Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាល​ ​រំពឹង​កំណើន​ចំណូល​ពន្ធជាង ​១០% ​នៅឆ្នាំ ២០២៧​

បានផុស

នៅ

កម្ពុជា​រំពឹង​ទទួល​បាន​ចំណូល​សារពើពន្ធសម្រេចបាន​ ១២,៨៥% ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ​(ផ.ស.ស) ​កើន ១០,៩% ​ធៀប​នឹង​ច្បាប់​ហិរញ្ញវត្ថុ ​ឆ្នាំ ២០២៦។ ​ក្នុង​នោះ​ចំណូល ​ប្រមូល​ដោយ​អគ្គនា​យក​ដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា​ត្រូវបានរំពឹងទុកថា ​កើនឡើង ១៤,៨% ​និងចំណូលពន្ធដារ ​នឹង​មាន​កំណើន​ ៧,៨%​។ ​នេះបើយោងតាម​សារាចរស្ដីពីការរៀបចំផែន​ការ​យុទ្ធសាស្ត្រថវិកាឆ្នាំ ២០២៧-២០២៩ ​និង​ការរៀប​ចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់​ការ​គ្រប់​គ្រងឆ្នាំ ​២០២៧។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​ច្បាប់​ថវិកា ឆ្នាំ​២០២៦ ​រាជរដ្ឋាភិបាល ​គ្រោង​ប្រមូល​ចំណូល​សារពើពន្ធ​ឱ្យ​បាន ​២៧​ ៣២៩ ​ពាន់​លាន​រៀល​(ប្រមាណ ៦,៨ ​ពាន់លានដុល្លារ) ​ក្នុង​នោះចំណូល​ពន្ធគយ​ ១២ ០៤៩ ពាន់​លាន​រៀល (៣ ពាន់លាន​ដុល្លារ) និង​ចំណូល​ពន្ធដារ ១៥ ២៨០ ពាន់​លាន​រៀល (៣,៨ ពាន់លាន​ដុល្លារ)។ ​

​សម្ដេច ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍នៅថ្ងៃទី ២១ ឧសភា ២០២៦ថា​ ការកៀរគរប្រមូល​ចំណូលពន្ធ​ គឺជា​រឿងចាំបាច់ក្នុងការរួមចំណែកគាំទ្រ​ដល់កិច្ចដំណើរការ​នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​ជាតិ។​

​សម្ដេច ហ៊ុន ម៉ាណែតថ្លែងថា៖ «ការកៀរគរប្រមូលចំណូលពន្ធទាំងផ្នែកផ្ទៃក្នុង ពន្ធគយ គឺជាការ​ចាំបាច់​ក្នុងការចូលរួមចំណែកគាំទ្រ​ដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ នៅក្នុង​ទសវត្សរ៍ចុងក្រោយ​ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់​ចំណូលពន្ធដារនៅកម្ពុជា​មានការកើន​ឡើងគួរ​ឱ្យកត់សម្គាល់ ដែលការណ៍នេះបានអនុញ្ញាតឱ្យរាជរដ្ឋា​ភិ បាលមានលទ្ធភាពក្នុង​ការកសាងហេដ្ឋា​រចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវ ថ្នល់ ស្ពាន អគារ សាលារៀន ​មន្ទីរពេទ្យ នៅទូទាំងប្រទេស»។​

​សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា ​ចំណូលពន្ធក៏បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល ​អាចកៀគរទុនបម្រុង​ជាប្រាក់សន្សំ សម្រាប់ប្រើប្រាស់ក្នុងការអនុវត្តវិធានការនានា ​ដើម្បីជម្នះនូវរាល់បញ្ហាប្រឈម និង​អាចសម្របខ្លួនទៅតាមការប្រែប្រួលនៃសភាពការ ក្នុងតំបន់ និងសកលលោក។

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាប្រាប់កម្ពុជាថ្មីថា ការ​ប្រមូលពន្ធដើរតួនាទីសំខាន់ក្នុងការរីកចម្រើនសេដ្ឋកិច្ចជាតិ ​និងធានាភាពធន់នៃសេដ្ឋកិច្ច ​ខណៈ​កម្ពុជា​ពឹង​ផ្អែក​សំខាន់​លើការប្រមូលពន្ធ​។

​លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា សារពើពន្ធ​​គឺជាគ្រឹះសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីយកទៅប្រើប្រាស់ធានា​ក្នុង​ការចំណាយសាធារណៈ ជាពិសេសទៅលើការវិនិយោគ​សារធា​រណៈ​ ប្រាក់បៀវត្សរ៍ និងសេវាសង្គមផ្សេងៗ រួមទាំងការបង់ការប្រាក់ និងថ្លៃដើម​កម្ចីប​រទេស។​

​លោកបណ្ឌិត ហុង វណ្ណៈ យល់ឃើញថា៖ «ប្រសិនបើ​យើងអត់មាន​ប្រភពចំណូលច្បាស់លាស់ទេ ប្រាកដ​ណាស់រដ្ឋា​ភិបាល​អាចនឹងជួបវិបត្តិ»៕​​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម