Connect with us

សេដ្ឋកិច្ច

របរចិញ្ចឹមកង្កែបអាចទាញប្រាក់ចំណូលសមរម្យ ខណៈបច្ចុប្បន្នរបរនេះមានទីផ្សារល្អគ្រាន់បើ

បានផុស

នៅ

កសិករដែលជាអ្នកចិញ្ចឹមកង្កែបបានឱ្យដឹងថា មុខរបរចិញ្ចឹមកង្កែបសព្វថ្ងៃមានទីផ្សារល្អគ្រាន់បើ ខណៈរបរនេះអាចទាញប្រាក់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុងវ័យ ៣៧ឆ្នាំ លោក ហាយ ហ៊ាង ជាកសិករចិញ្ចឹមកង្កែប ស្ថិតនៅស្រុកអង្គរជុំ ខេត្តសៀមរាប បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមកង្កែបនេះរូបលោក និងគ្រួសារបានចាប់ផ្ដើមវាឡើងមកតាំងពីឆ្នាំ ២០១៩ម្ល៉េះ។

លោកបន្តថា មុខរប​រនេះបានជួយឱ្យលោកមានលទ្ធភាពទាញរកប្រាក់ចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ និងការចំណាយទូទៅប្រចាំថ្ងៃ ដ្បិតអីគ្រួសារក៏មានជីវភាពប្រសើរជាងមុនផងដែរ។

លោក ហាយ ហ៊ាង បញ្ជាក់ដែរថា​ ក្រោយពេលប្រមូលផល កង្កែបអាចបោះដុំចេញទៅឱ្យឈ្មួញបានចន្លោះពី ៦ពាន់រៀល ទៅ ៧ពាន់រៀល ក្នុង១គីឡូក្រាម អាស្រ័យទៅតាមតម្រូវការជាក់ស្ដែង។

យ៉ាងណាមិញ តម្លៃប៉ុននេះ កសិកររូបនេះថា បច្ចុប្បន្នតម្លៃកង្កែបហាក់ធ្លាក់ចុះជាងមុនបន្តិច ខណៈកាលពីឆ្នាំមុនៗ ពិសេសគឺថ្ងៃបុណ្យទាន កង្កែបអាចលក់ចេញបានជិត ១ម៉ឺនរៀល ពោលគឺជាង ៩ពាន់រៀល ក្នុង១គីឡូក្រាម។

ស្របពេលជាមួយទីផ្សារល្អគ្រាន់បើ កសិដ្ឋានរបស់លោក ហាយ ហ៊ាង ក៏ជួបប្រទះទៅនឹងឧបសគ្គមួយចំនួនរូមមាន៖ ការប្រែប្រួលអាកាសធាតុ (ការកើនឡើងកម្ដៅ) និងបញ្ហាចំណីឡើងថ្លៃ (ថ្លៃដើមផលិតខ្ពស់) ដែលកត្តាទាំងនេះនាំឱ្យកសិកររូបនេះហាក់ពុំសូវចំណាយច្រើន ដោយលោកអះអាងថា​ «គ្រាន់តែទូទាត់ថ្លៃចំណាយរួចរាល់ គឺអាចសល់បានខ្លះសម្រាប់ទុកធ្វើដើមទុនប​ន្ត»។

ដ្បិតរបរចិញ្ចឹមកង្កែបសព្វថ្ងៃពុំសូវចំណេញច្រើនក៏ពិតមែន ប៉ុន្តែដោយសារការស្រឡាញ់ទើបបណ្ដាលឱ្យលោក ហាយ ហ៊ាង នៅតែបន្តមុខរបរមួយនេះបន្តទៅទៀតផងដែរ។

គួរឱ្យដឹងថា របរចិញ្ចឹមកង្កែប គឺជាអាជីវកម្មកសិកម្មមួយប្រភេទដែលអាចបង្កើតចំណូលបានខ្ពស់ និងរហ័ស ដោយសារកង្កែបងាយស្រួលចិញ្ចឹម ប្រើដើមទុនតិច និងមានតម្រូវការទីផ្សារខ្ពស់៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម