Connect with us

ព័ត៌មានជាតិ

កោះចំនួន៩នៅខេត្តកោះកុង គ្រោងអភិវឌ្ឍន៍​​ជា​តំបន់​​ទេសចរណ៍​

បានផុស

នៅ

កោះកុងគឺជាខេត្តឆ្នេរសមុទ្រ​វែង​ជាងគេ​ក្នុងចំណោម​ខេត្ត​ឆ្នេរសមុទ្រទាំង​បួន​នៅក្នុងប្រទេសកម្ពុជា ដែលមានឆ្នេរ​ប្រវែង២៣៧គីឡូម៉ែត្រ ​ក្នុងចំណោមឆ្នេរសមុទ្រសរុប៤៤០​គីឡូម៉ែត្រ។ ខេត្តនេះមានកោះសរុបចំនួន៣៥ ដែលក្នុងនោះកោះចំនួន៩កំពុងត្រូវបានសិក្សាដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង មានប្រសាសន៍នៅក្នុងសន្និសីទស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តកោះកុង» នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖ «កោះចំនួន៩នៅក្នុងខេត្តកោះកុងកំពុងត្រូវបានសិក្សាដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។ កោះទាំងនោះរួមមាន កោះអំពិល, កោះខ្មោច, កោះស្មាច់, កោះម្នាស់ខាងត្បូង, កោះម្នាស់ខាងជើង, កោះដំឡូងក្នុង, កោះដំឡូងក្រៅ, កោះទទឹង និងកោះកុងក្រៅ។»

ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ ខេត្តកោះកុងបានកំពុង សាងសង់ព្រលានយន្តហោះអន្តរជាតិខ្នាតធំមួយ ដែលមានតម្លៃជាង២០០លានដុល្លារអាមេរិក និងគ្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀត ស្ថិតនៅចន្លោះរវាងឃុំទួលគគីរ ស្រុកមណ្ឌលសីមា និងឃុំតាតៃ ស្រុកកោះកុង ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនបាងកកអ៊ែវ៉េ និងក្រុមហ៊ុនក្នុងស្រុក។

លោក សុខ​ សុទ្ធី អភិបាលរងខេត្តកោះកុង មានប្រសាសន៍ថា៖ «បច្ចុប្បន្ន ព្រលានយន្តហោះតារាសាគរបានបញ្ចប់ការសាងសង់ផ្លូវរត់បាន១០០%ហើយនៅតែបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ ចំណែកការសាងសង់ការិយាល័យ និងច្រកចេញចូលគឺសម្រេចបាន៧០ភាគរយ។ ចំណែកព្រលានយន្តហោះថ្មីមួយទៀតកំពុងស្ថិតក្នុងដំណាក់កាលសិក្សាទីតាំងដោយក្រុមហ៊ុន។»

លោកអភិបាលរងខេត្តកោះកុងបានបន្តថា ព្រលានយន្តហោះទាំងពីរនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកោះកុង និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ។ ម្យ៉ាងវិញទៀត វានឹងជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យមកទស្សនាខេត្តកោះកុងបានកាន់តែច្រើនថែតទៀត។

អត្ថបទ៖ វ៉ាត វិន ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម