សេដ្ឋកិច្ច
កម្ពុជា-ចិន ប្រកាសចាប់ផ្តើមអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា ៨ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ហែម វណ្ណឌី និងលោក Wang Wenbin នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ គម្រោងស្រាវជ្រាវរួមគ្នាកម្ពុជា-ចិន ចំនួន ៨ គម្រោង ត្រូវបានប្រកាសចាប់ផ្តើមអនុវត្ត ដែលជាការបើកទំព័រថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ។

គម្រោងស្រាវជ្រាវទាំងនេះផ្តោតលើវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា រួមមានសន្តិសុខស្បៀង សុខភាពសាធារណៈ និងការអភិវឌ្ឍឌីជីថល។
ភាពជាដៃគូនេះត្រូវបានកសាងដោយផ្អែកលើ “កិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” និងអនុស្សរណៈនៃការយោគយល់រវាងប្រទេសទាំងពីរ។ ដំណើរការបានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹងកិច្ចប្រជុំលើកទីមួយ នៃគណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអន្តររដ្ឋាភិបាល ចិន-កម្ពុជា ដែលបានកំណត់វិស័យអាទិភាពសម្រាប់កម្មវិធីស្រាវជ្រាវរួមគ្នា។
សំណើគម្រោងចំនួន ៨ ក្នុងចំណោមសំណើប្រមាណ ៧០ ដែលបានដាក់ស្នើដោយក្រុមស្រាវជ្រាវមកពីប្រទេសទាំងពីរ ត្រូវបានជ្រើសរើស។ ការណ៍នេះបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការជ្រើសរើសគម្រោងប្រកបដោយភាពប្រកួតប្រជែង។
លោក Dai Gang អគ្គនាយកនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ចិន បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះមានគោលដៅផ្តល់នូវផ្លែផ្កានវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាគុណប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី។
ទន្ទឹមនេះលោកបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងទាំងនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍទេពកោសល្យ ពង្រឹងទំនាក់ទំនងស្ថាប័នកាន់តែស៊ីជម្រៅ និងជំរុញការស្រាវជ្រាវរួមគ្នា ដែលគាំទ្រអាទិភាពអភិវឌ្ឍន៍ជាតិ។

វិស័យស្នូលចំនួន ៤ នៃកម្មវិធីស្រាវជ្រាវរួមគ្នានេះ មានបច្ចេកវិទ្យាអាហារ, បច្ចេកវិទ្យាជីវសាស្រ្តសម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល និងបរិស្ថាន, បញ្ញាសិប្បនិម្មិត (AI) ដើម្បីកសាងសមត្ថភាពឌីជីថល, និងវិទ្យាសាស្រ្តទិន្នន័យ ដើម្បីពង្រឹងការវិភាគ និងការសម្រេចចិត្តផ្អែកលើភស្តុតាង។
វដ្តនៃការអនុវត្តគម្រោងទាំងនេះត្រូវបានកំណត់សម្រាប់រយៈពេល ២ ឆ្នាំ។ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ចិន នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុរហូតដល់ ២ លានយ៉ន់ ឬប្រមាណ ២៨ ម៉ឺនដុល្លារអាមេរិក សម្រាប់ក្រុមស្រាវជ្រាវនីមួយៗរបស់ប្រទេសចិន។ ទន្ទឹមនឹងនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា នឹងផ្តល់ការគាំទ្រស្ថាប័ន និងបដិភាគដល់អ្នកស្រាវជ្រាវកម្ពុជា។
ប្រទេសទាំងពីរក៏នឹងបន្តកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាផ្សេងៗ ដូចជាគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ និងគណៈកម្មាធិការរួមអាស៊ាន-ចិនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីគាំទ្រដល់វឌ្ឍនភាពវិទ្យាសាស្ត្រក្នុងតំបន់៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


