សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច៖ ផែនការចំណាយកើនឡើងឆ្នាំ ២០២៣ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍឆ្លើយតបតម្រូវការសង្គម
សេចក្តីព្រាងច្បាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាល មានគម្រោងចំណាយថវិកាចំនួនចំនួន ៣៩ ២០៦ ២០៥ លានរៀល គិតជាប្រាក់ដុល្លារប្រហែល ៩.៦ពាន់លានដុល្លារ ស្មើនឹង ២៩.៨៧% នៃផលិតផលក្នុងស្រុកសរុប (ផសស) មានកំណើន១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន សម្រេចអនុម័តទាំងស្រុង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
ដោយឡែក សម្រាប់ផែនការប្រមូលចំណូល ក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២៩ ៣១១ ៧៤៧លានរៀល គិតជាប្រាក់ដុល្លារប្រហែល ៧.២ពាន់លានដុល្លារ (មិនគិតបញ្ចូលចំណូលមូលធនថវិការដ្ឋ ដែលជាប្រាក់កម្ចី) ស្មើនឹង២២.៣៣% នៃ ផសស, មានកំណើន ១៤.៥% ធៀបនឹងច្បាប់ឆ្នាំ ២០២២។
គម្រោងចំណូល និងចំណាយក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បង្ហាញថា កម្ពុជាមានឱនភាពថវិកាសរុប -៧,៥៤ភាគរយ(ក្នុងរង្វង់ទឹកប្រាក់២ ៤០០លានដុល្លារ) នៃ ផសស។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តុល្យភាពនៃចំណាយប្រចាំឆ្នាំនេះ នឹងបំពេញដោយ ហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៧ភាគរយ នៃផសស( ប្រមាណ ១ ៥០០លានដុល្លារ), មូលនិធិទ្រទ្រង់ថវិកាក្នុងទំហំ ០,៩៨ភាគរយ នៃផសស (ប្រមាណ៣០០លានដុល្លារ), ប្រាក់បញ្ញើរាជរដ្ឋាភិបាលមាន១,៨៦ភាគរយ នៃផសស (ប្រមាណ ៦០០លានដុល្លារ) និងការបោះផ្សាយមូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ ដើម្បីបំពេញតម្រូវការចំណាយ ទាំងចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ។

ពាក់ព័ន្ធនឹងការចំណាយកើនឡើងសម្រាប់ឆ្នាំ ២០២៣ អ្នកសេដ្ឋកិច្ច្ បានលើកឡើងថា កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ ដែលមានតម្រូវការអភិវឌ្ឍកាន់តែធំ និងធ្វើឱ្យប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍ គឺចាំបាច់ត្រូវការទុនបន្ថែម ដើម្បីធ្វើការវិនិយោគឱ្យទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការវិនិយោគិនបរទេស នៅក្នុងក្របខណ្ឌអន្តរជាតិ ក្រោមឆ័ត្រនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬច្បាប់វិនិយោគថ្មី ដែលកម្ពុជាមាន និងដើម្បីឆ្លើយតបការប្រកួតប្រជែងកម្រិតខ្ពស់ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ប្រទេសជិតខាង និងពិភពលោកផងដែរ។

លោកបណ្ឌិត បានបន្តថា «កាលណាយើងមិនអភិវឌ្ឍ យើងមិនអាចទាក់ទាញវិនិយោគិន ទេសចរ ទាំងក្នុង និងក្រៅប្រទេស បានឡើយ។ យើងមិនអាចធ្វើឱ្យប្រសើរឡើងនូវតម្រូវការ របស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ សេវាទាំងអស់ ដូចជា ផ្លូវថ្នល់ ភស្តភារកម្ម កំពង់ផែ អគារ សេវាកម្មផ្សេងៗ រួមទាំងច្បាប់ទម្លាប់ក៏ត្រូវរៀបចំឱ្យសុក្រឹត្យល្អប្រសើរ ឆ្លើយតបនឹងការវិវឌ្ឍប្រទេសជឿនលឿន ដើម្បីទាក់ទាញអ្នកវិនិយោគិនទាំងក្នុងប្រទេស និងក្រៅប្រទេស»។
លើសពីនេះទៀតលោកបណ្ឌិត ហុង វណ្ណៈ បានសង្កត់ធ្ងន់ថា ការកើនឡើងប្រចាំឆ្នាំនៃការចំណាយថវិកាជាតិនេះ គឺច្បាស់ណាស់ថា កម្ពុជា នឹងត្រូវប្រើកម្ចីពីបរទេសបន្ថែម។ ប៉ុន្តែទោះយ៉ាងណា ការកម្ចីថវិកាពីបរទេសប្រើប្រាស់ឱ្យចំគោលដៅ នឹងជួយការងារកៀរគចំណូលរបស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង មិនមែនខ្ចីគេយកមកប្រើហើយ ធ្វើឱ្យចំណូលកម្ពុជា កាន់តែថយចុះនោះទេ ពោលគឺដើម្បីវឌ្ឍនភាពនៃការអភិវឌ្ឍកាន់តែប្រសើរឡើង គឺកម្ពុជា ចាំបាច់ត្រូវតែខ្ចីថវិកាពីដៃគូអភិវឌ្ឍផ្សេងៗ យកមកអភិវឌ្ឍកម្ពុជា ដើម្បីឱ្យបានទាន់សភាពការណ៍។ នេះជាការបន្ថែមរបស់លោកបណ្ឌិត ហុង វណ្ណៈ។
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ថា ប្រភពចំណូលដើម្បីបំពេញតម្រូវការចំណាយទាំងនេះ គឺមានទាំងការចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ ជាពិសេសសម្រាប់ការបន្តអនុវត្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងការបរិការណ៍ នៃការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងការត្រៀមដោះស្រាយថវិកាសម្រាប់អគ្គិសនីកម្ពុជា ដើម្បីធានាស្ថិរភាពថ្លៃអគ្គិសនីកុំឱ្យកើនលើសកម្រិតថ្លៃកំពុងអនុវត្តបច្ចុប្បន្ន ជូនប្រជាពលរដ្ឋប្រើប្រាស់។
ថវិកាឆ្នាំ ២០២៣ ត្រូវបានគិតគូរផងដែរ ដល់ការធានាជោគជ័យនៃកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ នេះបើតាមក្រសួងសេដ្ឋកិច្ច៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


