Connect with us

សេដ្ឋកិច្ច

មជ្ឈមណ្ឌលព្យាបាលជំងឺភ្នែកឡើងបាយជំនួយរបស់ចិន បានដាក់ដំណើរការជាផ្លូវការ​នៅខេត្តព្រៃវែង

បានផុស

នៅ

(ព្រៃវែង)៖ លោកឧបនាយករដ្ឋមន្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅព្រឹកថ្ងៃទី ៦ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញសម្ពោធគម្រោងជី អេច ហ្វោនដេសិន ស្តីពីការលុបបំបាត់ភាពពិការដោយជំងឺភ្នែក​ឡើងបាយនៅខេត្តព្រៃវែង ក្រោមជំនួយឥតសំណងរបស់មូលនិធិ GX សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីសម្ពោធនេះមានការចូលរួមពីលោក វ៉ាង ចិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកសាស្ត្រាចារ្យ ម៉ប ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោ កលឿង ជូនឃីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សា​នយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

នាឱកាសនេះ លោក ជា សុមេធី បានថ្លែងថា ខេត្តព្រៃវែង មានអគារចក្ខុរោគនៅក្នុងមន្ទីរពេទ្យខេត្ត និងមន្ទីរ​ពេទ្យបង្អែកអ្នកលឿង ដែលមានសេវាពិគ្រោះ ថែទាំ ព្យាបាល វះកាត់ និងវាស់កាត់វែនតា។ ក្នុងនោះ ការព្យាបាលជំងឺ និងបញ្ហាភ្នែក រួមមាន៖ ជំងឺបាយភ្នែក ជំងឺទឹកដក់ក្នុងភ្នែក ជំងឺកន្ទុយថ្លែន ជំងឺរលាកបាត​ភ្នែកបណ្តាលមក​ពីទឹក​នោមផ្អែម បញ្ញាពិការភ្នែករបស់កុមារ បញ្ហាកំហុសកំណុំរូបភាព និងជំងឺភ្នែកផ្សេងៗទៀត។ ជាក់ស្ដែង ក្នុងរយៈពេល៦ ឆ្នាំកន្លងមកនេះ បានវះកាត់ជំងឺភ្នែកសរុបចំនួន ៩១៨ករណី ក្នុងនោះឆ្នាំ២០២២នេះ វះកាត់ បានចំនួន ១៩៦ករណី។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តមិត្តចិនទាំងអស់ ដែលបានជួយពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនកម្ពុជា ដើម្បីលុបបំបាត់ពិការភាពពីជំងឺភ្នែក ដែលនេះជាការរួមចំណែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា បានមួយផ្នែកធំ។ ចំពោះការផ្ដល់រថយន្ត វះកាត់ភ្នែកទាំង ២គ្រឿង ដល់ខេត្តព្រៃវែង ក៏ដូចជាការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកធ្វើការពិនិត្យ ព្យាបាលនិងវះ​កាត់ជំងឺភ្នែកឡើងបាយ ជូនប្រជាជនដោយឥតគិតថ្លៃនាពេលនេះ បានបង្ហាញនូវសក្ខីភាពចំណងមិត្តភាព និងកិច្ច​សហប្រតិ​បត្តិការក្នុងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

បើតាមលោក យឹម ឆៃលី ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរមុខមាត់​ជាវិជ្ជមានយ៉ាងច្រើន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះគ្រប់វិស័យត្រូវបានអភិវឌ្ឍយ៉ាងឆាប់រហ័ស រួមទាំងវិស័យ​សុខាភិបាលផងដែរ។ សមិទ្ធផលទាំងអស់នេះ គឺសុទ្ធតែបានរួមចំណែកយ៉ាងធំធេងដល់ការជួយកែលម្អ និងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅ ស្របតាមចក្ខុវិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

លោក យឹម ឆៃលី មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីការប្រកាសបើកជាផ្លូវការនូវការពិនិត្យ ព្យាបាល និងវះកាត់ជំងឺ ភ្នែកឡើងបាយជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យខេត្តក្វាងស៊ី ដែលសកម្មភាពមនុស្សធម៌ នេះគឺជាក្តីសង្ឃឹមប្រកបដោយស្នាមញញឹមក្នុងជីវិត និងសុភមង្គល ចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ប្រជាជនក្នុងខេត្តព្រៃវែង  ក៏ដូចជាប្រជាជន ដែលរស់នៅតាមបណ្តាភូមិ ឃុំ ស្រុកខេត្តនានាជាប់ខេត្តព្រៃវែង នឹងបានទទួលសេវាពិនិត្យ និងព្យាបាលដូចគ្នាផងដែរពីក្រុមត្រូពេទ្យស្ម័គ្រចិត្តរបស់មិត្តចិន។

លោក លឿង ជូនឃីង អនុប្រធានគណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមូលនិធិ GX នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិនបានឲ្យដឹងថា អង្គការ អេច ហ្វោនដេសិន បានដាក់មជ្ឈមណ្ឌលព្យាបាលភ្នែកចល័តចំនួន ២ ទៅកាន់មន្ទីរពេទ្យខេត្តព្រៃវែង ដោយមជ្ឈមណ្ឌលព្យា​បាលភ្នែកចល័តនេះត្រូវបានបំពាក់ឧបករណ៍យ៉ាងពេញលេញ ដើម្បីធ្វើការវះកាត់ជំងឺភ្នែក​ឡើងបាយលើអ្នក​ជំងឺក្នុងរយៈពេល ២៥ នាទី។

លោកថា ក្រុមគ្រូពេទ្យចិនដំបូងគេគឺមក ពីតំបន់ស្វយ័តខេត្ត Guangxi Zhuang ភាគនិរតីនៃប្រទេសចិន ដែលមានក្រុម​គ្រូពេទ្យឯកទេសភ្នែក គិលានុបដ្ឋាយិកា និងអ្នកជំនាញបច្ចេកទេសឆ្នើមចំនួនប្រាំបួននាក់ ដែលបានមកដល់ប្រទេសកម្ពុជានៅ ថ្ងៃទី ២៧ ខែវិច្ឆិកា។  ក្រុមការងារគ្រូពេទ្យគឺមានបទពិសោធន៍យ៉ាង​ជ្រាលជ្រៅពីមុនក្នុងការវះកាត់ជំងឺ ភ្នែកឡើងបាយនៅក្នុងខេត្តកំពង់ចាម មុនពេលផ្ទុះជំងឺកូវីដ១៩ ក្នុងអំឡុងឆ្នាំ ២០១៨-២០១៩។

អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម