ព័ត៌មានជាតិ
ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយ ទេសចរណ៍កម្ពុជា (CTB)នឹងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ
រដ្ឋាភិបាលបានសម្រេចជាផ្លូវការនូវសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលជាកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផ្នែក សាធារណៈនិងផ្នែកឯកជន ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំដៅទាក់ទាញភ្ញៀវទេចរអន្តរជាតិមកកាន់កម្ពុជា។

កាលពី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ – តាមរយៈសេចក្តីសម្រេចលេខ ១២៤ សសរ ចុះថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងទេចរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេចរណ៍។
ក្រសួងបានលើកឡើងថា៖« ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យស្តីពី “ការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ កម្ពុជា” កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងផ្នែក សាធារណៈនិងផ្នែកឯកជន ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ»។
សម្រាប់សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន ៨ ដែលមានរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ជាប្រធាន និងតំណាងពីផ្នែកឯកជនចំនួន៧ ស្ថាប័ន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យ ទេសចរណ៍កម្ពុជា។

លើសពីនោះទៅទៀតសមាសភាពដែលមានលក្ខណៈចម្រុះទាំង១៥ ស្ថាប័ននេះ បានបង្ហាញពីការគិតគូរ គ្រប់ជ្រុងជ្រោយ និងការចូលរួមយ៉ាងពេញលេញក្នុងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងឯកជន ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងដាក់ចេញនូវដំណោះ ស្រាយជាកញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការ អភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា។
« ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយ រាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកល លោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ ធ្វើយ៉ាងណាធានាឱ្យ បាននូវនិរន្តរភាព បិរយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា»។ នេះបើយោងតាមក្រសួងទេចរណ៍។
ក្រសួងថាការដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានឹងចូលរួចំណែក យ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ ព្រមទាំងសម្រេចបាននូវចក្ខុវិស័យនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់វិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ឈានមុខនិងរស់រវើក។

នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២៤ គិចាប់ពីខែមរា ដល់ខែមេសា កម្ពុជាទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ២ លាននាក់ (២ ១១៦ ៦០៩) មានការកើនឡើង ២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្នុងចំណោមទេសចរជាង ២ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៥៨៨ ៣១២ នាក់ កើន ៣,២ ភាគរយ វៀតណាមចំនួន ៤១៤ ៣៦៦ នាក់ កើន ៤៣ ភាគរយ ចិន ២៦០ ៤៥៥ កើន ៤១,៥ ភាគរយ ឡាវ ១១៧ ៧២៥ កើន ៤៦ ភាគរយ និងអាមេរិក ចំនួន ៨២ ៨៦២ កើន ២០ ភាគរយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


