Connect with us

ព័ត៌មានជាតិ

​វិស័យ​អចលនទ្រព្យកម្ពុជា ​បន្តធ្លាក់ចុះ ​ក្រោយផ្ទុះសង្គ្រាម​កម្ពុជា-ថៃ​

បានផុស

នៅ

ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចតំបន់ សកលហាក់នៅប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ជុំវិញបញ្ហានៃការឡើងកំដៅភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្មនៃប្រទេសមហាអំណាច ជាពិសេស ចិន និងអាមេរិក វិស័យអចលនទ្រព្យនៅកម្ពុជានៅតែពុំទាន់មានភាពល្អប្រសើរនៅឡើយគិតចាប់តាំងពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧញ៉ា​បណ្ឌិត ​គីម ​ហ៊ាង ​នាយកប្រតិបត្តិ KW Cambodia ប្រាប់កម្ពុជាថ្មីថា ​កាលពីដើមឆ្នាំ ២០២៥ ​វិស័យអចលនទ្រព្យ ​បានចាប់ផ្ដើមងើបឡើងវិញ ​លុះដល់ចាប់ផ្ដើមផ្ទុះសង្គ្រាមកម្ពុជា-ថៃ ​សកម្មភាពទិញ-លក់ ​បន្តធ្លាក់ចុះវិញ។

​លោកឧញ៉ា​យល់ឃើញថា៖ «​វិបត្តិអចលនទ្រព្យកម្ពុជា ​បានកើតឡើង ​តាំងពីផ្ទុះកូវីដ-១៩ ​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ​ហើយនៅដើមឆ្នាំ ២០២៥ ​ឃើញឡើងវិញ ​ដល់ចាប់ពីខែ ៦ មក ​វាចាប់ផ្ដើម​ត្រឡប់ទៅដូច ​ឆ្នាំ ២០២៣ ឬ ២០២៤ បើថាធ្លាក់គឺវាមិនធ្លាក់ទេ គ្រាន់តែវាមិនឡើងវិញ ហើយ​ការ​ទិញ-លក់មានភាពតឹងតែង»។

​លោកស្រី ​គឹម គិនកេសា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ផ្នែកទីផ្សារលំ​នៅ​ឋាន និងដីធ្លី ការផ្គត់ផ្គង់នៅ​មានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់ នៅឆ្នាំ ២០២៤ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់​គម្រោង​គាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយក គម្រោង​ដែល​នៅសល់ចាស់ៗ។

​វិស័យអចលនទ្រព្យមានកំណើនទាប ០,៨% នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ ដោយសារ​តែការធ្លាក់ចុះ នៃតម្លៃ និងទំហំឥណ​ទានសម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគ​ផ្ទាល់​បរទេសក្នុងវិស័យនេះមានការធ្លាក់ចុះ។ ​

​យោងតាមធនាគារជាតិនៃកម្ពុជានៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ បង្ហាញថា សន្ទស្សន៍ថ្លៃលំនៅឋាន បាន​រួមថយ​ចុះ​ជាមធ្យម ៣,៦% ដែលក្នុងនោះ​នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តបានថយចុះ ៣,៦% និង ៧,១% រៀងគ្នា ខណៈទំហំឥណទានសម្រាប់លំនៅឋាន បានធ្លាក់ចុះប្រមាណ ១៧%។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យអចលនទ្រព្យត្រូវបានប៉ាន់ស្មានថា នឹងថយចុះ​ក្នុង​រង្វង់ ២,៤% នៅក្នុងឆ្នាំ ២០២៥ ដែលបន្តគាំទ្រដោយចរន្តទិញ-លក់លំនៅឋាន ជាពិសេស​ខុនដូ ដែលជំរុញដោយតម្រូវការក្នុងស្រុក ស្របពេលសកម្មភាពអចលនទ្រព្យ​បម្រើឱ្យវិស័យ​ឧស្សា​ហ​កម្ម​នៅតែបន្តរក្សាបានភាពរឹងមាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម