Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ថាលោក​មិនខ្វល់ពីបញ្ហាប្រេងឡើងថ្លៃទេ ព្រោះប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ជាអាទិភាព

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ បាន​ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រក្នុងបទសម្ភាសន៍ផ្ដាច់មុខ​មួយ​កាល​ពី​ថ្ងៃព្រហស្បតិ៍ថា លោក​គ្មាន​ការព្រួយបារម្ភអំពីកំណើន​តម្លៃប្រេងឥន្ធនៈ​នៅ​សហរដ្ឋអាមេរិក ដែលបណ្តាលមកពីជម្លោះជាមួយ​អ៊ីរ៉ង់​នោះទេ ​ព្រោះប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ គឺ​ជាអាទិភាពរបស់លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ប្រាប់រ៉យទ័រ​​ ដែលសួរអំពីការហក់ឡើងនៃតម្លៃប្រេង​តាម​ស្ថានីយចាក់ប្រេង យ៉ាងដូច្នេះថា៖ «ខ្ញុំគ្មានអ្វីបារម្ភពីវានោះទេ។ តម្លៃនោះនឹង​ធ្លាក់ចុះវិញគំហុកភ្លាមៗ ពេលបញ្ហា(សង្រ្គាមប្រឆាំងអ៊ីរ៉ង់)នេះ​ ចប់។ តែ​វាឡើង គឺវាឡើងហើយ។ ប៉ុន្តែបញ្ហានេះ គឺសំខាន់ជាងតម្លៃប្រេងឡើងថ្លៃតែ​បន្តួចទៅទៀត»។

សង្រ្គាមនៅមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយអាមេរិក រួមដៃអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់នៅថ្ងៃសៅរ៍ (២៨ កុម្ភៈ) សប្ដាហ៍មុន បានធ្វើឱ្យតម្លៃប្រេងអន្តរជាតិ​ហក់ឡើងទូទាំងពិភព​លោកលើស ៨០ ដុល្លារ/បារ៉ែល រួចទៅហើយ គិតត្រឹមថ្ងៃសុក្រ (៦ មីនា) នេះ។ នៅពេលតម្លៃប្រេងអន្តរជាតិហក់ឡើង តម្លៃប្រេងសាំងនៅសហរដ្ឋអាមេរិកក៏ចាប់ផ្ដើមកើនឡើងខ្ពស់ផងដែរនៅតាមស្ថានីយចាក់សាំង​ ដែលធ្វើឱ្យពលរដ្ឋអាមេរិក​ចំណាយកាន់តែច្រើនជាងមុន និងបង្កើនហានិភ័យអតិផរណា។

ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា អ្វីដែលលោក ត្រាំ ប្រាប់រ៉យទ័រ គឺផ្ទុយពីអ្វីដែលលោក​តែងតែឃោសនាប្រាប់​ទៅអ្នកគាំទ្ររបស់លោកមុន​ និងក្រោយជាប់ឆ្នោត​ថា លោកនឹង​ធ្វើឱ្យតម្លៃប្រេងឆាំង និងអតិផរណាជារួម ធ្លាក់ចុះ។ លោកនិយាយឃោសនាបែបនេះចុងក្រោយបំផុតអំឡុងជួបអ្នកគាំទ្រនៅរដ្ឋតិចសាស់កាលពីថ្ងៃសៅ៍សប្ដាហ៍មុន ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនបើកការវាយប្រហារអ៊ីរ៉ង់។

អ្នកវិភាគនយោបាយនិយាយថា ការកើនឡើងជាបន្តបន្ទាប់នៃតម្លៃប្រេង​សាំង​ អាចធ្វើឱ្យប៉ះពាល់ដល់គណបក្សសាធារណរដ្ឋ​ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ​នាខែវិច្ឆិកាខាងមុខ។ អ្នកបោះឆ្នោតមានការមិនពេញចិត្តរួចទៅហើយចំពោះការចំណាយខ្ពស់​សម្រាប់​ការរស់នៅ និងការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក ​ត្រាំ។

មន្ត្រីសេតវិមានឥឡូវនេះ កំពុងធ្វើការដើម្បីដោះស្រាយបញ្ហាតម្លៃថាមពលដែលកំពុងកើនឡើង។ ទោះបីជាលោក​ ត្រាំ បាន​និយាយមើលស្រាលអំពីកំណើនតម្លៃប្រេងក៏ដោយ​ ក្រុមការងាររបស់លោកកំពុងពិភាក្សាអំពីដំណោះស្រាយ ដោយ​លោកស្រី Susie Wiles ប្រធាន​មន្រ្តីសេតវិមាន និងលោក Chris Wright រដ្ឋមន្រ្តីក្រសួងថាមពល បាននិយាយជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្រេងផ្សេងៗ អំពីវិធីកាត់បន្ថយតម្លៃប្រេង។ នេះបើយោងតាម​អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt។

មន្ត្រីអាមេរិក​ម្នាក់ទៀតបាននិយាយថា ក្រុមការងារផ្នែក​ថាមពល និងសន្តិសុខជាតិសេតវិមាន កំពុងស្វែងរកវិធីជាបន្ទាន់ដើម្បីបន្ថយតម្លៃប្រេងឥន្ធនៈ។

កន្លងមក លោក ត្រាំ បានគូសបញ្ជាក់ថា ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់អាចមានរយៈពេលពី ៤-៥ សប្ដាហ៍ ​ប៉ុន្តែអ្នកជំនាញនយោបាយ និងយោធា​មាន​មន្ទិលចំពោះបញ្ហានេះ ដោយកត់សម្គាល់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកមិនទាន់បានបញ្ជាក់ពីគោលដៅ​ធំរបស់ខ្លួននៅឡើយទេ ខណៈ​ជម្លោះនៅតែបន្តរីករាលដាល​ទូទាំងតំបន់មជ្ឈិមបូព៌ា។

រាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍ តម្លៃប្រេងសកលបានកើនឡើង ១៦% រួចហើយ។ ​ដោយឡែក យោងតាម ​​AAA ដែលជាអង្គការទេសចរណ៍អាមេរិក​ធ្វើការតាមដានតម្លៃប្រេងឥន្ធនៈ តម្លៃប្រេងជាមធ្យមទូទាំងសហរដ្ឋអាមេរិក ​បាន​កើនឡើង ២៧ សេន ចាប់តាំងពីសប្តាហ៍មុន ដល់ ៣,២៥ ដុល្លារ/ហ្គាឡុង ខណៈតម្លៃជាមធ្យមទូទាំងប្រទេស គឺខ្ពស់ជាងឆ្នាំមុន ១៥ សេន។

លោក ត្រាំ បាននិយាយថា តម្លៃនេះ​ «មិនបានកើនឡើងច្រើនទេ»។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម