Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងមិនស្គាល់មុខ លបធ្វើ​ឃាតមេដឹកនាំនិកាយសាសនា​ដ៏ល្បីម្នាក់នៅ អ៊ីរ៉ង់

បានផុស

នៅ

លោក Molavi Mohammad Anvar Rigi ដែលជាមេដឹកនាំសាសនាឥស្លាមនិកាយស៊ុននី (Sunni) សម្រាប់ការថ្វាយបង្គំព្រះប្រចាំថ្ងៃសុក្រ នៅក្នុងទីប្រជុំជនព្រំដែន Mirjaveh ភាគអាគ្នេយ៍អ៊ីរ៉ង់ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ នៅថ្ងៃច័ន្ទទី២០ ខែកក្កដា ។

លោក Molavi Mohammad Anvar Rigi មេដឹកនាំការអធិស្ឋានថ្ងៃសុក្ររបស់ពួក Sunni នៃវិហារ Ali ibn Abi Talib ក្នុងទីក្រុង(រូបភាព៖presstv)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ និងចុះផ្សាយដោយ Reuters ,យោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា ប្រតិបត្តិការស៊ើបអង្កេតកំពុងត្រូវបានបន្តធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត និងជំរុញឲ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ប្រុងប្រយ័ត្ន និងរួបរួមគ្នា ហើយឲ្យពួកគេទទួលបានព័ត៌មានអំពីហេតុការណ៍នេះតែពីប្រភពផ្លូវការប៉ុណ្ណោះ ។

មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់បន្ថែមទៀតថា ការវាយប្រហារនេះគឺមានគោលបំណងបំផ្លាញសន្តិសុខជាតិ និងញុះញង់ឲ្យមានការបែកបាក់និកាយសាសនានៅក្នុងខេត្តមួយនេះ។ ជាពិសេស ការលបបាញ់សម្លាប់លោក Anvar Rigi ត្រូវបានអាជ្ញាធរវាយតម្លៃថា ជាល្បិចកលរបស់ក្រុមបះបោរ ក្នុងគោលបំណងបង្កាត់ភ្លើងគំនុំសាសនារវាងស៊ីអ៊ីត និងស៊ុននី ឲ្យកាន់តែឆេះសន្ធោសន្ធៅឡើងវិញ ក្នុងពេលដែលអ៊ីរ៉ង់កំពុងជាប់ដៃធ្វើសង្គ្រាមការបរទេសជាមួយអាមេរិក។

សូមជម្រាបជូនថា ខេត្ត Sistan-Baluchistan ដែលជាខេត្តក្រីក្របំផុតមួយក្នុងប្រទេសអ៊ីរ៉ង់ និងជាទីកន្លែងដែលមានប្រជាជនកុលសម្ព័ន្ធ Baluch កាន់និកាយស៊ុននីរស់នៅយ៉ាងច្រើន។ កន្លងមក ខេត្តនេះតែងតែជួបប្រទះនូវការប្រយុទ្ធគ្នាយ៉ាងរ៉ាំរ៉ៃ រវាងក្រុមសកម្មប្រយុទ្ធឥស្លាមជ្រុលនិយម ប្រឆាំងនឹងកងកម្លាំងសន្តិសុខ ឬបុគ្គលទាំងឡាយណាដែលលំអៀងទៅរកអាជ្ញាធរទីក្រុងតេហេរ៉ង់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម