនៅប្រទេសកម្ពុជា និងប្រទេសឡាវ។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនជាច្រើនបានយកគំរូផ្លាស់ប្តូរសង្គមរបស់ DDD ទៅប្រើប្រាស់នៅទូទាំងពិភពលោក។  នាពេលបច្ចុប្បន្ននេះ DDD ផ្តល់សេវាកម្មឌីជីថលដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើ​ននៅលើពិភពលោក។​​​ DDD គឺជារឿងជោគជ័យមួយរបស់ប្រទេសកម្ពុជា ហើយកំពុងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅប្រទេសកម្ពុជា ឡាវ កេនយ៉ា និងសូម្បីតែនៅសហរដ្ឋអាមេរិកដែល DDDកំពុងផ្តល់ការគាំទ្រដល់អតីតយុទ្ធជន។

លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាលរបស់ DDD នាពេលបច្ចុប្បន្ននេះមានមោទនភាពដែលអតីតបុគ្គលិកនិងនិស្សិតរបស់ DDD មានការប្តេជ្ញាចិត្តខ្ពស់ទៅលើក្រមសីលធម៌របស់សហគ្រាសសង្គម។ លោក ​ Jeremy មានប្រសាសន៍ថា៖ “ខ្ញុំមិននឹកស្មានថាអតីតនិស្សិតជាច្រើននៅប្រទេសកម្ពុជា ឡាវ និងកេនយ៉ា នឹងផ្តល់ការគាំទ្រត្រឡប់មកវិញ នៅពេលដែលពួកគាត់ទទួលបានភាពជោគជ័យនោះទេ។ ខ្ញុំមានការលើកទឹកចិត្តនៅពេលឃើញនិស្សិតបញ្ចប់ការសិក្សា សួរខ្លួនឯងថាតើពួកគាត់អាចធ្វើអ្វីបានខ្លះដើម្បីជួយប្រទេស​​​​របស់ខ្លួន។”

លោក Michael Chertok ដែលជាសហស្ថាបនិក DDD មួយរូបទៀត ដែលបានបម្រើការជាប្រធានក្រុមប្រឹក្សាភិបាលដំបូង​មានប្រសាសន៍ថា៖ “យើងមានគោលបំណង កសាងគំរូអាជីវកម្មដែល មាននិរន្តរភាពរយៈពេលវែង ហើយឥឡូវនេះ គំរូអាជីវកម្មនេះមានរយៈពេល ២៥ ឆ្នាំហើយ។ នោះគឺជាអ្វីដែលគួរតែទទួលបានការអបអរសាទរ។”

លោក កាយ ឡូត​ សមាជិកក្រុមប្រឹក្សាភិបាលដែលបច្ចុប្បន្ននេះកំពុងគ្រប់គ្រងសហគ្រាសសង្គមវប្បធម៌ខ្មែរ​ សិប្បករអង្គរមានការលើកទឹកចិត្តដោយគំរូរបស់ DDD។ “DDD គួរតែមានមោទនភាពខ្ពស់ចំពោះសមិទ្ធិផលរបស់ខ្លួន។  អ្វីដែល DDD ធ្វើបានយ៉ាងល្អ គឺការបង្រៀនជំនាញទន់ដែលមិនមាននៅក្នុងកម្មវិធីសិក្សារបស់ប្រទេសកម្ពុជាដូចជា៖ វិន័យ ទំនួលខុសត្រូវ ការសហការ និងរបៀបរៀបចំខ្លួនសម្រាប់ការសម្ភាសន៍ការងារ។ ជំនាញមូលដ្ឋានទាំងនេះ កំណត់វឌ្ឍនភាពអាជីពរបស់បុគ្គល។”

ទោះបីជាមានបញ្ហាប្រឈមដូចជាជំងឺ Covid-១៩ ក៏ដោយ DDD នៅតែបន្ដមានការរីកចម្រើន។

Sheryl Apondi អ្នកគ្រប់គ្រងគម្រោងរបស់ DDD នៅប្រទេសកេនយ៉ា​ មានប្រសាសន៍ថា៖ “គ្រប់រាល់សកម្មភាពរបស់ខ្លួន DDD បានរក្សាការយកចិត្តទុកដាក់លើបេសកកម្មស្នូល ពោលគឺការផ្លាស់ប្តូរជីវិតជាវិជ្ជមាន។ ជំហរនេះ គឺជាស្នូលនៃ DNA របស់ DDD ដែលចែករំលែកដោយអ្នកដឹកនាំ និងសហការីដែលជាយុវជន។ វា​ជា​ឱកាស​មួយ​ដែល​ខ្ញុំ​ផ្តល់តម្លៃខ្ពស់។”

DDD ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ភាពទាក់ទាញនៃការវិនិយោគនៅទីតាំងផ្សេងៗដូចជាប្រទេសកម្ពុជា ក៏ដូចជាទេពកោសល្យក្នុងស្រុកដែលមានស្រាប់។ សមាជិកនៃគណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច ក៏នឹងចូលរួមការប្រារព្ធខួបរបស់ DDD ផងដែរ។ 

សម្រាប់ព័ត៌មានបន្ថែម​ទៅលើសេវាកម្មរបស់ DDD សូមចូលទៅកាន់គេហទំព័រ៖ https://www.digitaldividedata.com។  សម្រាប់ព័ត៌មានអំពីរបៀបដែល DDD ​បានបង្កើតសមិទ្ធិផលដែលផ្តល់ផលវិជ្ជមានជាច្រើនក្នុងសង្គមលើសកលលោក សូមចូលទៅកាន់គេហទំព័រ៖https://www.dddimpact.org/។ 

អំពី DIGITAL DIVIDE DATA

DDD ជឿថាទេពកោសល្យមិនមានព្រំដែននោះទេ ហើយឱកាសក៏មិនមានព្រំដែនដែរ។ ក្នុងឆ្នាំ ២០០១ យើងបានមើលឃើញពីតម្រូវការក្នុងការផ្ដល់ជំនាញបច្ចេកវិទ្យា និងការងារដែលមានប្រាក់ឈ្នួលសមរម្យដល់អ្នកដែលរស់នៅក្នុងសហគមន៍ដែលមានភាពខ្វះខាតនៅតំបន់អាស៊ី។ គឺនៅទីនេះហើយដែល DDD បានជួយដាំគ្រាប់ពូជនៃការផ្លាស់ប្តូរ​សម្រាប់ការអនុវត្តផ្នែកការផ្តល់នូវសេវាឌីជីថលដែលប្រកបដោយទំនួលខុសត្រូវសង្គមដែលត្រូវបានគេស្គាល់ថាអ្នកត្រួសត្រាយផ្លូវផ្នែកឌីជីថល។

ចាប់ពីការងារដំបូងៗនេះ DDD បានបង្កើតវិធីសាស្រ្ត ធ្វើការសិក្សាដែលមានប្រសិទ្ធភាព ដើម្បីបណ្តុះបណ្តាល គាំទ្រ និងផ្ដល់ការងារ ដល់បុគ្គលដែលមានទេពកោសល្យនៅជុំវិញពិភពលោក ហើយតាមរយៈនេះផ្តល់នូវសេវាកម្ម ITO/BPO ដែលមានគុណភាពខ្ពស់ និងមានតម្លៃប្រកួតប្រជែងដល់អតិថិជន។

ក្នុងឆ្នាំ ២០១១ DDD បានបើកប្រតិបត្តិការនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ជាកន្លែងដែល យើងបើកដំណើរការ AWS Cloud Center of Excellence ដើម្បីបង្រៀន និងទទួលស្គាល់ជំនាញ IT ជំនាន់ថ្មី។ ​នៅក្នុងឆ្នាំ ២០១៤ ដោយមើលឃើញបញ្ហាដ៏ធំនៃភាពអត់ការងារធ្វើរបស់អតីតយុទ្ធជន យើងបានចាប់ផ្តើមប្រតិបត្តិការនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Liberty Source ដើម្បីបណ្តុះបណ្តាល និងផ្តល់ការងារដល់អតីតយុទ្ធជន និងគ្រួសាររបស់ពួកគាត់។ 

សព្វថ្ងៃនេះ  DDD បន្តមានការរីកចម្រើន និងធ្វើការឆ្ពោះទៅកាន់ពិភពលោកមួយដែលមនុស្សគ្រប់គ្នា ដោយមិនគិតពីទីតាំង ឬប្រវត្តិរូបមានឱកាស សម្រេចសក្តានុពលពេញលេញរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ ២០០១ កម្មវិធីរបស់ DDD បានបង្កើនប្រាក់ចំណូលក្នុងមួយជីវិតសម្រាប់យុវជនក្នុងប្រទេសកម្ពុជា ឡាវ និងកេនយ៉ា ដោយគិតជាទឹកប្រាក់សរុបចំនួនជាង ៣៥០ លានដុល្លារអាមេរិក។  

ចក្ខុវិស័យរបស់ DDD គឺពិភពលោកមួយដែលយុវជនអភិវឌ្ឍន៍ខ្លួនឯងតាមរយៈការអប់រំ និងការងារ។ បេសកកម្មរបស់យើងគឺ ផ្លាស់ប្តូរជីវិតនៅជុំវិញពិភពលោកតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការងារដែលប្រកបដោយនិរន្តរភាពដែលផ្តល់ផ្លូវមួយទៅកាន់ការងារ និងឱកាសពេញមួយជីវិត។ ​​

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://www.digitaldividedata.com/

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម