Connect with us

សេដ្ឋកិច្ច

ARDB បន្តជំរុញការងារដាំដុះក្នុងផ្ទះសំណាញ់ ដើម្បីផ្គត់ផ្គង់បន្លែដល់ជនភៀសសឹក

បានផុស

នៅ

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា ​អគ្គនាយក និងជាសមាជិកក្រុមប្រឹក្សាភិបាល​នៃធនា​គា​​​រ ARDB បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ កិច្ចការងារ​លើ​ការ​ដាំ​ដុះ​ ក្រុមការងារ​បាន​និង​កំពុង​ធ្វើ​ជាប់​ជា​ប្រចាំ​ដោយ​បាន​ពង្រីក​បន្ថែម​នូវ​សកម្មភាព ក៏​ដូច​ជា​​ការ​ជំរុញ​បន្ថែម​នូវ​សកម្មភាព​ផ្ទះ​សំណាញ់​ផ្សេង​ៗ​បង្កើន​ការ​ដាំដុះ​បន្លែ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ទៅដល់​ជនភៀសសឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់ «​កម្ពុជា​ថ្មី​» លោក កៅ ថាច បាន​លើក​ឡើង​​ថា ការងារ​ដាំដុះបន្លែ​ក្នុង​ផ្ទះសំណាញ់​​គម្រោង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ដែល​យើង​រុញ​ទៅ​ជាមួយ​សហគមន៍​កសិកម្ម​ទំនើប និងសហគមន៍​កសិកម្ម​ធម្មតា ក៏​ដូច​ជា​​ជាមួយនឹង​វិស័យ​ឯកជន​មួយ​ចំនួន​​ផង​ដែរ​ ដើម្បី​បង្កើន​សកម្មភាព​ដាំដុះ​ឱ្យ​កាន់​តែ​បាន​ច្រើន​ជាង​មុន​។

លោក​បាន​បញ្ជាក់​ថា «គោលដៅ​របស់​យើង​គឺ​មិន​មែន​ធ្វើ​សម្រាប់​តែ​រយៈ​ពេល​ខ្លះ​ប៉ុណ្ណោះ​ទេ​ គឺ​យើង​ត្រូវ​គិត​គូរ​បន្ថែម​ទៀត ក្រោយ​ពី​ជនភៀសសឹក​ តើ​ត្រូវ​រៀបចំ​ឱ្យ​មាន​អ្វី​បន្ថែម​ទៀត​ ដែល​ការងារ​នេះ​ភាគច្រើន​គឺ​សហការណ៍​ជា​មួយ​សហគមន៍​កសិកម្ម​ទំនើប និង​សហគមន៍​កសិកម្ម​ធម្មតា ដែល​ផ្តោត​ទៅ​លើ​ការ​ពង្រីក​ការងារ​ដាំដុះ និង​ការ​ពង្រីក​ផ្ទះ​សំណាញ់​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​»។

លោក កៅ ថាច បាន​បញ្ជាក់​ថា ក្នុង​នោះ​សម្រាប់​បន្លែ​ដាំ​ដុះ​នៅ​ក្នុង​ផ្ទះសំណាញ់​ភាគ​ច្រើន​សុទ្ធសឹងតែជា​សមាជិក​ចាស់​ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការ​ដាំ​ដុះ ជា​ពិសេស​លើ​ប្រភេទ​បន្លែ​ស្លឹក​ និង​បន្លែ​ផ្លែ​ ដែល​អាច​ប្រមូល​ផល​បាន​ក្នុង​រយៈ​ពេល​ខ្លី។

ជា​មួយ​គ្នា​នេះ លោក ឈឹម វជិរ៉ា ប្រធាន​មន្ទីរ​កសិកម្ម រុក្ឋា​ប្រមាញ់ និង​នេសាទ ខេត្ត​បាត់ដំបង បានឱ្យ​«កម្ពុជា​ថ្មី»​ ដឹង​ដែរ​ថា ឆ្លើយ​តប​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិប​តី និង​លោក​ជំទាវ​បណ្ឌិត មន្ទីរ​កសិកម្ម​ បាន​និង​កំពុង​ធ្វើ​ការ​សហការ​ជា​មួយ​មណ្ឌល​ភាស​សឹក​ទាំង​អស់​ដាំដុះ​បន្លែ​ដែល​មាន​រយៈ​ពេល​ខ្លី​សម្រាប់​ប្រមូល​ផល​ផ្គត់ផ្គង់​ទៅ​ដល់​ជនភៀសសឹកនៅ​តាម​មណ្ឌល​នីមួយ​ៗ​ទាំង​ ២៩ មណ្ឌល។

ក្នុង​នោះ​ដែរ គណៈ​អភិបាល​ខេត្ត​បាន​ចាត់ចែង​ទៅ​តាម​មណ្ឌល​ណា​ដែល​មាន​លទ្ធភាព​មាន​ទីតាំង​ដី​សម្រាប់​ដាំដុះ​នៅ​តាម​ទីតាំង​វត្ត​អារាម ក៏​ដូច​ជា​សាលា​រៀន ​ដើម្បី​ត្រៀម​សម្រាប់​ធ្វើការ​ដាំ​ដុះ​បន្លែដូចជា ត្រកួន ស្ពៃ​ចង្កឹះ ស្ពៃ​តឿ ស្ពៃ​ក្រញ៉ាញ់ និង​ស្ពៃ​ហាង​ជា​ដើម​ ព្រោះភាគច្រើន​យើង​ផ្តោត​ទៅ​លើ​ប្រភេទ​បន្លែ​ដែល​មាន​អាយុកាល​​ខ្លី​អាច​ត្រឹម ២៥​ថ្ងៃ​ ទៅ ៣០ ថ្ងៃ​ អាច​ប្រមូល​ផល​បាន​​ដើម្បី​យក​ទៅ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ភៀស​សឹក​ ប្រសិន​បើ​សង្គ្រាម​នៅ​តែ​បន្ត​អូស​បន្លាយ​ក្នុង​រយៈ​ពេល​យូ​តទៅ​ទៀត​ដោយ​សារ​ការ​ឈ្លាន​ពាន​របស់​ថៃ​ឥត​ឈប់​ឈរ​មក​លើ​កម្ពុជា​។

លោក ក៏បានបន្ថែមថា ការ​ដាំ​ដុះ​បន្លែ​នេះ គោល​បំណង​ទី​១ គឺ​ដាំ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ទៅ​ដល់​ពលរដ្ឋ​ភាស​សឹក​ទាំង​អស់​ បូក​រួម​ផ្សំ​ជា​មួយ​នឹង​អំណោយ​ពី​ខាង​ក្រៅ​ ហើយ​ការ​ដាំ​ដុះ​រួម​គ្នា​នេះ​ក៏​បង្ហាញ​ពី​ស្មារតី​នៃ​ការ​ចូល​រួម​របស់​អ្នក​ភៀស​សឹក​ក្នុង​ការ​ចូល​រួម​ដាំ​ដុះ​បន្លែ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម