ព័ត៌មានអន្ដរជាតិ
ធនាគារកណ្ដាលថៃ ព្រមានពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ដល់កម្រិតទាបបំផុតជាង ១ ទសវត្សរ៍
កំណើនសេដ្ឋកិច្ចថៃរំពឹងថានឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ ដោយដកសម័យវិបត្តិកូវីដ១៩ចេញ ដោយសារតែបញ្ហាស៊ីជម្រៅផ្នែករចនាសម្ព័ន្ធសេដ្ឋកិច្ច អំពើពុករលួយ និងមូលធនប្រផេះ ដែលសម្ដៅលើទុនគ្មានប្រភព ឬការគ្រប់គ្រងច្បាស់លាស់ត្រឹមត្រូវ។ នេះបើតាមការព្រមានរបស់ទេសាភិបាលធនាគារកណ្ដាលថៃ លោក Vitai Ratanakorn ក្នុងអត្ថបទរបស់កាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយនាថ្ងៃព្រហស្បតិ៍ (២៨ មករា) នេះ។

ថ្លែងក្នុងសិក្ខាសាលាសេដ្ឋកិច្ចមួយនៅទីក្រុងបាងកក កាលពីថ្ងៃពុធ លោកទេសាភិបាលបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ រំពឹងថានឹងកើនឡើងត្រឹមតែ ១,៥-១,៧% ប៉ុណ្ណោះ នៅឆ្នាំ ២០២៦ ដែលជាកំណើនទាបបំផុតក្នុងរយៈពេលជាង ១០ ឆ្នាំ បើមិនរាប់ចូលរយៈពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចភ្លាមៗ ដែលបណ្ដាលមកពីវិបត្តិកូវីដ១៩។
លោក Vitai បានថ្លែងថា ខណៈបញ្ហាក្នុងស្រុកធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះរួចស្រេចហើយនោះ កត្តាពីខាងក្រៅបានធ្វើឱ្យសេដ្ឋកិច្ចថៃកាន់តែដុនដាប ដែលក្នុងនោះរួមមានទាំងភាពមិនប្រាកដប្រជាសកល ដូចជា បញ្ហាភូមិសាស្រ្តនយោបាយ ជម្លោះពាណិជ្ជកម្ម និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃសណ្ដាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ។
យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរបស់ថៃភាគច្រើនជាបញ្ហារចនាសម្ព័ន្ធ។ សូចនាករដ៏ធំបំផុតនោះគឺវិបត្តិបំណុលគ្រួសារ ដែលមានអត្រាប្រហែល ៨៧% នៃ GDP ពោលគឺខ្ពស់ជាងអត្រា ៤០-៦០% នៅប្រទេសផ្សេងៗទៀត។
បញ្ហាសាច់ប្រាក់ងាយស្រួលកាន់តែអាក្រក់ទៅៗ ដោយសារការផ្តល់ប្រាក់កម្ចីពីធនាគារដល់អាជីវកម្មខ្នាតតូច និងមធ្យមបានធ្លាក់ចុះអស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចថៃមានកម្រិត។ លើសពីនេះ ថៃក៏កំពុងបាត់បង់ភាពប្រកួតប្រជែងផងដែរ ដោយសារតែកម្សោយការវិនិយោគ បញ្ហាអភិបាលកិច្ច អំពើពុករលួយ និងកំណើននៃតួនាទីក្នុងសេដ្ឋកិច្ចរបស់មូលធនប្រផេះ។ ទន្ទឹមនឹងនោះ វិសមភាពនៅតែរីករាលដាលក្នុងប្រាក់ចំណូលរបស់ប្រជាជន ការអប់រំ ឱកាស និងការទទួលបានហិរញ្ញប្បទាន។ ប្រព័ន្ធអប់រំមិនត្រូវគ្នានឹងតម្រូវការទីផ្សារការងារ ខណៈការច្នៃប្រឌិតក្នុងស្រុកនៅតែខ្សោយ។
សេដ្ឋកិច្ចស្រមោល គឺរួមចំណែកដល់បញ្ហាផងដែរ ដោយត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី ៣០% ទៅ ១០០% នៃ GDP ដែលវាបង្ខូចការប្រកួតប្រជែង និងកាត់បន្ថយចំណូលពន្ធ។ ដោយឡែក កំណើនយ៉ាងឆាប់រហ័សនៃភាពចាស់ប្រជាជន កំពុងធ្វើឱ្យកម្លាំងពលកម្មរួមតូច និងធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ចុះខ្សោយ ដែលធ្វើសេដ្ឋកិច្ចមានកំណើនយឺតយ៉ាវបន្ថែមទៀត។

លោកទេសាភិបាល Vitai បានថ្លែងយ៉ាងដូច្នេះថា៖ «អស្ថិរភាពនយោបាយ និងការផ្លាស់ប្តូរគោលនយោបាយញឹកញាប់ រួមទាំងការជំនួសរដ្ឋមន្ត្រីហិរញ្ញវត្ថុរហូតដល់ ៦-៧ នាក់ ក្នុងរយៈពេលត្រឹមតែ ៥ ឆ្នាំ បានធ្វើឱ្យវាមានការលំបាកយ៉ាងខ្លាំងក្នុងការជំរុញគោលនយោបាយរយៈពេលវែង»។
លោកបន្ថែមថា ប្រទេសថៃមិនខ្វះមនុស្សដែលអាចវិភាគបញ្ហាដូចជាវិសមភាព ឬផលិតភាពទាបនោះទេ ប៉ុន្តែអ្វីដែលខ្វះនោះ គឺអ្នកដែលចេញសកម្មភាព។ បញ្ហារចនាសម្ព័ន្ធស៊ីជម្រៅទាំងនេះ ត្រូវការពេលវេលាដើម្បីដោះស្រាយ ហើយត្រូវការកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងវិស័យសាធារណៈ និងឯកជន។
គួរគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចថៃបានកើនឡើងតែប្រហែល ២,១-២,២% ប៉ុណ្ណោះ កាលពីឆ្នាំ ២០២៥ ហើយរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀត មកត្រឹមប្រហែល ១,៥-១,៦% នៅឆ្នាំនេះ។ ការនាំចេញដែលមានភាពរឹងមាំនៅឆ្នាំមុន ក្នុងកំណើនជាង ១០% អាចនឹងធ្លាក់ចុះក្រោម ១% ឬអាក្រក់បំផុតដល់ក្រោមសូន្យផងក៏ថាបាន នៅឆ្នាំនេះ ចំពេលដែលវិស័យទេសចរណ៍បន្តជួបវិបត្តិ។
ការប្រើប្រាស់ក្នុងស្រុក កំពុងចុះខ្សោយ ខណៈវិធានការជំរុញសេដ្ឋកិច្ចពីមុន ត្រូវបានបញ្ចប់។ ថវិកាឆ្នាំសារពើពន្ធ ២០២៦ និង ២០២៧ អាចត្រូវបានពន្យារពេលដល់កម្រិតដែលការចំណាយរបស់រដ្ឋាភិបាល ស្ទើរតែមិនអាចរួមចំណែកអ្វីសោះដល់កំណើនសេដ្ឋកិច្ច។ រួមផ្សំជាមួយនឹងហានិភ័យខ្ពស់ពីគ្រោះមហន្តរាយធម្មជាតិផង បញ្ហាសេដ្ឋកិច្ចកាន់តែដុនដាប។
សម្លឹងមើលទៅមុខទៀត ធនាគារកណ្តាលថៃបានរំពឹងថាកំណើនសេដ្ឋកិច្ចនឹងប្រសើរឡើងបន្តិចនៅឆ្នាំក្រោយ ដល់ប្រហែល ២,២–២,៣% ប៉ុន្តែបើគ្មានសកម្មភាពរឹងមាំដើម្បីជំរុញការវិនិយោគ និងផលិតភាពទេ នោះកំណើនទំនងជានៅតែខ្សោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


