Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ឡើង ៤ដុល្លារ ក្រោយ ត្រាំ ប្ដេជ្ញាបន្តវាយប្រហារអ៊ីរ៉ង់

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ហក់ឡើងជាង ៤ ដុល្លារ សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (២​ មេសា) នេះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បន្តវាយប្រហារអ៊ីរ៉ង់ រួមទាំងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប្រេងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ​ដែលបង្ហាញថា ជម្លោះនៅតែបន្តតានតឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងម៉ាក Brent បាន​កើនឡើង ៤,៨៨ ដុល្លារ ឬ ៤,៨% ដល់ ១០៦,០៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក ម៉ាក WTI បាន​កើនឡើង ៤,១៧ ដុល្លារ ឬ ៤,២% ដល់ ១០៤,២៩ ដុល្លារ/បារ៉ែល។ ​

មុននោះលោក ត្រាំ ថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិនៅយប់ថ្ងៃពុធ តម្លៃប្រេងទាំង ២ បាន​ធ្លាក់ចុះជាង ១%។

​ខណៈប្ដេជ្ញាបន្តវាយប្រហារអ៊ីរ៉ង់ លោក ត្រាំ បានថ្លែងថា យោធាសហរដ្ឋអាមេរិកជិត​បញ្ចប់គោលដៅរបស់ខ្លួន​ក្នុងសង្គ្រាម​ប្រឆាំងអ៊ីរ៉ង់ ហើយជម្លោះ​នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោក​មិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយ​នោះទេ

​អ្នកវិភាគមើលឃើញថា ការគំរាមកំហែងដល់ចរាចរណ៍ផ្លូវសមុទ្របានកើនឡើង ​ខណៈភាពតានតឹងនៃជម្លោះកើនឡើងទូទាំងតំបន់​។ ​កាលពី​ថ្ងៃពុធ នាវាដឹកប្រេង​ក្រុមហ៊ុន QatarEnergy ជួលប្រើ ​បាន​រងការ​វាយប្រហារដោយមីស៊ីលបញ្ជារបស់អ៊ីរ៉ង់​ក្នុងដែនទឹកកាតា ចំពេលដែលច្រកសមុទ្រហ័រមូហ្សនៅតែបន្តជាប់គាំងដោយសារតែជម្លោះ។

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានកាលពីថ្ងៃពុធថា ការរំខានដល់ការផ្គត់ផ្គង់នឹងចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អឺរ៉ុប​ក្នុងខែមេសា ខណៈទ្វីបនេះកាលពីខែមុន បាន​ពឹងផ្អែកលើទំនិញដែលចុះកិច្ចសន្យាទិញមុនសង្រ្គាមផ្ទុះឡើយ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម