សេដ្ឋកិច្ច
តម្រូវការសាច់ជ្រូក និងសាច់មាន់ ចាប់ផ្ដើមកំរើកឡើងវិញ
ទីផ្សារលក់សត្វជ្រូករស់ និងមាន់រស់របស់ប្រជាកសិករ ចាប់ផ្ដើមកំរើកឡើងវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការសង្គម-សេដ្ឋកិច្ច និងបើកឲ្យមានការរៀបចំពិធីមង្គលការ ពិធីបុណ្យទាន និងជប់លៀងនានាមក។ នេះបើតាមការឲ្យដឹងពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា។
លោក ស្រ៊ុន ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា លោកសូមចូលរួមអបអរសាទរ ជាមួយប្រជាកសិករអ្នកចិញ្ចឹមសត្វទាំងអស់ ក្រោយពីរាជរដ្ឋាភិបាល ប្រកាសបើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញ។ លោកថា កាលពីពេលកន្លងមក ជ្រូករស់របស់ប្រជាកសិករ មានការកកស្ទះនៅកន្លែងចិញ្ចឹម ដោយសារលក់មិនចេញ និងមានអ្នកចិញ្ចឹមច្រើន តែនៅពេលដែលរាជរដ្ឋាភិបាល បានបើកសង្គម-សេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យពួកគាត់ អាចបញ្ចេញជ្រូកលក់បានវិញបណ្ដើរៗ ហើយ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មានប្រសាសន៍បន្តថា «យើងឃើញថា ការបើកប្រទេសវិញនេះ ក៏សូមត្រេរអរ និងសូមចូលរួមក្នុងការបើកប្រទេសនេះ ដោយសារប្រជាកសិករយើង កំពុងតែកកស្ទះជ្រូក ដល់តែបើកឡើងវិញទៅ យើងឃើញថា ទីផ្សារគឺឃើញថា កើនឡើង ក៏ប៉ុន្តែវាអត់ទាន់កើនខ្លាំងទេ ដោយសារអី ដោយសារ ការ បុណ្យ យើងទើបតែរៀបចំ អញ្ចឹងវាទម្រាំតែដើរមែនទែន ទាល់តែពីកន្លះខែឡើងលើ»។
បច្ចុប្បន្ននេះសម្រាប់សត្វមាន់រស់ ក្នុង ១គីឡូក្រាមតម្លៃ ៦,៥០០រៀល សម្រាប់មាន់សាច់។ រីឯមាន់ ៣សាសន៍ ក្នុង ១គីឡូតម្លៃចន្លោះពី ១០,០២០០រៀល ទៅ១០,០៣០០រៀលហើយ ដែលជាល្អមួយក្រោយពីការបើកប្រទេសឡើងវិញ។ ចំណែកឯជ្រូករស់វិញ ក្នុង ១គីឡូក្រាមតម្លៃចន្លោះពី ៩០០០រៀល ទៅ១០០០០រៀលដដែល ហើយតម្លៃនេះនៅតែទាបនៅឡើយទេ។
តែអ្វីជាដំណឹងល្អនោះ គឺកាលពីពេលថ្មីៗនេះ អគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបិទការនាំចូលសត្វជ្រូករស់ពីក្រៅប្រទេស ១០០ភាគរយហើយ ដើម្បីឲ្យប្រជាកសិករក្នុងស្រុក បញ្ចេញលក់ជ្រូករស់ដែលពួកគាត់កកស្ទះ កាលពីពេលកន្លងមក។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានបញ្ជាក់បន្ថែមថា «បាទបិទ ១០០ភាគរយៗ អត់មាននាំចូល បាទហ្នឹងល្អមែនទែន ដើម្បីកសិករយើងនៅក្នុងប្រទេស ដើម្បីគាត់ធ្វើការគេហៅថា ពង្រីក និងពង្រឹងខ្លួន ដើម្បី ឈានទៅរកបង្គ្រប់ទីផ្សារ ដោយមិនបាច់នាំចូលនោះ….បិទតែពេលឥឡូវនេះ ដោយសារអី ដោយសារយើងវាគ្រប់គ្រាន់ ពេលណាដែលយើងខ្វះខាត យើងត្រូវតែឲ្យចូល បើមិនឲ្យចូលវាធ្វើឲ្យប៉ះពាល់ដល់អ្នកហូប»។
សូមជម្រាបថា កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ រាជរដ្ឋាភិបាល បានប្រកាសបើកដំណើរការ ប្រទេសឡើងវិញលើគ្រប់វិស័យ។ ក្នុងនោះ ក៏បានអនុញ្ញាតឲ្យការជួបជុំ រៀបចំពិធីមង្គលការ ពិធីជប់លៀង និងពិធីបណ្យទានផ្សេងៗ ទៀតផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


