Connect with us

សេចក្ដីជូនដំណឹង

កម្មវិធីសិក្សាត្រៀមចូលសាកលវិទ្យាល័យ UNSW របស់អូស្ត្រាលីត្រូវបានដាក់សម្ពោធជាផ្លូវការនៅកម្ពុជា ដើម្បីពង្រីកឱកាសសិក្សាលំដាប់ពិភពលោក

បានផុស

នៅ

ភ្នំពេញ៖ វិស័យអប់រំអន្តរជាតិនៅកម្ពុជាបានឈានដល់របត់ថ្មីដ៏សំខាន់មួយទៀតជាមួយនឹងការដាក់សម្ពោធជាផ្លូវការនូវ «កម្មវិធីសិក្សាត្រៀមចូលសាកលវិទ្យាល័យ» (Foundation Program) របស់ UNSW College ដែលផ្តល់ជូនសិស្សានុសិស្សនូវជម្រើសសិក្សាឆ្ពោះទៅកាន់សាកលវិទ្យាល័យល្បីៗនៅប្រទេសអូស្ត្រាលី និងជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) សាខាទួលគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Tennealle O’Shannessy អគ្គនាយិកាប្រតិបត្តិ (CEO) នៃស្ថាប័ន IDP Education និងលោកស្រី Sarah Lightfoot អគ្គនាយិកាប្រតិបត្តិ UNSW College និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ New South Wales (UNSW) ព្រមទាំងតំណាងមកពីវិស័យអប់រំជាច្រើនរូបទៀត។


កម្មវិធីនេះ កើតចេញពីកិច្ចសហប្រតិបត្តិការរវាង មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់កាបណ្តុះបណ្តាល (ACE), សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) និង UNSW College នៃសាកលវិទ្យាល័យ New South Wales ដែលជាសាកលវិទ្យាល័យឈានមុខគេមួយក្នុងប្រទេសអូស្ត្រាលី។


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ក្នុងពិធីសម្ពោធថា៖ «ការអប់រំនៅតែជាសសរស្តម្ភដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា ភាពជាដៃគូអន្តរជាតិបែបនេះ នឹងជួយឱ្យសិស្សកម្ពុជាមានឱកាសសិក្សាលំដាប់ពិភពលោក និងជួយឱ្យប្រព័ន្ធអប់រំក្នុងស្រុកកាន់តែមានគុណភាពខ្ពស់ អាចប្រកួតប្រជែងជាសកលបាន។»


ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាមកពី UNSW ផងនោះ បានលើកឡើងថា កម្មវិធីនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនសិស្សកម្ពុជាដែលជ្រើសរើសទៅសិក្សានៅអូស្ត្រាលី។ លោកជឿជាក់ថា កម្មវិធីត្រៀមនេះនឹងជួយឱ្យសិស្សមានជំនាញ និងទំនុកចិត្តខ្ពស់ក្នុងការសម្របខ្លួនទៅនឹងប្រព័ន្ធអប់រំនៅបរទេស។


ក្នុងឱកាសនោះផងដែរ លោកស្រី Tennealle O’Shannessy បានកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នអប់រំកម្ពុជា និងអូស្ត្រាលី។ លោកស្រីក៏បានលើកសរសើរពិសេសចំពោះ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងមសាលា ACE ដែលជាបុគ្គលសំខាន់ក្នុងការនាំយកកម្មវិធីសិក្សាដ៏មានកិត្យានុភាពនេះមកកាន់ប្រទេសកម្ពុជា។


ស្រដៀងគ្នានេះដែរ លោកស្រី Sarah Lightfoot បានបញ្ជាក់ថា «កម្មវិធីសិក្សាត្រៀមចូលសាកលវិទ្យាល័យ» របស់ UNSW មិនត្រឹមតែរៀបចំសិស្សសម្រាប់ចូលរៀននៅ UNSW ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សាកលវិទ្យាល័យដទៃទៀតក្នុងប្រទេសអូស្ត្រាលី និងលើពិភពលោកផងដែរ ជាពិសេសផ្តោតលើការបណ្តុះបណ្តាលការគិតបែបវិភាគ (Critical Thinking)។ ចំណែក លោក Ashley Irving ចាងហ្វាសាលា ACE និងជាប្រធានសភាពាណិជ្ជកម្មអូស្ត្រាលីនៅកម្ពុជា បានលើកឡើងថា នេះគឺជាជំហានទៅមុខដ៏សំខាន់របស់ ACE ក្នុងការបណ្តុះបណ្តាលសិស្សកម្ពុជាឱ្យមានទស្សនវិស័យជាសកល និងមានលទ្ធភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។


គួរបញ្ជាក់ថា តាមរយៈកម្មវិធីនេះ សិស្សានុសិស្សអាចចាប់ផ្តើមការសិក្សាត្រៀមនៅកម្ពុជាសិន មុននឹងបន្តទៅសិក្សានៅបរទេស ដែលនេះជាជម្រើសដ៏ល្អ និងមានភាពបត់បែនបំផុត។ សម្រាប់មាតាបិតា និងសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់ទី ១០, ១១ និង ១២ ដែលមានបំណងចង់ស្វែងយល់បន្ថែមពីអត្ថប្រយោជន៍នៃកម្មវិធីសិក្សានេះ អាចអញ្ជើញមកប្រឹក្សាយោបល់ជាមួយអ្នកជំនាញរបស់ IDP Education ដើម្បីត្រៀមខ្លួនសម្រាប់អនាគតសិក្សានៅបរទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម