សេដ្ឋកិច្ច
ក្រុមហ៊ុនជប៉ុនប្រមាណ ៥០០ កំពុងធ្វើអាជីវកម្មនៅកម្ពុជា
លោក ហ្វូគុហារ៉ា ខូជិ (FUKUHARA KOJI) ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនសរុបប្រមាណ ៥០០ កំពុងធ្វើការវិនិយោគនៅកម្ពុជា ក្នុងនោះក្រុមហ៊ុនដែលចូលជាសមាជិកសមាគម (JBAC) មានចំនួន ២៥០ ក្រុមហ៊ុន និងក្រុមហ៊ុនផ្សេងទៀត ដែលបានធ្វើការវិនិយោគក្នុងវិស័យផលិតកម្មប្រមាណ ២៣ ភាគរយ និងផ្នែកសាងសង់ប្រមាណ ២០ ភាគរយ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្ពុជាថ្មី លោក ហ្វូគុហារ៉ា ខូជិ បានលើកឡើងថា កម្ពុជាមានសក្ដានុពលច្រើនក្នុងការវិនិយោគ ខណៈក្រុមហ៊ុននៅក្នុងសមាគមរបស់លោកកំពុងធ្វើសហប្រតិបត្តិការជាមួយប្រទេសចិន វៀតណាមបូក១ និងថៃបូក១ ផងដែរ។
លោក ហ្វូគុហារ៉ា ខូជិ ប្រាប់ថា សមាគមរបស់លោកតែងតែបង្កើតបរិយាកាស ដូចជាការពិភាក្សាជាមួយរាជរដ្ឋាភិបាលដើម្បីបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែប្រសើរទាក់ទាញការវិនិយោគ។
លោក ហ្វូគុហារ៉ា ខូជិ បានឱ្យដឹងទៀតថា តម្លៃអគ្គិសនីនៅកម្ពុជា អាស្រ័យទៅតាមប្រភេទនៃការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន ប៉ុន្តែពាក់ព័ន្ធនឹងរោងចក្រផ្នែកឧស្សាហកម្ម អាចនិយាយបានថា ជាតម្លៃមួយថ្លៃសម្រាប់ពួកគាត់។

លោក ហ្វូគុហារ៉ា ខូជិ បានបញ្ជាក់ថា សមាគមរបស់លោកកំពុងរកវិធីជំរុញការវិនិយោគពីជប៉ុនមកកម្ពុជាបន្ថែមទៀត ខណៈវិស័យកសិកម្មគឺកម្ពុជានាំចេញផលលិតផលមិនទាន់កែច្នៃទៅកាន់ប្រទេសថៃ និងវៀតណាម ដើម្បីកែច្នៃបន្ត និងនាំចេញទៅកាន់ពិភពលោក។
លោកថា ចំណុចនេះ មានសារសំខាន់ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា ក្នុងការកែច្នៃកសិផលទាំងនោះ ឱ្យទទួលបានតម្លៃបន្ថែម ដើម្បីនាំចេញទៅពិភពលោកផងដែរ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានទឹកប្រាក់ជាង ៩៥០ លានដុល្លារ កើនឡើង ១០,៥%។
ការនាំចេញរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ៦០០ លានដុល្លារកើនឡើង ១៥,៤%។ ចំណែកឯការនាំចូលមកវិញ មានទំហំទឹកប្រាក់ជាង ៣២១ លានដុល្លារ កើនឡើង ២ ភាគរយ។
នៅឆ្នាំ ២០២៣ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានជាង ១,៧៩ ពាន់លានដុល្លារ ធ្លាក់ចុះ ៧,២ ភាគរយ៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


