ព័ត៌មានអន្ដរជាតិ
ធនាគារ JPMorgan៖ តម្លៃប្រេងអាចហក់ឡើងដល់ ១២០ ដុល្លារ/បារ៉ែល
ធនាគារវិនិយោគយក្សរបស់អាមេរិក JPMorgan Chase បានព្រមានថា តម្លៃប្រេងឆៅម៉ាក Brent អាចហក់ឡើងកប់ក្ដោងដល់ ១២០ ដុល្លារ/បារ៉ែល ប្រសិនបើវិសាលភាពនៃជម្លោះមជ្ឈិមបូព៌ា បង្កឱ្យមានការរំខានរយៈពេលយូរលើប្រេងដែលនាំចេញកាត់តាមច្រកសមុទ្រហ័រមូហ្ស (Hormuz)។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ OilPrice.Com កាលពីថ្ងៃចន្ទ។

JPMorgan បានប៉ាន់ប្រមាណថា បណ្ដាប្រទេសនៅឈូងសមុទ្រពែរ្សអាចរក្សាផលិតកម្មធម្មតាបានត្រឹមតែប្រហែល ២៥ ថ្ងៃប៉ុណ្ណោះ ប្រសិនបើច្រកហ័រមូហ្សត្រូវបិទទាំងស្រុង ដោយក្រោយពីនោះ ពួកគេនឹងអស់កន្លែងស្តុកប្រេង ដែលបង្ខំឱ្យមានការបិទផលិតកម្មទូទាំងតំបន់។
ពេលបើកការជួញដូរនៅថ្ងៃចន្ទ ពោលគឺចូលថ្ងៃទី៣នៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានបើកការជួញដូរនៅតម្លៃ ៨៣,៣៧ ដុល្លារ/បារ៉ែល ដោយកើនឡើងប្រហែម ១៣% ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីខែមករា ឆ្នាំ ២០២៥។ តម្លៃប្រេងដដែល បានបិទការជួញដូរនៅថ្ងៃចន្ទ ក្នុងតម្លៃ ៧៧,៧៤ ដុល្លារ/បារ៉ែល ដោយកើនឡើង ៤,៨៧ ដុល្លារ ធៀបនឹងតម្លៃបិទការជួញដូរកាលពីថ្ងៃសុក្រសប្ដាហ៍មុន។
គិតត្រឹមព្រឹកថ្ងៃអង្គារនេះ តម្លៃប្រេងនៅបន្តកើនឡើង ខណៈជម្លោះនៅតែបន្តតានតឹងខ្លាំង ដោយគេមិនទាន់ឃើញមានភាគីណាមួយសម្ដែងឆន្ទះក្នុងការចរចាជាផ្លែផ្កានោះទេ។
ទោះបីជាច្រកសមុទ្រហ័រមូហ្ស មិនទាន់ត្រូវបានបិទទាំងស្រុងជាផ្លូវការក៏ដោយ ប៉ុន្តែជម្លោះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងររួចបាត់ទៅហើយ ដោយការធ្វើចរាចរណ៍របស់នាវាបានធ្លាក់ចុះប្រហែល ៧០% ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ការលុបចោលការធានារ៉ាប់រង និងការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុនដឹកជញ្ជូនធំៗ។
នាវាដឹកប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ប្រហែល ២០០ បានទម្លាក់យុថ្កាចុះ ឬប្តូរផ្លូវដើម្បីជៀសវាងច្រកសមុទ្រហ័រមូហ្ស។ ក្រុមហ៊ុនដឹកជញ្ជូនធំៗដូចជា Hapag-Lloyd និង CMA CGM បានផ្អាកការធ្វើដំណើរទាំងអស់ឆ្លងកាត់តំបន់នោះ ខណៈថ្លៃធានារ៉ាប់រងហានិភ័យសង្គ្រាម បានកើនឡើងរហូតដល់ ៥០% ដែលធ្វើឱ្យវាថ្លៃពេកសម្រាប់នាវាជាច្រើនឆ្លងកាត់។
គួរគូសបញ្ជាក់ថា ច្រកសមុទ្រហ័រមូហ្ស គឺជាផ្លូវប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ជារៀងរាល់ថ្ងៃ ច្រកនេះរួមចំណែកដល់ការដឹកជញ្ជូនប្រេង និងផលិតផលប្រេងកាតប្រហែល ២០-២១ លានបារ៉ែល ឬ ប្រហែល ២០% នៃការប្រើប្រាស់ប្រេងប្រចាំថ្ងៃទូទាំងពិភពលោក និងជិត ៣០% នៃប្រេងទាំងអស់ដែលដឹកជញ្ជូនតាមសមុទ្រ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


