Connect with us

សេដ្ឋកិច្ច

​កម្ពុជា ​ចាប់ផ្ដើម​ផ្ដល់​ឥណទាន​បៃតង ​មានទំហំដើមទុនជាង ១០០ ​លានដុល្លារ ​

បានផុស

នៅ

កម្ពុជាតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (​ARDB) ​បានប្រកាសដាក់ឱ្យអនុវត្ត​នូវ​កម្មវិធីហិរញ្ញប្បទានអាកាសធាតុ​ (CCFF) ​ថ្នាក់ជាតិដំបូងគេ​នៅ​អាស៊ី​ សម្រាប់វិស័យឯកជន​ ជាមួយ​នឹង​ដើម​ទុន ​១០៩ ​លានដុល្លារ ​ដើម្បីចូលរួមដោះ​ស្រាយ​បញ្ហា​ការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនភាពធន់​ទៅនឹង​ការ​ប្រែ​ប្រួលអាកាសធាតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកាសចាប់ផ្តើមហិរញ្ញប្បទានអាកាសធាតុ​ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៧ ខែមិថុនា ២០២៦ ដោយទទួលបានមូលនិធិគាំទ្រ​ពីមូលនិធិ​អាកាសធាតុបៃតង ​(GCF​) មាន​ទំហំទឹកប្រាក់​ប្រមាណ ១០៩ ​លានដុល្លារ​ ​ក្នុងនោះឥណទានចំនួន ៥០ លានដុល្លារ និងជំនួយ​បច្ចេកទេសចំនួន ៥ លាន​ដុល្លារ​ ត្រូវបានផ្តល់ដោយមូលនិធិ ​GCF ​ហើយហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារ​ បានផ្តល់​ដោយដៃគូ​ហិរញ្ញប្បទាននានា ​ដែលរួមទាំងក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​។

​លោក ​កៅ ថាច ​អគ្គនាយកធនាគារ ​ARDB ​មានប្រសាសន៍ថា ​ការដាក់ឱ្យអនុវត្ត​កម្មវិធី​ហិរញ្ញប្ប​ទាន​អាកាសធាតុ សំដៅលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអាជីវកម្មបៃតងនៅកម្ពុជា ដែល​ជា​ការបោះជំហានទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា ដែលថាយើងនឹងធ្វើឱ្យមាន​អព្យាក្រឹត​កាបូន។​

​លោក ​កៅ ថាច បន្ថែមថា៖ ​«នៅតំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូល ​មានតែកម្ពុជាទេ ​ដែលអាចចូល​ទៅយក​ថវិកាពីមូលនិធិគាំទ្រ​ពីមូលនិធិ​អាកាសធាតុបៃតង (GCF) តាមរយៈធនាគារ​អភិវឌ្ឍន៍កូរ៉េ (KDB)»។​

​លោកយល់ឃើញថា ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ចាប់ផ្ដើមផ្លាស់ប្ដូរ​ទម្រង់ម្ដង​បន្តិចៗ និងឈានទៅដល់ថ្ងៃណាមួយវាទៅរកសេដ្ឋកិច្ចបៃតងជាមិនខាន នៅថ្ងៃអនាគត ដោយសារ​តែវា​មានបញ្ហាច្រើនដែលកើតឡើង ជាពិសេសពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។​

​លោក ​ឆេង គឹមស៊ុន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ​មានប្រសាសន៍ថា ​កម្មវិធីហិរញ្ញប្បទាន​អាកាស​ធាតុ (CCFF) ជាគំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រ និងជាការបោះជំហានមួយក្នុងកិច្ចខិតខំប្រឹងប្រែង​របស់​រាជរដ្ឋាភិបាលក្នុងការកៀរគរប្រភពហិរញ្ញប្បទាន​ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល​អាកាស​ធាតុ។

​កម្មវិធីហិរញ្ញប្បទាន​អាកាស​ធាតុ (CCFF) បង្កើតឡើងក្នុងគោលបំណងពង្រីកទំហំវិនិយោគ​លើ​វិស័យ​អាទិភាពនានា ដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ​តាមរយៈការផ្ដល់ហិរញ្ញប្បទាន​សម្បទានរយៈពេលវែង និង​ទាក់ទាញការវិនិយោគបន្ថែមពីវិស័យឯកជន។​

​លោក ​រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​មានប្រសាសន៍ថា ​ការដាក់ឱ្យ​ដំណើរ​ការ​កម្មវិធីហិរញ្ញប្បទាន​អាកាស​ធាតុ (CCFF) នៅថ្ងៃនេះ ស្ថិតក្នុងបរិបទសមស្រប និងមាន​សារសំខាន់ ខណៈពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស នៃស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច ​ការប្រែប្រួលអាកាសធាតុ និងស្ថានភាពគោលន​យោបាយ​ពាណិជ្ជកម្មសកល៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម