Connect with us

វប្បធម៌ ជំនឿ

មកដឹង ទំនៀមកិច្ចពិធីឆ្លងឆ្នាំ របស់អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី

បានផុស

នៅ

ជារៀងរាល់ឆ្នាំ ក្រោយពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាផ្លូវការបញ្ចប់ អ្នកស្រុករស់នៅជុំវិញស្ពានបុរាណនៅកំពង់ក្តី មានភូមិត្រាច ភូមិប្រាសាទ ភូមិរំលងជាដើម (ចំណុះជើងវត្តកំពង់ក្តី) តែងមូលមាត់គ្នារៀបចំកិច្ចពិធីឆ្លងឆ្នាំ ដែលជាទំនៀមបុរាណបានបន្តរៀងមកជាយូរយារណាស់មកហើយ។

រូបភាព: យី សុថា, ជា វណ្ណៈ, ស៊ី សុខុន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលនេះ បានឱ្យដឹងថា ពិធីនេះក៏មានអ្នកភូមិផ្សេងទៀតនៅក្បែរៗបានសហការចូលរួមដែរ ដែលជាបរិបទវប្បធម៌តែមួយ មិនគិតពីព្រំដែនរដ្ឋបាលបច្ចុប្បន្ន។ ពេលព្រឹកអ្នកស្រុករៀបចំកិច្ចពិធីនៅក្នុងបរិវេណវត្តកំពង់ក្តីតាមទំនៀមព្រះពុទ្ធសាសនា។ ពេលរសៀលគឺមានសារសំខាន់ទាក់ទងនឹងទំនៀមអ្នកស្រុកផ្ទាល់ ដោយពុំមានវត្តមានព្រះសង្ឃទេ គឺចាស់ទុំព្រឹទ្ធាចារ្យក្នុងសហគមន៍ដឹកនាំកិច្ចពិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីដំបូង អ្នកស្រុកបានរៀបចំពិធីបន់ស្រន់សុំម្ចាស់ទឹកដី ដែលជាអ្នកតាប្រចាំសហគមន៍នៅទីមួយខាងឥសានស្ពានកំពង់ក្តី ដែលមានឈ្មោះបីផ្សេងគ្នា គឺអ្នកតាគង់ អ្នកតាសំរោងឬដំបងដែក និងអ្នកមុខរាហ៍។ គ្រឿងរណ្តាប់នៅចំពោះអ្នកតាទាំងបីនេះមានភ្ញីផ្កា បាយសី គ្រឿងក្រអូប ទៀនធូប ផ្លែឈើ បង្អែម ភេសជ្ជៈ ចំអាបមាន់ស្ងោរ ក្បាលជ្រូក បាយសម្លច្រើនមុខជាដើម ដែលមានដូចគ្នានឹងកិច្ចពិធីបួងសួងដទៃទៀតដែរ។ ប៉ុន្តែនៅទីនេះ មានអ្វីដែលប្លែកហើយពុំមាននៅទីណាក្នុងពិធីរបៀបនេះ នោះគឺខ្សែព្រ័ត្រ ស្រូវ រនាស់ ចប ជនីក អំបោស។ល។ រីឯដំណើរការកម្មវិធីវិញ មានបញ្ចូលរូបស្នងលោកតាទាំងបី ភ្ជួររាស់ កាប់គាស់ បោសសម្អាត ព្រោះស្រូវ រាំជារបាំឆ្វែលខ្ទមអ្នកតាបីជុំ និងបញ្ចប់ដោយទាញព្រ័ត្រដែលមានម្ខាងបុរស និងម្ខាងស្រ្តី។

បន្ទាប់ពីបញ្ចប់កិច្ចនៅខ្ទមអ្នកតាទាំងបីរួចហើយ អ្នកចូលរួមបានលើកគ្នាទៅកាន់ស្ពានបុរាណកំពង់ក្តីដើម្បីបន្តកិច្ចពិធីបន្ទាប់តាមទម្លាប់។ ជាដំបូងអ្នកស្រុកមកធ្វើកិច្ចពិធីបូងសួងនៅក្បាលស្ពានខាងកើតផ្នែកឦសាន ដោយមានគ្រឿងរណ្តាប់ផ្កាភ្ញី គ្រឿងក្រអូប ផ្លែឈើ ភេសជ្ជៈ បង្អែមចំអាប់ តែគ្មានស្រូវនិងគ្រឿងកសិកម្មទេ។ ពិធីបួងសួងដំណើរការអមដោយភ្លេងបុរាណផង។ ពេលចប់កិច្ចបួងសួង អាចារ្យតម្រូវឱ្យអ្នកស្រុកយកទឹកទៅលាងនាគដែលជាបង្កាន់ដៃ និងក្បាលស្ពានផង។ បន្ទាប់មក អ្នកស្រុកបានរៀបចំទាញព្រ័ត្រនៅលើដងស្ពានបុរាណផ្ទាល់បន្តទៀត ដែលលើកទីមួយ នៅខាងលិចជាក្រុមនារី ខាងកើតជាក្រុមបុរស។ លើកទី២ ខាងកើតប្តូរមកក្រុមបុរសម្តង ខាងលិចប្តូរមកក្រុមនារីវិញ។ នៅចន្លោះពេលសម្រាកពីទាញព្រ័ត្រម្តង តែងមានការចាក់ទឹក និងរាំឆ្វែលជារង្វង់ រួចបន្តទាញបន្តទៀត រហូតដល់ចំនួនកំណត់របស់លោកអាចារ្យ និងចុងក្រោយអ្នកភូមិនាំគ្នាទៅទាញព្រ័ត្រផ្តាច់នៅសាលាឆទានជាកិច្ចបញ្ចប់។ សូមបញ្ជាក់ថា ពិធីទាញព្រ័ត្រនេះ បានរៀបចំមិនដែលអាក់ខានទេ ទោះនៅក្នុងសម័យកូវិតក៏ដោយ តែគ្រាន់តែបន្ថយចំនួនមនុស្សចូលរួម និងអនុវត្តតាមវិធានការណ៍សុខាភិបាល។

មូលហេតុនៃការរៀបចំកិច្ចពិធីដ៏មានសារសំខាន់នេះ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាលនិងផ្សព្វផ្សាយ បានផ្តល់ការយល់ឃើញរបស់លោកមកថា នេះមិនមែនពិធីបុណ្សទាក់ទងនឹងព្រះពុទ្ធសាសនាទេ។ ជាប្រពៃណី ទំនៀមទម្លាប់របស់សហគមន៍មនុស្សជុំវិញស្ពានបុរាណនៅកំពង់ក្តីនេះផ្ទាល់។ មិនមែនជាចៃដន្យ ដែលពិធីនេះរៀបចំទ្បើងនៅថ្ងៃ១កើត ខែពិសាខ ពោលគឺបានឆ្លងផុតចេត្រ ផុតឆ្នាំចាស់ បានចូលមកឆ្នាំថ្មី ឬនិយាយបានម៉្យាងទៀតថា វេលាដែលចេញផុតពីវដ្តកសិកម្មចាស់ ចូលមកវដ្តកសិក្មថ្មី គឺរដូវវស្សាបានមកដល់ហើយ។

អ្នកស្រុកបានរៀបចំជាកិច្ចពិធីតាមទំនៀមទម្លាប់របស់ខ្លួន ទាញព្រ័ត្រឆ្លងឆ្នាំ ដោយផ្តាច់ព្រ័ត្រជាឆ្នាំចាស់ ដើម្បីឆ្លងមកឆ្នាំថ្មី។ ចាក់ទឹកលើកនាគ ចាក់ទឹកលើមនុស្សចូលរួមជាកិច្ចថានឹងបានភ្លៀងខែវស្សា នាគបានទម្លាក់ទឹកមកពីលើមេឃ។ បោសសម្អាតលានស្រែ ភ្ជួររាស់ កាប់គាស់ សាបព្រោះស្រូវ គឹការងារកសិកម្មរបស់សហគមន៍បានមកដល់ ដោយមានម្ចាស់ទឹកដី អ្នកតាទាំងបីឱ្យពរជ័យ បានភ្លៀងច្រើន គ្មានរន្ទះ ទទួលបានខ្យល់ស្លូត ជៀសផុតរោគភ័យ កសិផលបានច្រើន សហគមន៍ចម្រុងចម្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣៧ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៥៥ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម