Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បើកឱ្យដំណើរការ ផ្សារ វីងសប និងហាង K’FAE ចំនួន ៤ ក្នុងពេលតែមួយ

បានផុស

នៅ

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានអញ្ជើញចូលរួមពិធីសម្ពោធជាផ្លូវការផ្សារ វីងសប និងហាង K’FAE ដោយបើកដំណើរការហាងចំនួន ៤ ក្នុងពេលតែមួយ នៅរាជធានីភ្នំពេញ រួមមាន Wing shop បឹងកេងកង1, Wingshop មហាវិថីសហព័ន្ធរុស្ស៊ី, K’FAE មហាវិថីម៉ៅសេទុង និង K’FAE IFL។

ផ្សារ វីងសប មានគោលបំណងជួយឱ្យការទិញទំនិញប្រចាំថ្ងៃរបស់អតិថិជនកាន់តែរហ័ស រលូន និងងាយស្រួល ព្រមជាមួយនឹងបង្កើតឱកាសអាជីវកម្មថ្មីៗសម្រាប់សហគ្រិនក្នុងស្រុក តាមរយៈការទិញសិទ្ធិជាដៃគូរអាជីវកម្មរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអគារវីង ថៅវ័រ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ, សមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ដៃគូអាជីវកម្ម, ភ្នាក់ងារវីង ម៉ាស្ទ័រ, អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ។

លើសពីនេះ ពិធីសម្ពោធនេះទទួលបានការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

លោក Stéphane Pareinte នាយកគ្រប់គ្រងអាជីវកម្ម នៃផ្សារវីងសប បានលើកឡើងថា នៅថ្ងៃបើកសម្ពោធជាផ្លូវការនេះ ផ្សារ វីងសប បាននាំមកនូវមុខទំនិញចម្រុះ ដោយផ្តោតសំខាន់លើម៉ាកល្បីៗ ដែលផលិតនៅប្រទេសកម្ពុជា រួមជាមួយនឹងម៉ាកផលិតផលដែលជាទីទុកចិត្តមកពីបរទេស ដើម្បីបង្កើតឱកាសជូនសហគ្រាសធុនតូច និងមធ្យមនូវលទ្ធភាពចូលទីផ្សារបានកាន់តែច្រើន។ ហើយស្របពេលនេះដែរ ក៏ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសកាន់តែច្រើន សម្បូរបែប និងប្រកបដោយគុណភាពខ្ពស់ ខណៈដែលផ្សារ វីងសប បានបង្ហាញពីចក្ខុវិស័យរបស់យើងសម្រាប់អនាគតនៃផ្សារទំនើបលក់រាយនៅក្នុងប្រទេសកម្ពុជា។

លោក Stéphane Pareinte បានបន្តថា គោលដៅរបស់យើង គឺបង្កើតនូវបទពិសោធទិញទំនិញដ៏សាមញ្ញ រហ័ស ខណៈផ្តល់ឱកាសឱ្យផលិតផលកម្ពុជាបានចូលមកទីផ្សារកាន់តែច្រើន និងជំរុញអាជីវកម្មឲ្យកាន់តែមានភាពរីកចម្រើន។ ផ្សារ វីងសប ក៏បើកទ្វារស្វាគមន៍ដៃគូទិញសិទ្ធិអាជីវកម្ម និងភ្នាក់ងារវីងម៉ាស្ទ័រ ដើម្បីចូលរួមក្នុងអាជីវកម្មផ្សារទំនើបលក់រាយ ដែលបំពាក់ដោយបច្ចេកវិទ្យា ប្រព័ន្ធប្រតិបត្តិការច្បាស់លាស់ និងភាពរឹងមាំនៃម៉ាកយីហោ។

លោក Stéphane Pareinte បានគូសបញ្ជាក់ថា រួមជាមួយ ផ្សារវីងសប ក្រុមហ៊ុនក៏បានបើកសម្ពោធហាង K’FAE ដែលជាគំនិតថ្មីក្នុងការផ្តល់ជូននូវកាហ្វេទំនើប និងសេវាកម្មរហ័សរបស់ខ្លួន ដែលបានប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តន៍ដំបូងគេនៅកម្ពុជា។ ហាង K’FAE  ផ្តល់ជូននូវភេសជ្ជៈដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ និងអាហារចម្អិនស្រាប់ លឿនរហ័ស ក្នុងតម្លៃសមរម្យ ដែលធ្វើឱ្យអតិថិជនមានងាយស្រួលក្នុងការទិញកាហ្វេ និងអាហារដ៏ឈ្ងុយឆ្ងាញ់ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការរួមគ្នានៃ ផ្សារវីងសប និងហាង K’FAE បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះនវានុវត្តន៍ ភាពងាយស្រួល និងការរចនាដែលផ្តោតលើអតិថិជនជាចម្បង ដោយរួមបញ្ចូលនូវការលក់រាយជាមួយនឹងដំណោះស្រាយឌីជីថល ដើម្បីបម្រើសេវាកម្មជូនអតិថិជន។

លោក Stéphane Pareinte បន្ថែមទៀតថា ការទិញសិទ្ធិអាជីវកម្មរបស់ ផ្សារវីងសប ត្រូវបានរចនាឡើងដើម្បីជួយជម្រុញដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដោយផ្តល់នូវការគាំទ្រប្រតិបត្តិការពីដើមរហូតដល់ចប់ រួមទាំងប្រព័ន្ធប្រតិបត្តិការហាង ខ្សែសង្វាក់ផ្គត់ផ្គង់ សមាហរណកម្មបច្ចេកវិទ្យា និងការធ្វើទីផ្សារផងដែរ។ ដំណើរការនេះនឹងជួយឱ្យអាជីវកម្មរបស់ដៃគូសហការមានភាពរីកចម្រើន ប្រកបដោយចីរភាព ហើយក៏បានចូលរួមចំណែកដល់ការបង្កើតការងារ និងប្រព័ន្ធអេកូស៊ីលក់រាយរបស់ប្រទេសកម្ពុជា ដែលកំពុងមានភាពវិវត្តគួរឲ្យកត់សម្គាល់ផងដែរ។

ជាមួយគ្នានេះដែរ ការបើកសម្ពោធជាផ្លូវការនេះ គឺជាការចាប់ផ្តើមនៃការពង្រីកអាជីវកម្មទូទាំងប្រទេសរបស់ ផ្សារវីងសប ជាមួយនឹងផែនការពង្រីកអាជីវកម្មរបស់ខ្លួននៅតាមបណ្តាហាង ដែលគ្រប់គ្រងដោយក្រុមហ៊ុន និងតាមរយៈហាងរបស់ដៃគូទិញសិទ្ធិអាជីវកម្មទាំងអស់ ដើម្បីបង្កើនលទ្ធភាពរបស់សហគមន៍ក្នុងការចូលទិញទំនិញទៅក្នុងផ្សារទំនើបលក់រាយ ព្រមទាំងបង្កើតឱកាសអាជីវកម្មបន្ថែមទៀត។

លើសពីនេះ រួមជាមួយនឹងហាង K’FAE ដែលជាគំនិតថ្មីក្នុងការផ្តល់ជូននូវកាហ្វេទំនើប និងសេវាកម្មរហ័ស ផ្សារវីងសប គាំទ្រដល់ដៃគូទិញសិទ្ធិអាជីវកម្មរបស់ខ្លួន និងភ្នាក់ងារវីងម៉ាស្ទ័រ ព្រមទាំងលើកកម្ពស់អាជីវកម្មក្នុងស្រុក និងសហគមន៍ តាមរយៈការច្នៃប្រឌិតភាពងាយស្រួល និងការគាំទ្រយ៉ាងមុតមាំពីសំណាក់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។

សូមបញ្ជាក់ថា ផ្សារវីងសប ជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាគំនិតថ្មីនៃផ្សារទំនើបនៅកម្ពុជា មានគោលបំណងផ្តល់បទពិសោធទិញទំនិញ ដែលមានភាពរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន។ ផ្សារវីងសប មានទំនិញជាច្រើនប្រភេទ រួមទាំងផលិតផលខ្មែរជាច្រើនមុខ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលនូវបច្ចេកវិទ្យាលក់រាយបែបឆ្លាតវៃ ប្រព័ន្ធបង់ប្រាក់ឌីជីថល អាហារចម្អិនស្រាប់ និងសេវាកម្មល្អបំពេញតាមតម្រូវការប្រចាំថ្ងៃនៅក្នុងទីតាំងតែមួយ៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម