Connect with us

សេដ្ឋកិច្ច

​កម្ពុជារកចំណូលបាន $១៧៨ ​លាន ​ពីការនាំចេញ​ផ្លែចេក​ស្រស់ កើនជិត ១៧%

បានផុស

នៅ

កម្ពុជា​រក​ចំណូល​បាន​ចំនួនជាង ១៧៨ លានដុល្លារ ពីការ​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ នៅក្នុងឆ្នាំ ២០២៥ ​កើនឡើង ១៦,៨៣%​ ​ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន​ដែលមានចំនួន ១៥២ ​លានដុល្លារ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃឹម ហ្វីណង់ ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទមានប្រសាសន៍ថា ​ការ​​​នាំ​​​​ចេញ​​​ចេក​ស្រស់​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ការ​កើនឡើង​​ដោយ​សារ​តែមានតម្រូវ​ការ​ខ្ពស់។ បរិមាណទំហំនៃការនាំចេញចំនួន ៣៤៣ ៥៧៧ តោន កើនប្រមាណ ៣០% នៅក្នុងឆ្នាំ ២០២៥។

​អ្នកស្រី ហេង ដាវី ​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ឡុង ស្រេង បានឱ្យដឹងថា ​ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​ត្រូវ​កាប់​ចេក​ចេញ​ពី​ចម្ការ​ពី ៦ ទៅ ៧ ពាន់​ស្និត​ដើម្បី​វេច​ខ្ចប់​នាំចេញ ដែល​មួយ​ថ្ងៃ​​​យ៉ាងហោចណាស់មានពី​​ ៣ កុងតឺន័រ និង​អាច​ឈាន​ដល់ ១០ កុងតឺន័រ​ នៅ​ពេល​មាន​តម្រូវការ​ខ្ពស់ ដែល​ភាគ​ច្រើន​នាំ​ទៅ​ទីផ្សារ​​​ប្រទេស​ចិន​ និង​ជប៉ុន ខណៈ​ទីផ្សារ​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច។​

​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ចេក​ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួម​មាន​​ខេត្តរតនគិរី ក្រចេះ ស្ទឹង​ត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ​។

​យោងតាមក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ ​កម្ពុជា​រកចំណូល​បាន​ប្រមាណ​ ៥​ ពាន់លាន​ដុល្លារ ​ពីការនាំចេញ​ផលិតផលកសិផលប្រមាណ​ ១៥ លានតោន ​នៅក្នុងឆ្នាំ ​២០២៥ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ខណៈផលិត​កម្មកសិកម្មកម្ពុជា មានលទ្ធភាពគ្រប់​គ្រាន់​សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម