Connect with us

សេដ្ឋកិច្ច

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៣% នៅឆ្នាំនេះ

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF បានបញ្ជាក់នៅថ្ងៃពុធនេះថា សេដ្ឋកិច្ចកម្ពុជា ត្រូវបាន​ព្យាករថា មានកំណើនយឺត ពោលគឺត្រឹមតែ ៣% ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៦ ដោយបានបន្ថយពី ៤% កាលពីខែមេសាដោយសារតែ​កម្ពុជា​ប្រឈម​នឹងហានិភ័យជាច្រើន​ ដែលកើតចេញពីតម្លៃថាមពល ភាពមិនច្បាស់លាស់ នៃពាណិជ្ជកម្ម​សកល​ ការធ្លាក់ចុះភ្ញៀវទេសចរ ​និងតម្រូវការក្នុងស្រុកថយចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មូលនិធិនេះ ​បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ​អនុម័តការគាំទ្រផ្នែកហិរញ្ញវត្ថុតាមគោលដៅ និងពន្លឿន​ការ​ធ្វើកំណែទម្រង់​ ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។

​ការព្យាករនេះ ​ត្រូវបានធ្វើឡើង ​ក្នុងពេលបញ្ចប់បេសកកម្មប្រឹក្សា Article IV របស់ IMF ដែលដឹក​នាំ​ដោយ​លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម បានចាប់ផ្តើម​ដំណើរការពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា។

​កំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើង ៥,៣%​ ក្នុងឆ្នាំ២០២៥ ​ខណៈឆ្នាំ២០២៤ ​មានកំណើនដល់ទៅ ៦% ដោយកំណើននេះ ​បានកើតឡើងដោយសារតែការនាំចេញ ​ការវិនិយោគដោយផ្ទាល់ពីបរទេស និងការចំណាយ​លើការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប៉ុន្តែ តម្រូវការក្នុងស្រុក សំណង់ និង​អចលនទ្រព្យ ​នៅតែមានកំណើនយឺតដដែល។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា ​សេដ្ឋកិច្ចកម្ពុជា ​នឹងរើបឡើងវិញ ​ក្នុងឆ្នាំ២០២៧ ​ប៉ុន្តែ ​អង្គភាពនេះ ​បានព្រមានថា​ បញ្ហា​ប្រឈមនៅតែមាន​ ក្នុងនោះរាប់បញ្ចូលទាំងទីផ្សារថាមពល ដែលមានភាពប្រែប្រួលខ្លាំង តម្រូវ​ការ​ខាងក្រៅចុះខ្សោយ​ ផលប៉ះពាល់សេដ្ឋកិច្ចរបស់បាតុភូត El Nino និងការខូចកេរ្តិ៍ឈ្មោះ​ពីស​កម្មភាព​​ទាក់ទងនឹងការឆបោកតាមអនឡាញ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងទំនុក​ចិត្ត​របស់អ្នកវិនិយោគ។

​អតិផរណាត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៥,៦% នៅឆ្នាំ ២០២៦ កើនឡើង ២,៥ ភាគរយ បើធៀបទៅនឹងឆ្នាំមុន ដែលភាគច្រើនត្រូវបានជំរុញដោយថ្លៃថាមពលសកល។ IMF បានកត់សម្គាល់ថា អត្រាប្តូរប្រាក់រៀលដែលមានស្ថេរភាពយ៉ាងទូលំទូលាយរបស់ប្រទេសកម្ពុជានៅតែបន្តដើរតួនាទីដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចប្រាក់ដុល្លារខ្ពស់របស់ខ្លួន។

ដើម្បីទប់ស្កាត់ការធ្លាក់ចុះនេះ IMF បានណែនាំឱ្យប្រើវិធានការសារពើពន្ធបណ្តោះអាសន្នដែលមានគោល​ដៅសម្រាប់គ្រួសារ និងអាជីវកម្មដែលងាយរងគ្រោះ ខណៈដែលរក្សាការគាំទ្រហិរញ្ញវត្ថុរយៈពេលមធ្យម។

មិនត្រឹមតែប៉ុណ្ណោះ IMF បានណែនាំឱ្យបញ្ឈប់ការឧបត្ថម្ភធនលើប្រេងឥន្ធនៈ ដោយចាត់ទុកថា ជាការ​ខាតបង់ និងការដើរថយក្រោយ ហើយបានជំរុញឱ្យមានការកៀរគរចំណូលក្នុងស្រុកឱ្យកាន់តែរឹងមាំតាម​រយៈ​ការអនុលោមកាតព្វកិច្ចបង់ពន្ធឱ្យកាន់តែប្រសើរឡើង អភិបាលកិច្ចលើប្រាក់លើកទឹកចិត្ត និងការពង្រីកមូលដ្ឋានពន្ធ។

IMF ក៏បានបង្ហាញពីភាពងាយរងគ្រោះនៅក្នុងវិស័យហិរញ្ញវត្ថុផងដែរ ជាពិសេសការប៉ះពាល់របស់ធនាគារដោយសារតែវិស័យអចលនទ្រព្យ។ IMF បានអំពាវនាវដល់ធនាគារជាតិនៃកម្ពុជាឱ្យធានាការទទួលស្គាល់ទាន់ពេលវេលានៃទ្រព្យសកម្មដែលប៉ះពាល់ ការផ្តល់ធនធានឱ្យបានគ្រប់គ្រាន់ និងមានក្របខ័ណ្ឌគ្រប់គ្រង​វិបត្តិឱ្យកាន់តែរឹងមាំ។

មូលនិធិរូបិយវត្ថុនេះ បានជំរុញឱ្យកម្ពុជាពន្លឿនកំណែទម្រង់រចនាសម្ព័ន្ធ ខណៈកម្ពុជាកំពុងរៀបចំខ្លួនដើម្បីចេញពីឋានៈក្នុងនាមជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត។

ទិសដៅអាទិភាពផ្សេងៗ មានដូចជា ការកែលម្អបរិយាកាសអាជីវកម្ម អភិបាលកិច្ច កម្លាំងពលកម្មជំនាញ ការធ្វើពិពិធកម្មនាំចេញ សន្តិសុខថាមពល ការពង្រីកកកើតឡើងវិញ និងភាពធន់នឹងអាកាសធាតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម