សេដ្ឋកិច្ច
ក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័ននៅសៀងហៃ សាងសង់កន្លែងកែប្រែកាកសំណល់ផ្ទះបាយទៅជាឥន្ធនៈសម្រាប់នាវា
ក្រុមហ៊ុន Shenergy Group ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នធម្មជាតិដ៏សំខាន់នៅទីក្រុងសៀងហៃ កំពុងសាងសង់រោងចក្រ ដើម្បីកែប្រែកាកសំណល់ផ្ទះបាយទៅជា «មេតាណុលបៃតង» ដែលគេយកទៅប្រើជាឥន្ធនៈនាវាជំនួសឱ្យឥន្ធនៈដែលបញ្ចេញកាបូនធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។

អនុប្រធានក្រុមហ៊ុន Shenergy លោក Shi Pingyang បាននិយាយប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ថា រោងចក្រដែលមានសមត្ថភាពផលិតមេតាណុលបៃតង ពី ៧០ ០០០ ទៅ ១០០ ០០០ តោន ពីសំណល់ផ្ទះបាយ នឹងសាងសង់រួចរាល់នៅចុងឆ្នាំ ២០២៥។
លោកបន្តថា៖ «យើងចង់ប្រមូលសំរាមផ្ទះបាយបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកទេសបែបនេះ។ នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនដូចជាទីក្រុងសៀងហៃ កាកសំណល់ផ្ទះបាយមួយចំនួនធំ អាចត្រូវបានគេប្រើប្រាស់ឱ្យបានស្រួលបួលជាងមុន ដើម្បីបន្តសេដ្ឋកិច្ចកាន់តែបៃតងក្នុងតំបន់»។
គួរគូសបញ្ជាក់ថា មេតាណុលបៃតង ត្រូវបានចាត់ទុកថាជាឥន្ធនៈរាវដែលមានកាបូនទាប ដែលអាចប្រើប្រាស់យ៉ាងទូលំទូលាយក្នុងមធ្យោបាយដឹកជញ្ជូនតាមសមុទ្រ។ ខុសពីមេតាណុលធម្មតា វាត្រូវបានផលិតចេញពីជីវម៉ាសប្រកបដោយនិរន្តរភាព ឬពីកាបូនឌីអុកស៊ីត និងអ៊ីដ្រូសែនដែលផលិតពីអគ្គិសនីកកើតឡើងវិញ។
ចំណែកឯកាកសំណល់ផ្ទះបាយ ដែលគេឱ្យឈ្មោះថា កាកសំណល់សើមនៅក្នុងប្រទេសចិនដីគោកវិញ អាចកែប្រែទៅជាធនធានផ្សេងៗ ដូចជាជីកំប៉ុស ឬប្រេង និងឧស្ម័នមេតាន សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម។

លោក Shi បានប្រាប់ South China Morning Post ថា ក្រុមហ៊ុន Shenergy ដែលផ្គត់ផ្គង់ឧស្ម័នធម្មជាតិស្ទើរតែក្នុងក្រុងសៀងហៃទាំងមូល មានបណ្តាញហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិដ៏ធំសម្បើម ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកទេសថ្មី។ លោកថ្លែងថា៖ «យើងមានទំនុកចិត្ត ក្នុងការផលិតមេតាណុលបៃតង ក្នុងតម្លៃទាបជាងស្តង់ដារអន្តរជាតិ»។
ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់ចិនដីគោក បានដឹកនាំចលនាដើម្បីគ្រប់គ្រងកាកសំណល់ផ្ទះបាយតាមបែបវិទ្យាសាស្ត្រក្នុងឆ្នាំ ២០១១ ក្រោមគោលបំណងធ្វើឱ្យការប្រើប្រាស់ធនធានកាន់តែប្រសើរឡើង និងកាត់បន្ថយការបំពុល។
ក្នុងខែកក្កដា ឆ្នាំ ២០១៩ ទីក្រុងសៀងហៃបាននាំមុខគេក្នុងចំណោមទីក្រុងនានារបស់ប្រទេសចិន ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធតម្រៀបកាកសំណល់ជាកាតព្វកិច្ច ដែលកាកសំណល់តាមផ្ទះ ត្រូវបែងចែកជា ៤ ប្រភេទគឺ សំរាមសើម (អាហារដែលនៅសេសសល់) សំរាមស្ងួត កាកសំណល់ដែលអាចកែច្នៃឡើងវិញបាន និងកាកសំណល់គ្រោះថ្នាក់។
កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសៀងហៃ ក្នុងការកែលម្អវិធីដោះស្រាយកាកសំណល់ បានធ្វើឡើងចំពេលមានការអំពាវនាវម្តងហើយម្តងទៀតពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង Xi ដែលសុំឱ្យប្រទេសគ្រប់គ្រងកាកសំណល់របស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


