Connect with us

សេដ្ឋកិច្ច

​រាជរដ្ឋាភិបាល​បន្ត​វិធាន​ការ​បញ្ចុះ​តម្លៃប្រេងឥន្ធនៈ​ ដើម្បី​សម្រាលបន្ទុក​របស់ប្រជាពលរដ្ឋ​

បានផុស

នៅ

រាជរដ្ឋាភិបាល ​បន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេង​ឥន្ធនៈ ​ដើម្បី​សម្រាលការលំបាក​របស់​ប្រជា​ពលរដ្ឋ ​ក្នុង​ពេលដែលតម្លៃប្រេងកើនឡើងនៅលើទីផ្សារអន្តរជាតិ។​

តម្លៃប្រេងសាំង​លក់រាយ​តាម​ស្ថានីយប្រេងឥន្ធនៈក្នុងស្រុក​ ​ចាប់​ពីថ្ងៃទី ​២៩ ​ខែមីនា​ រហូតដល់ថ្ងៃ​ជូន​ដំណឹង​បន្ទាប់ ​លក់ចេញក្នុងតម្លៃ ​៥០០០ រៀល ​ក្នុង​មួយលីត្រ​ ធ្លាក់​ចុះពី ​៥៤៥០ រៀល ​និង​ប្រេង​ម៉ាស៊ូត​លក់​ចេញ​ក្នុង​តម្លៃ ​៧២០០ រៀល​ ក្នុង​មួយ​លីត្រ​កើន​ឡើង ១០០ រៀល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ប៉ែន បូណា ​អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ២៩ ខែមីនា ២០២៦ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញវិធានការ​ចាំបាច់មួយ​ចំនួន​ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ។​

​វិធានការទាំងនោះរួមមាន៖​

១. ​រាជរដ្ឋាភិបាល​បន្ត​បញ្ចុះតម្លៃប្រេងចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​ ដែលជាការជួយ​ឧបត្ថម្ភផ្ទាល់​របស់រាជរដ្ឋាភិបាលដើម្បីជួយបន្ធូរបន្ទុកប្រជាពលរដ្ឋក្នុងគ្រាលំបាក។​

២. រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃ១សេនដុល្លារ បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារក្នុង១​បារ៉ែល។ ៣. ​រាជរដ្ឋាភិបាលបញ្ចុះពន្ធគយដល់សូន្យ ​ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។​​

៤. ​ដោយផ្អែកតាមសភាពការណ៍ដែលតម្លៃប្រេងឥន្ទនៈបន្តកើនឡើងនៅលើទីផ្សារអន្តរជាតិ​ សម្តេច​នាយករដ្ឋមន្ត្រីបានសម្រេចវិធានការបន្ថែមទៀតដោយបញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។

បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% ដោយរាជរដ្ឋាភិបាលជា​អ្នក​ទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។​

​សម្តេចធិបតី ​ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តតាមដានការវិវត្តនៃសភាពការណ៍​ ជាពិ​សេស​ស្ថានភាពប្រេងឥន្ធនៈ​នៅលើ​ទី​ផ្សារ​ដោយយកចិត្តទុកដាក់ ​ដើម្បីពិនិត្យលទ្ធភាព​ ដាក់ចេញ​នូវវិធាន​ការអន្តរាគមន៍​បន្ថែម​ឱ្យបាន​ទាន់​ពេលវេលា ក្នុងករណីចាំបាច់។

​ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិថាមពលនេះដែរ​ រាជរដ្ឋាភិបាលក៏បាន​ចេញវិធាន​ការ​សន្សំសំចៃប្រេងឥន្ធនៈ ​និង​អគ្គិសនីដោយបានណែនាំឱ្យគ្រប់​ក្រសួង ​ស្ថាប័នទាំងអស់​ ត្រូវពិនិត្យ​លទ្ធភាព​កាត់បន្ថយជាអតិបរមានូវ​ការ​ធ្វើដំណើរឆ្ងាយ​ក្នុងការរៀបចំសិក្ខាសាលា​និងកិច្ចប្រជុំនានា​ជាលក្ខណៈរូបវ័ន្ត ដោយលើកទឹកចិត្តឱ្យធ្វើ​តាមប្រព័ន្ធអនឡាញជំនួសវិញ លើកលែងតែករណី​ចាំ​បាច់​ប៉ុណ្ណោះ។​

​ក្រសួង​ ស្ថាប័នទាំងអស់ក៏ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុង​អគាររដ្ឋបាលនិងក្នុង​ដំណើរការការ​ងារប្រចាំ​ថ្ងៃរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខណៈដែលរដ្ឋបាលរាជធានីខេត្ត​ ត្រូវសហការជាមួយ​អគ្គិសនីកម្ពុជា​ ដើម្បីពង្រឹងសក្តិសិទ្ធិភាពក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានា។

ក្រសួង ស្ថាប័នទាំងអស់ត្រូវបានណែនាំឱ្យបំផុសចលនា​ និងស្មារតីរួមគ្នាក្នុងការកាត់បន្ថយ​ការប្រើប្រាស់អគ្គិសនីតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម