សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករកម្ពុជា រកឃើញដំណោះស្រាយនៃការបន្សាំសេដ្ឋកិច្ចលើការនាំចេញអង្ករក្នុងបរិបទកូវីដ-១៩
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវកិច្ចប្រជុំវិសាមញ្ញតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ៖ “ភាពបន្សាំសេដ្ឋកិច្ច លើការនាំចេញអង្ករកម្ពុជា ក្នុងបរិបទកូវីដ-១៩” ដើម្បីរកច្រកចេញពីបញ្ហាកំពុងប្រឈមនានា ក្នុងបរិបទផលប៉ះពាល់សេដ្ឋកិច្ចសកល នាពេលសព្វថ្ងៃនេះ។ វេទិការប្រជុំអនឡាញនេះ មានការចូលរួមពីសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ប្រមាណ ៦០នាក់។

លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមចម្បង របស់សហព័ន្ធស្រូវអង្ករកម្ពុជាថា នៅពេលបច្ចុប្បន្ន និងពេលខាងមុខ វិស័យស្រូវអង្ករត្រូវត្រៀមខ្លួនជាស្រេចដើម្បីទទួលយកនោះរួមមាន៖ បញ្ហាថ្លៃដឹកជញ្ជូនតាមសមុទ្រនៅតែបន្តឡើងថ្លៃ កង្វះទូកុងតែន័រ តម្លៃទីផ្សារអង្ករ (អង្ករក្រអូប) អន្តរជាតិបន្តធ្លាក់ចុះ តម្លៃធាតុចូលឡើងថ្លៃ កង្វះទុនសម្រាប់ទិញស្រូវ (ជាពិសេសរោងម៉ាស៊ីនដែលសល់ស្តុកចាស់)។

ក្នុងកិច្ចប្រជុំតាមអនឡាញនោះដែរ លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ជឿជាក់ថា កិច្ចប្រជុំថ្ងៃនេះ នឹងផ្តល់នូវលទ្ធភាពថ្មីមួយទៀតសម្រាប់ អ្នករួមវិស័យស្រូវអង្ករទាំងអស់គ្នា ដើម្បីស្វែងរកលទ្ធភាព រកដំណោះស្រាយសមស្របណាមួយ សម្រាប់វិស័យស្រូវអង្ករ ជាពិសេសស្ថានការណ៍ទៅខាងមុខ និងសម្រាប់រដូវកាលច្រូតកាត់ខាងមុខផងដែរ។

ជាទស្សនៈ និងការយល់ឃើញទៅលើបញ្ហាប្រឈម ដែលកំពុងតែកើតមាន ហើយនឹងនៅតែបន្តមានទៅមុខទៀត ឯកឧត្តម ឧកញ៉ា បណ្ឌិត ទីប្រឹក្សាប្រតិបត្តិរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានផ្តល់នូវគំនិតយោបល់ដ៏មានខ្លឹមសារមួយចំនួន រួមមាន ការពង្រឹងនិងបង្កើននូវភាពប្រកួតប្រជែង (ខាងក្រៅ) ការរួបរួមបញ្ចូលគ្នាក្នុងការចាប់យកទីផ្សារអន្តរជាតិធំៗនានា ជាមួយនឹងការត្រៀមជាស្រេចនូវគ្រឹះក្រោមឱ្យបានរឹងមាំ ដែលគំនិតយោបល់ទាំងនេះគឺពិតជាមានខ្លឹមសារដើម្បីឱ្យសហព័ន្ធអាចយកទៅគិតគូរបញ្ចូល ក្នុងផែនការយុទ្ធសាស្រ្តឱ្យមានប្រសិទ្ធភាព និងដើម្បីឱ្យវិស័យស្រូវអង្ករកម្ពុជា កាន់តែមានភាពប្រកួតប្រជែងនិងនិរន្តរភាព។

កិច្ចប្រជុំនេះ គឺជាវេទិកាសម្រាប់ជួបពិភាក្សា ផ្តល់ព័ត៌មានចំាបាច់នានាដែលអាចជាប្រយោជន៍ដល់សមាជិក សមាជិកា សម្រាប់ពិចារណាក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ក្នុងបរិបទនៃកូវីដ១៩ នៅបន្ត ហើយជាមួយនឹងការប្រមូលនូវធាតុចូល រួមទាំងសំណូមពរនានាពីសមាជិក សមាជិកាសហព័ន្ធ ស្តីអំពីស្ថានភាពបច្ចុប្បន្ន និងគោលដៅសម្រាប់ពេលខាងមុខ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងរាយការណ៍បន្តជូនដល់ស្ថាប័នមានសមត្ថកិច្ចនានា និងរាជរដ្ឋាភិបាល។

យោងតាមផែនការ ក្នុងឆ្នាំ ២០២១នេះ សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនាំចេញអង្ករឱ្យបានចំនួន ៨៥ម៉ឺនតោនទៅទីផ្សារអន្តរជាតិដូចជាចិន អាមេរិក និង អឺរ៉ុបជាដើម ក្រៅពីនេះក៏មានការបញ្ជាទិញពីប្រទេសមួយចំនួនទៀតដែរដូចជា ហុងកុង ម៉ាកាវ ផងដែរ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ កំពុងពន្លឿនការចរចាជាមួយភាគីចិន ឱ្យបង្កើនកូតានាំចូលអង្ករពីកម្ពុជា ១០ម៉ឺនតោន ថែមទៀត ខណៈរាជរដ្ឋាភិបាលរំពឹងថា នឹងសម្រេចបាននៅចុងឆ្នាំ ២០២១ នេះ។ សព្វថ្ងៃចិន បានផ្តល់កូតានាំចូលអង្ករពីកម្ពុជាចំនួន ៤០ ម៉ឺនតោនក្នុង១ឆ្នាំ គិតចាប់ពីឆ្នាំ ២០១៩ មក ។

កាលពីឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុនកម្ពុជាចំនួន៧៦ បាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះ ប្រទេសចិន ឈរនៅលំដាប់ទី១ ជាប្រទេសនាំចូលអង្ករពីកម្ពុជាក្នុងបរិមាណ ២៨៩,៤៣៩ តោនស្មើ ៤១,៩ ភាគរយនៃការនាំចេញអង្ករសរុប។ រីឯទីផ្សារសហភាពអឺរ៉ុប ឈរនៅលំដាប់ទី ២ ដោយមានបរិមាណ ២០៣,៧៩១ តោនស្មើនឹង ២៩,៥០ ភាគយ ។ ប្រទេស ៦ ក្នុងតំបន់អាស៊ានក៏បាននាំអង្ករពីកម្ពុជា ចំនួន៨៦,៨៩៩ តោនដែលស្មើនឹង១២, ៥៨ ភាគរយ។ ក្រៅពីនោះមានប្រទេស២៩ផ្សេងទៀត នៅតំបន់ផ្សេងៗ ក៏បានរួមចំណែកនាំចូលអង្ករពីកម្ពុជាចំនួន ១១០,៧០០ តោនស្មើនឹង ១៦,០២ ភាគរយផងដែរ៕ ដោយ៖ សំបូរ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ