ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចថៃកើនត្រឹម ២,៤% ឆ្នាំមុន ខ្សោយខ្លាំងធៀបនឹងគូប្រជែងអាស៊ាន
កំណើនសេដ្ឋកិច្ចថៃនៅតែបន្តដើរអូសជើងនៅឆ្នាំ ២០២៥ ដោយផលិតផលក្នុងស្រុកសរុប (GDP) ពេញមួយឆ្នាំ បានកើនឡើងត្រឹម ២,៤% ប៉ុណ្ណោះ ដែលខ្សោយខ្លាំងធៀបនឹងគូប្រជែងនៅអាស៊ីអាគ្នេយ៍។

តួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ (NESDC) បានបង្ហាញថា កំណើន ២,៥% នៅត្រីមាសទី៤ រួមចំណែកដល់កំណើនពេញមួយឆ្នាំ ធៀបនឹងកំណើន ១,២% នៅត្រីមាសទី៣។ ទោះបីជា ២,៤% ខ្ពស់ជាងការរំពឹងទុកក្ដី ប៉ុន្តែវានៅតែឆ្លុះបញ្ចាំងពីកត្តាជំរុញរយៈពេលខ្លី ជាជាងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចទាំងមូលប្រកបដោយនិរន្តរភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ (១៦ កុម្ភៈ)។
ការចំណាយរបស់អ្នកប្រើប្រាស់បានកើនឡើង ៣,៣% ក្នុងត្រីមាសចុងក្រោយ នៅពេលប្រជាជនប្រញាប់ទិញរថយន្តអគ្គិសនី (EV) មុនពេលគោលនយោបាយឧបត្ថម្ភធនសម្រាប់ការទិញ EV ផុតកំណត់។ ការចំណាយលើទំនិញប្រើប្រាស់ បានកើនឡើង ១២,២% ក្នុងរូបភាពជា «កំណើនម្ដងម្កាល» ដែលបង្កក្ដីបារម្ភថា វានឹងចុះខ្សោយទៅវិញនៅឆ្នាំ ២០២៦ នេះ។
កត្តាជំរុញសេដ្ឋកិច្ចរយៈពេលខ្លីមួយទៀត គឺកំណើននៃការវិនិយោគ ដែលបានហក់ឡើងរហូតដល់ ៨,១% ពោលគឺខ្ពស់បំផុតក្នុងរយៈពេលជិត ១ ទសវត្សរ៍ ដែលជំរុញដោយការទិញគ្រឿងចក្រឧស្សាហកម្ម និងឧបករណ៍ការិយាល័យក្នុងវិស័យឯកជន។ អ្នកសេដ្ឋកិច្ចព្រមានថា ការចំណាយទុនបែបនេះ មិនអាចជំរុញឱ្យសេដ្ឋកិច្ចកើនឡើងរយៈពេលយូរបានទេ ព្រោះវាមិនមែនជាកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងមូល។
ពាណិជ្ជកម្មខាងក្រៅក៏ខ្សោយផងដែរ។ ខណៈការនាំចេញឧបករណ៍ទូរគមនាគមន៍ និងកុំព្យូទ័របានកើនឡើង ការនាំចេញទំនិញសំខាន់ៗជាប្រពៃណីដូចជាអង្ករ និងកៅស៊ូបានបាត់បង់ទីផ្សារ ដោយសារការប្រកួតប្រជែងសកលកាន់តែតានតឹង។ ការនាំចេញរថយន្តដឹកអ្នកដំណើរវិញ បានធ្លាក់ចុះជាង ៣៦% ដែលបង្ហាញពីភាពផុយស្រួយនៃវិស័យផលិតកម្មរថយន្តថៃ។ ថៃកត់ត្រាអតិរេកពាណិជ្ជកម្មប្រមាណ ២៣,៣ ប៊ីលានដុល្លារ នៅឆ្នាំមុន។
ដោយឡែកសម្រាប់ឆ្នាំ ២០២៦ នេះ NESDC បានព្យាករកំណើនប្រហែល ២% ប៉ុន្តែសេដ្ឋកិច្ចនៅតែប្រឈមនឹងភាពមិនច្បាស់លាស់ជាច្រើន រួមទាំងការបន្តនៃបំណុលគ្រួសារខ្ពស់ ដែលប៉ះពាល់ដល់ការចំណាយ និងវិនិយោគ ទោះបីជាបញ្ហានយោបាយក្នុងស្រុក ដែលជះឥទ្ធិពលលើវិនិយោគិន រំពឹងនឹងស្រាកស្រាន្តក្រោយការបោះឆ្នោតកាលពីដើមខែកុម្ភៈនេះក្ដី។
កំណើនសេដ្ឋកិច្ចឆ្នាំនេះ ភាគច្រើនរំពឹងថានឹងអាស្រ័យលើវិស័យទេសចរណ៍ និងការចំណាយរបស់រដ្ឋាភិបាល ដែលធ្វើឱ្យសេដ្ឋកិច្ចថៃប្រឈមនឹងហានិភ័យពីការប្រែប្រួលខាងក្រៅ និងការថយចុះនៃគោលនយោបាយជំរុញរបស់រដ្ឋាភិបាល។
គួរគូសបញ្ជាក់ថា កំណើន ២,៤% បង្ហាញថា សេដ្ឋកិច្ចថៃកំពុងដើរខាងក្រោយបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ ដូចជាវៀតណាម ដែលកត់ត្រាកំណើន ៨,០២% នៅឆ្នាំ ២០២៥ ម៉ាឡេស៊ី (៥,២%) ឥណ្ឌូណេស៊ី (៥,១១%) សិង្ហបុរី (៥%) កម្ពុជា (៥%) និងហ្វីលីពីន (៤,៤%)៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


