វប្បធម៌ ជំនឿ
ឆ្នាំរោងនេះ តើឆ្នាំណារាសីឡើង បើឆ្នាំរាសីចុះ គួរបញ្ចៀសគ្រោះដូចម្ដេចកុំឱ្យចំណាយច្រើន?
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង ឆស័ក នឹងឈានចូលនៅថ្ងៃស្អែក ថ្ងៃសៅរ៍ ៥កើត ខែចេត្រ ពទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២៤ នេះហើយ។ តាមក្បួនហោរាខ្មែរបុរាណនៅក្នុងអំឡុងឆ្នាំរោងនេះ ក្នុងចំណោមអ្នកើតឆ្នាំទាំង១២ តើអ្នកកើតឆ្នាំណាខ្លះមានរាសីឡើង អ្នកកើតឆ្នាំណាខ្លះរាសីមធ្យម ហើយអ្នកកើតឆ្នាំណាខ្លះរាសីធ្លាក់ចុះ និងគួរធ្វើដូចម្ដេចដើម្បីបញ្ចៀសគ្រោះ ហានិភ័យ ពិសេសដោយមិនបាច់ចំណាយច្រើន?

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ អនុប្រធាន អចិន្ត្រៃយ៍ នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការទស្សន៍ទាយរបស់លោក គឺធ្វើតាមក្បួនខ្មែរពីបុរាណ ដោយបង្ហាញដួងជតា អ្នកកើតឆ្នាំទាំង១២ ក្នុងឆ្នាំរោងនេះ មាន ៣ថ្នាក់ គឺឆ្នាំរាសីឡើងខ្ពស់ ឡើងទាំងកិច្ចការងារ សុខភាព មុខរបររីកចម្រើនល្អ មានឆ្នាំ ជូត វត រកា។ ចំណែក អ្នកមានរាសីមធ្យម គឺឆ្នាំ ខាល មមី ម្សាញ់ កុរ និង អ្នករាសីមិនល្អមានឆ្នាំ ច រោង ថោះ មមែ ឆ្លូវ។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា ទោះអ្នកកើតចំមិនរាសីល្អ ឬរាសីមិនសូវល្អក៏ដោយ គឺនៅស្ថិតលើការព្យាយាម ខិតខំប្រឹងប្រែងដែរ។ បើថារាសីល្អហើយ ប៉ុន្តែមិនធ្វើការងារ ក៏មិនអាចទទួលផល។ ចំណែកអ្នកឆ្នាំរាសីធ្លាក់ ក៏មិនត្រូវដេកដួលថា មិនធ្វើការងារ ឬបោះទុនធ្វើជំនួញដែរ គ្រាន់តែត្រូវប្រុងប្រយ័ត្ន ក្នុងការធ្វើការ ឬបោះទុន ទាំងឡាយឱ្យបានល្អិតល្អន់ នោះអាចប្រសើរហើយ។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “ខ្ញុំសូមជម្រាបថា ក្បួនហោរា មិនមែននិយាយថា ល្អ ឬអាក្រក់គឺពិត ១០០% ទេ សំខាន់ពេលណារាសីយើងដាក់ យើងអាចកែ យើងអាចប្រុងប្រយ័ត្ន។ បើសិនក្បួនថា អាក្រក់ យើងនឹងទទួលផលអាក្រក់នោះ អ៊ីចឹងគេមិនបាច់ធ្វើក្បួនទេ ចាំថ្ងៃណាមកដល់ ចាំទទួលហ្មងទៅ តែមានក្បួនគឺដើម្បីយើងប្រុងប្រយ័ត្ន”។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍ថា បើអ្នកកើតឆ្នាំរាសីមិនល្អ គឺអាចបញ្ចៀសគ្រោះដោយធ្វើពិធីកាត់គោះ បំបាត់គ្រោះ ឬលើករាសី ដោយអាចធ្វើពិធីរំដោះគ្រោះនេះជាមួយព្រះសង្ឃ ឬគ្រូអាចារ្យដែលមានជំនាញ ឬគេអាចដាក់បាត្រព្រះសង្ឃឱ្យបានញឹកញាប់ សុំឱ្យម្ដាយឪពុកស្រោចទឹក និងខំធ្វើល្អ អាចពន្លែងសត្វជាដើម។
ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា៖ “គ្រោះដែលកើតឡើង អាស្រ័យលើម្ចាស់កម្មពៀរ មានកម្មពៀរជាមួយអ្នកណា នៅពេលណា ហើយពេលបច្ចុប្បន្ននេះ អាចគ្រោះនោះមកទាន់ ឬមិនទាន់ ក៏អាស្រ័យអំពើយើងធ្វើដែរ។ បើយើងធ្វើល្អរហូត គ្រោះទាំងឡាយ ឬកម្មពៀរទាំងឡាយនោះ មិនអាចមកជួបយើងបានដែរ”។

ព្រឹទ្ធាចារ្យ អ៊ឹម បុរិន្ទ បានផ្ដាំថា សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ ខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យទានតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ។

គួរបញ្ជាក់ថា ឆ្នាំថ្មីឆ្នាំរោងនេះ សង្ក្រាន្តនឹងចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ពទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២ និង ២៤នាទី។ ទេវធីតាមួយព្រះអង្គជាមគ្គនាយិកា ព្រះនាម មហោធរទេវី ជារាជបុត្រីទី៧ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ (ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង) ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្តេចមយូរា (ក្ងោក) ជាយានពាហនៈ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


