Connect with us

សេដ្ឋកិច្ច

អូស្រ្តាលីវិនិយោគនៅអាស៊ីអាគ្នេយ៍៖ តាមរយៈយុទ្ធសាស្ត្រសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០ របស់អូស្ត្រាលី-ខួបពីរឆ្នាំ

បានផុស

នៅ

អូស្រ្តាលី និងកម្ពុជា ជាមិត្តសហការជិទ្ធស្និត និងជាដៃគូដែលមានទំនាក់ទំនងយូរអង្វែង។ អូស្រ្តាលីបានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជាតាំងពីឆ្នាំ១៩៥២ ហើយនឹងអបអរខួបលើកទី៧៤ នៃទំនាក់ទំនងនេះនៅដើមឆ្នាំក្រោយ។

យ៉ាងណាមិញទំនាក់ទំនងពាណិជ្ជកម្មរវាងអូស្រ្តាលី និងអាស៊ីអាគ្នេយ៍ មានប្រវត្តិយូរលង់ណាស់មកហើយ។ រយៈពេលរាប់រយឆ្នាំមុន ក្រុមអ្នកធ្វើដំណើរតាមសមុទ្រពីតំបន់នេះ បានធ្វើដំណើរទៅកាន់អូស្រ្តាលីភាគខាងជើង ដើម្បីធ្វើពាណិ​ជ្ជកម្មជាមួយជនជាតិដើមរបស់អូស្ត្រាលី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


រយៈពេលកន្លងបន្ទាប់មក អូស្រ្តាលី និងប្រទេសនៅក្នុងតំបន់ បានបោះជំហានសំខាន់ៗជាច្រើនរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសពួកយើង។

នៅក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មរវាងអូស្ត្រាលី និងកម្ពុជា បានកើនឡើងដល់ ១,៧ ពាន់លានដុល្លារអូស្ត្រាលី ដែលបានចូលរួមបង្កើតការងារ និងជំរុញសេដ្ឋកិច្ចឱ្យរីកចម្រើន។

ការធ្វើការងាររួមគ្នា ដើម្បីថែរក្សាប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ និងបន្តវិនិយោគលើភាពធន់របស់សេដ្ឋកិច្ចរបស់ប្រទេសពួកយើង គឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់។

ក្នុងនាមជាដៃគូសន្ទនាទីមួយ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាន អូស្រ្តាលីប្តេជ្ញាធ្វើការជាមួយប្រទេសនៅក្នុងតំបន់ ដើម្បីគាំទ្រពាណិជ្ជកម្មសេរី យុត្តិធម៌ និងបើកចំហរ។

ស្របតាមប្រធានបទរបស់ប្រធានអាស៊ានឆ្នាំ២០២៥  ដែលផ្តោតលើបរិយាបន្ន និងនិរន្តរភាព ពួកយើងកំពុងធ្វើការជាមួយតំបន់ ដើម្បីជំរុញស្ថិរភាព និងវិបុលភាពនៃសេដ្ឋកិច្ចរួមគ្នា។

សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងយន្តការដឹកនាំដោយសមាគមន៍នេះ ជាស្នូលជួយដល់ការជម្រុញកំណើន និងសមាហរន្តកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយយើងនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែស៊ីជម្រៅ តាមរយៈគំនិតផ្តួចផ្តើមជាក់ស្តែងនានា។

កាលពីរឆ្នាំមុន អូស្រ្តាលីបានដាក់ចេញផែនការយុទ្ធសាស្ត្រវិនិយោគសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០ (Invested: Australia’s Southeast Asia Economic Strategy to 2040) ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ជាមួយអាស៊ីអាគ្នេយ៍។ យើងបានឃើញសញ្ញាវិជ្ជមានមួយចំនួន។

ក្នុងឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអូស្ត្រាលី និងអាស៊ីអាគ្នេយ៍ បានកើនឡើងប្រមាណជិត ៦ ពាន់លានដុល្លារអូស្ត្រាលី ជាមួយនឹងកំណត់ត្រានៃការនាំចូលសំខាន់ៗ រួមមាន ស្រូវសាលី សាច់គោ ផលិតផលសមុទ្រ និងផលិតផលទឹកដោះគោ នាំពីអូស្ត្រាលីចូលទៅកាន់ប្រទេសនៅក្នុងតំបន់ ហើយការនាំចូលផលិតផលពីប្រទេសនៅក្នុងតំបន់ទៅកាន់អូស្ត្រាលីក៏មានកំណើនផងដែរ។


ទំហំនៃការវិនិយោគសរុបរបស់អូស្រ្តាលីនៅក្នុងអាស៊ីអាគ្នេយ៍បានកើនឡើងជិត ២ពាន់លានដុល្លារអូស្រ្តាលី។​ ការវិនិយោគនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងទំនុកចិត្តយូរអង្វែង លើសក្តានុពលនៃកំណើនរបស់អាស៊ីអាគ្នេយ៍។

មកដល់បច្ចុប្បន្ននេះ ការវិនិយោគថ្មីៗរបស់អូស្ត្រាលីនៅក្នុងអាស៊ីអាគ្នេយ៍មានទំហំប្រមាណជាង ១,២ពាន់លានដុល្លារ អូស្ត្រាលី ដែលស្ថិតនៅក្រោមផែនការយុទ្ធសាស្ត្រវិនិយោគ(Invested) ហើយយើងកំពុងធ្វើការ ដើម្បីដោះស្រាយអាទិភាពសំខាន់ៗរួមគ្នាដូចជា ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាតជាដើម។

ការវិនិយោគដំបូងរបស់អូស្ត្រាលីក្រោមគម្រោងហិរញ្ញប្បទានវិនិយោគអាស៊ីអាគ្នេយ៍ (The Southeast Asia Investment Financing Facility) ដែលជាការផ្តួចផ្តើមនៅក្រោមផែនការយុទ្ធសាស្ត្រវិនិយោគ(Invested) មានទំហំប្រមាណ ៧៥ លាន ដុល្លារអូស្ត្រាលី ផ្តល់ដល់គម្រោងភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពរបស់អាស៊ី (Financing Asia’s Sustainable Transition Partnership- FAST-P)។ ការវិនិយោគនៅក្នុងគម្រោង FAST-P នេះមានគោលបំណងគាំទ្រដល់ការផ្លាស់ប្តូរទៅថាមពលស្អាតនៅក្នុងតំបន់។

ទន្ទឹមនេះ ស្ថាប័នហរិញ្ញវត្ថុគាំទ្រការនាំចេញអូស្ត្រាលី (Export Finance Australia) ក៏បានវិនិយោគបន្ថែមប្រមាណ១០០ លានដុល្លារអូស្ត្រាលីទៀត ដែលធ្វើឱ្យការវិនិយោគរបស់អូស្រ្តាលីទៅលើគម្រោង FAST-P មានចំនួនសរុបប្រមាណ ១៧៥ លានដុល្លារអូស្ត្រាលី។

កាលពីប៉ុន្មានសប្តាហ៍មុន នៅទីក្រុងគួឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី បានប្រកាសការវិនិយោគថ្មីចំនួនពីរបន្ថែមទៀត ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្រវិនិយោគ(Invested) របស់អូស្ត្រាលីនៅក្នុងតំបន់។

ការវិនិយោគទីមួយគឺការវិនិយោគជាភាគហ៊ុនប្រមាណ ១៧៥ លានដុល្លារអូស្ត្រាលី ទៅក្នុងមូលនិធិអាស៊ីប៉ាស៊ីហ្វិករបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IFM Investors’ Asia-Pacific Fund) និងការវិនិយោគទម្រង់ជាភាគហ៊ុនទីពីរមានទំហំប្រមាណ ៧៧ លានដុល្លារអូស្ត្រាលី ដើម្បីចូលរួមជួយក្រុមហ៊ុន Plenary បង្កើតមូលនិធិភាពជាដៃគូរវាង សា្ថប័នរដ្ឋ និងឯកជន នៅក្នុង អាស៊ីអាគ្នេយ៍។

ការវិនិយោគថ្មីៗ នៅក្រោមផែនការយុទ្ធសាស្ត្រវិនិយោគ (Invested) បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល អូស្ត្រាលីក្នុងការនាំវិនិយោគពីអូស្ត្រាលីចូលមក អាស៊ីអាគ្នេយ៍ ដើម្បីផ្តល់កាលានុវត្តភាពដល់វិនិយោគិនឯកជន ចូលរួមវិនិយោគលើគម្រោងហេដ្ឋារចនាសាធារណៈសំខាន់ៗ និងគម្រោងថាមពលស្អាតនៅទូទាំងតំបន់។​

ប៉ុន្តែពាណិជ្ជកម្ម និងការវិនិយោគមិនបង្ហាញត្រឹមតែជាតួលេខប៉ុណ្ណោះទេ វាបញ្ជាក់អំពីទំនាក់ទំនងរវាងមនុស្សជាតិ ការងារ វប្បធម៌ និងការកសាងអនាគតរួមផងដែរ។

បច្ចុប្បន្ន មាននិស្សិតកម្ពុជាចំនួនប្រមាណពី ៤​​ ០០០ ទៅ ៥ ០០០ នាក់ កំពុងសិក្សានៅប្រទេសអូស្ត្រាលី ដែលធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសគោលដៅសិក្សាទីមួយក្នុងចំណោមប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេស សម្រាប់និស្សិតកម្ពុជា។

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន និងមានសក្តានុពលខ្លាំង។ ការអប់រំ និងការអភិវឌ្ឍជំនាញប្រកបដោយគុណភាពខ្ពស់ នឹងមានសារៈសំខាន់ក្នុងការជួយឱ្យកម្ពុជាអភិវឌ្ឍ និងបន្តការលូតលាស់នៃសេដ្ឋកិច្ច។

បទពិសោធន៍នៃការសិក្សានៅប្រទេសអូស្ត្រាលី បានផ្តល់ជំនាញដែលមានតម្លៃដល់និស្សិត និងជួយបង្កើតទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងមិត្តភាពយូរអង្វែងរវាងអូស្ត្រាលី និងកម្ពុជា។ បច្ចុប្បន្ន អូស្ត្រាលីមានប្រជាជនជាងមួយលាននាក់ ដែលមានដើមកំណើតពីអាស៊ីអាគ្នេយ៍។

ទំនាក់ទំនងទាំងនេះហើយ ដែលជួយជំរុញការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសយើង។ ស្ថាប័នអប់រំល្បីៗ របស់អូស្ត្រាលីកំពុងពង្រីកចូលទៅក្នុងតំបន់។ កាលពីខែមុន ខ្ញុំ បានចូលរួមជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្នុងពិធីបើកសម្ភោធដំណើរការសាកល្បងមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅរាជធានីភ្នំពេញ ដែលជាកិច្ចសហការរវាង ក្រុមហ៊ុន RMA Group និង វិទ្យាស្ថាន Bendigo Kangan (BKI) របស់ប្រទេសអូស្រ្តាលី។

តាមរយៈការសហការរួមគ្នាលើគម្រោងនេះ វានឹងនាំមកនូវការបណ្តុះបណ្តាលដែលមានស្តង់ដារអន្តរជាតិសម្រាប់និស្សិតកម្ពុជា ភាពជាដៃគូរឹងមាំជាមួយឧស្សាហកម្ម និងឱកាសទទួលបានការអនុវត្តជាក់ស្តែង ដើម្បីជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍវិស័យយានយន្ត។ អូស្រ្តាលីពិតជាមានមោទនភាពដែលបានចូលរួមក្នុងដំណើរនេះ។

វិធីចម្បងមួយក្នុងការលើកកម្ពស់ការវិនិយោគរបស់អូស្ត្រាលី និងទំនាក់ទំនងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ គឺការនាំយកអាជីវកម្ម និងស្ថាប័នអូស្ត្រាលីចូលមកក្នុងតំបន់។

កាលពីដើមឆ្នាំ២០២៥ នេះ យើងបាននាំគណៈប្រតិភូជាន់ខ្ពស់របស់សាកលវិទ្យាល័យ និងអ្នកផ្តល់សេវាអប់រំ ពី អូស្ត្រាលី មកកាន់រាជធានីភ្នំពេញតាមរយៈបេសកកម្មពាណិជ្ជកម្ម ដើម្បីស្វែងរកកាលានុវត្តភាពជាដៃគូ និងការអប់រំអន្តរជាតិឆ្លងប្រទេស។

គិតត្រឹមបំណាច់ឆ្នាំ២០២៥ អូស្ត្រាលីនឹងនាំម្ចាស់អាជីវកម្មប្រមាណជាង ៥០០នាក់ តាមរយៈការចូលរួមក្នុងបេសកកម្មពាណិជ្ជកម្ម និងវិនិយោគ ចំនួន២១ មកកាន់ទូទាំង អាស៊ីអាគ្នេយ៍ ដើម្បីបង្កើតទំនាក់ទំនងថ្មីៗដែលមានសក្តានុពល បង្កើតភាពជាដៃគូ និងជម្រុញការរីកចម្រើនរួមគ្នា។

ក្រុមការងារកិច្ចការពាណិជ្ជកម្ម និងវិនិយោគ (Deal Teams) របស់យើងទូទាំង អាស៊ីអាគ្នេយ៍ កំពុងបង្កើតបណ្តាញទំនាក់ទំនងសម្រាប់អាជីវកម្មអូស្ត្រាលី ដោយនាំយកវិនិយោគិនធំៗពីអូស្ត្រាលី ដើម្បីស្វែងរកឱកាសវិនិយោគដែលមាននៅក្នុងតំបន់។

នៅកម្ពុជា យើងបានឃើញការងារសំខាន់ៗ របស់ក្រុមហ៊ុន Renaissance Metals ដែលជួយជំរុញសក្តានុពលវិស័យធនធានរបស់កម្ពុជា។ ការវិនិយោគរបស់អូស្ត្រាលីនាំមកនូវស្តង់ដារអន្តរជាតិសម្រាប់បរិស្ថាន សង្គម និងការគ្រប់គ្រង (ESG) ដែលជួយឱ្យកម្ពុជាកសាងសេដ្ឋកិច្ចកាន់តែរឹងមាំ និងមានភាពធន់ខ្ពស់។

នៅក្នុងឆ្នាំនេះ ក៏មានការកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវ៉ែលសេឡង់ (AANZFTA) ផងដែរ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយមានគុណភាពខ្ពស់បំផុតរបស់ អាស៊ីអាគ្នេយ៍។

ជាមួយនឹងច្បាប់ថ្មីសម្រាប់ពាណិជ្ជកម្មឌីជីថល ការការពារអ្នកប្រើប្រាស់កាន់តែខ្លាំង ការចូលទៅកាន់ទីផ្សារប្រភេទសេវាកម្មកាន់តែច្រើននិងកាលានុវត្តភាពថ្មីៗសម្រាប់អាជីវកម្មតូចៗ ការកែរសម្រួលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវ៉ែលសេឡង់ (AANZFTA) បានផ្តល់អត្ថប្រយោជន៍ជាច្រើន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវ៉ែលសេឡង់(AANZFTA) និងកិច្ចព្រមព្រៀងសេរីផ្សេងៗរបស់យើង ជួយពង្រឹងតំបន់ដែលផ្តល់តម្លៃដល់ការបើកចំហរ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយដល់ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់អន្តរជាតិ។

យើងក៏បានកែលម្អលទ្ធភាពទទួលបានទិដ្ឋាការ កាត់បន្ថយនីតិវិធីស្មុគស្មាញ និងធ្វើឱ្យក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍អាចធ្វើអាជីវកម្មនៅប្រទេសអូស្ត្រាលីបានងាយស្រួលជាងមុន។ តាមរយៈច្រកសម្រាប់អ្នកវិនិយោគ(Investor Front Door) របស់អូស្ត្រាលី យើងកំពុងធ្វើឱ្យដំណើរការនេះកាន់តែលឿន និងមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគអាស៊ីអាគ្នេយ៍ក្នុងការគាំទ្រគម្រោងធំៗនៅប្រទេសអូស្ត្រាលី។

អត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការកំពុងមានលំហូរទៅវិញទៅមក។ តាមរយៈការកំណត់អាទិភាពនៃច្បាប់ ភាពធន់ និងទំនាក់ទំនងរបស់យើង យើងនឹងបន្តពង្រឹងសេដ្ឋកិច្ច និងសហគមន៍របស់ពួកយើង ពីព្រោះការចូលរួមសេដ្ឋកិច្ចកាន់តែច្រើន នាំអត្ថប្រយោជន៍មកឱ្យយើងទាំងអស់គ្នាកាន់តែប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម