សេដ្ឋកិច្ច
កម្ពុជាអំពាវនាវដល់វិនិយោគិនអឺរ៉ុបមកបណ្តាក់ទុននិងចាប់យកឱកាសវិនិយោគ
មន្រ្តីជាន់ខ្ពស់និងវិស័យឯកជននៃប្រទេសកម្ពុជាបានអំពាវនាវដល់បណ្តាវិនិយោគិននៅអឺរ៉ុបសំឡឹងមើលកម្ពុជាជាទិសដៅវិនិយោគមួយរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍និងដើម្បីចាប់យកឪកាសនៃការអនុគ្រោះពន្ធនានាដែលកម្ពុជាកំពុងមាន។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី១០ ខែមិថុនាបានដឹកនាំគណៈប្រតិភូ និងវិស័យឯកជនមួយក្រុមក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប បានជួបជាមួយលោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម នៃអេស្ប៉ាញ ក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់អេស្ប៉ាញ ដែលបានរៀបចំនិងមានការចូលរួមពី សភាពាណិជ្ជកម្មអេស្ប៉ាញ, សហព័ន្ធអង្គការពាណិជ្ជកម្មអេស្ប៉ាញ(CEOE), គណៈប្រតិភូកម្ពុជា និងវិស័យឯកជនជាច្រើនរូប។
លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីសក្តានុពលរបស់កម្ពុជាដែលរួមមាន ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជាទាំងផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និងផ្លូវដែក ពិសេសមានរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រដល់ភាពរីកចម្រើនរបស់ធុរជន និងច្បាប់វិនិយោគមានភាពបើកចំហរជូនវិនិយោគិនពីគ្រប់ប្រទេស។
លោកមានសុទិដ្ឋិនិយមសម្រាប់កិច្ចសម្របសម្រួលជូនវិនិយោគិន ដោយ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចអេស្ប៉ាញឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកថា៖«រាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ»។
លោករំពឹងថាព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ។

លោកជំទាវ Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍ចំពោះវត្តមានរបស់មន្ត្រី និងគណៈប្រតិភូកម្ពុជា ចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជាផងដែរ។
កម្ពុជាបាននាំចេញទំនិញដែលមានទំហំទឹកប្រាក់ ១,១៧៥ ពាន់លានដុល្លារក្នុងរយៈពេល៤ខែដើមឆ្នាំនេះទៅកាន់សហភាពអឺរ៉ុប កើនឡើង ៨,៥១ ភាគរយធៀបនឹង ១,០៨៣លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
របាយការណ៍បានបន្ថែមថា ការនាំចូលរបស់កម្ពុជាពីសហភាពអឺរ៉ុបមានចំនួនជិត ២៧៨ លានដុល្លារ ធៀបនឹងរយៈពេល៤ខែដើមឆ្នាំនេះ ធ្លាក់ចុះ ១៨,២១ ភាគរយពីជិត៣៤០ លានដុល្លារ។ ខណៈដែរពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២,១៣ ភាគរយដល់ ១,៤៥៣ ពាន់លានដុល្លារ។
របាយការណ៍បានបញ្ជាក់ថា អាល្លឺម៉ង់ និងអេស្បាញជាដៃគូពាណិជ្ជកម្មអឺរ៉ុបធំបំផុតរបស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២៥៤លានដុល្លារ និង ២៦០លានដុល្លាររៀងគ្នា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


