ព័ត៌មានអន្ដរជាតិ
ចិនស៊ើបអង្កេតប្រឆាំងការឧបត្ថម្ភធនលើផលិតផលទឹកដោះគោអឺរ៉ុប ខណៈភាពតានតឹងពាណិជ្ជកម្មកើនឡើង
ក្រសួងពាណិជ្ជកម្មចិន បានប្រកាសបើកការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើផលិតផលទឹកដោះគោនាំចូលពីសហភាពអឺរ៉ុប កាលពីថ្ងៃពុធ ពោលគឺ១ថ្ងៃ បន្ទាប់ពីប្លុកអឺរ៉ុបប្រកាសពីកំណែសម្រួលនៃអត្រាបង្កើនពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនលើទឹកផលិតផលដោះគោ ដែលជាការស៊ើបអង្កេតចុងក្រោយបង្អស់របស់ចិនប្រឆាំងទំនិញកសិកម្មចិនក្នុងឆ្នាំនេះ នឹងកំណត់គោលដៅលើប្រភេទផ្សេងៗនៃឈីស ទឹកដោះគោ និងក្រែម ដែលបម្រើឱ្យការប្រើប្រាស់/បរិភោគរបស់មនុស្ស។
ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ការស៊ើបអង្កេតដដែលធ្វើឡើងតាមពាក្យបណ្តឹងពីសមាគមទឹកដោះគោចិន និងសមាគមឧស្សាហកម្មទឹកដោះគោចិនកាលពីថ្ងៃទី ២៩ ខែកក្កដា តាំងនាមឱ្យឧស្សាហកម្មទឹកដោះគោក្នុងស្រុក។ ក្រសួងបន្តថា អាជ្ញាធរចិននឹងពិនិត្យមើលគម្រោងឧបត្ថម្ភធនចំនួន ២០ ពីទូទាំងប្លុកអឺរ៉ុប ជាពិសេសផលិតផលដែលមកពីប្រទេសអូទ្រីស បែលហ្សិក ក្រូអាស៊ី សាធារណរដ្ឋឆេក ហ្វាំងឡង់ អ៊ីតាលី អៀរឡង់ និងរូម៉ានី។
ប្រតិកម្មទៅនឹងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Olof Gill បាននិយាយថា សហភាពអឺរ៉ុបនឹងការពារយ៉ាងម៉ឺងម៉ាត់នូវផលប្រយោជន៍នៃឧស្សាហកម្មទឹកដោះគោរបស់ប្លុក និងគោលនយោបាយកសិកម្មរួម ហើយធ្វើអន្តរាគមន៍តាមការសមស្រប ដើម្បីធានាថាការស៊ើបអង្កេតរបស់ចិន អនុលោមតាមច្បាប់ពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ចំណែកឯសមាគមទឹកដោះគោអ៊ឺរ៉ុបវិញ បាននិយាយថា ខ្លួនមានទំនុកចិត្តថា ការឧបត្ថម្ភធនលើកសិដ្ឋានរបស់សហភាពអឺរ៉ុប គឺត្រូវគ្នានឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក។
គេមើលឃើញថា ការស៊ើបអង្កេតរបស់ចិន គឺជាវិធានការវាយបកមួយចំពោះគោលនយោបាយបង្កើនពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិនរបស់សហភាពអឺរ៉ុប។ កាលពីថ្ងៃអង្គារ សហភាពអឺរ៉ុបបានកែប្រែអត្រាពន្ធលើរថយន្តអគ្គិសនីចិនពី ៣៧,៦ ភាគរយ មកត្រឹម ៣៦,៣ ភាគរយ ដោយច្រានចោលការស្នើសុំឱ្យលុបចោលរបស់រដ្ឋាភិបាលចិន ដែលប្រឆាំងដាច់ខាតលើវិធានការនេះ។
ក្នុងចំណោមប្រទេស ដែលស្ថិតក្រោមគោលដៅស៊ើបអង្កេតរបស់ចិន អៀរឡង់ និងបារាំង អាចនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ អៀរឡង់ នាំចេញផលិតផលទឹកដោះគោទៅចិនសរុបជាទឹងប្រាក់ជាង ៤៦១ លានដុល្លារ កាលពីឆ្នាំមុន ខណៈបារាំងជាអ្នកនាំចេញក្រែមទៅចិនធំជាងគេបំផុតទី២លើពិភពលោក បន្ទាប់ពីនូវែលសេឡង់។
គេមើលឃើញថា សហភាពអឺរ៉ុប គឺជាប្រភពផលិតផលទឹកដោះគោធំទី២របស់ចិន ដែលរួមចំណែកយ៉ាងហោចណាស់ ៣៦ ភាគរយ នៃតម្លៃនាំចូលសរុបក្នុងឆ្នាំ ២០២៣ ដោយឈរនៅតែពីក្រោយនូវែលសេឡង់តែប៉ុណ្ណោះ។ នេះបើយោងតាមទិន្នន័យគយចិន។
សហភាពអឺរ៉ុបបាននាំចេញផលិតផលទឹកដោះគោចំនួន ១,៧ ប៊ីលានអឺរ៉ូ (១,៨៤ ប៊ីលានដុល្លារ) ក្នុងឆ្នាំ ២០២៣ ដោយធ្លាក់ចុះពី ២ ប៊ីលានអឺរ៉ូ ក្នុងឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់គណៈកម្មការអឺរ៉ុប។
គួររំឭកផងដែរថា ចិនបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចតម្លៃលើសាច់ជ្រូកនាំចូលពីសហភាពអឺរ៉ុបរួចហើយ ដែលភាគច្រើនប៉ះពាល់ដល់ប្រទេសអេស្ប៉ាញ ហូឡង់ និងដាណឺម៉ាក៕
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


