សេដ្ឋកិច្ច
រដ្ឋាភិបាលសិក្សា សាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ទៅតំបន់កន្ទុយនាគ
មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៤បានបើកកិច្ចប្រជុំពិនិត្យលើលទ្ធភាពបឋមនៃការសិក្សា គម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម)។

លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ផ្លូវតភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅតំបន់កន្ទុយនាគ (ព្រំដែនកម្ពុជា ឡាវ វៀតណាម) ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។
នៅក្នុងបទបង្ហាញនេះដែរ តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវ (៥) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៦)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៧) ការសុំមតិយោបល់ ដើម្បីកែលម្អ និងជាធាតុចូលបន្ថែមសម្រាប់ការសិក្សានេះ។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចមក លោក យិត បុណ្ណា រដ្ឋលេខាធិការ បានលើកជាសំណួរបញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួនទាក់ទងបច្ចេកទេសសាងសង់តាមស្ថានភាពភូមិសាស្ត្រជាក់ស្តែង ការតម្រឹមខ្សែផ្លូវ ការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធជាដើម ធ្វើយ៉ាងណាឱ្យខ្សែផ្លូវនេះបម្រើឱ្យវិស័យដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិឱ្យកាន់តែរីកចម្រើន បម្រើដល់ធ្វើដំណើរប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ជាពិសេសគឺជាខ្សែក្រវាត់ព្រំដែនដ៏សំខាន់ផងដែរ។
លើសពីនេះមន្ត្រីក្រសួងសាធារណការរូបនេះ បានស្នើសុំឱ្យតំណាងក្រុមហ៊ុន CRBC សិក្សាពីលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង និងផ្តល់ជាជម្រើសក្នុងសិក្សាយ៉ាងតិចចំនួន ០២ សម្រាប់ស្នើសុំយោបល់ឯកភាពពីឯកឧត្តមរដ្ឋមន្រ្តី។

លោក យិត បុណ្ណា គ្រោងនឹងដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីវិភាគ វាយតម្លៃ និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងស្នើសុំយោបល់ឯកភាពពីថ្នាក់ដឹកនាំ សំដៅធានាឱ្យបានថាខ្សែផ្លូវដ៏សំខាន់មួយនេះនឹងផ្តល់ជាឧត្តមប្រយោជន៍ជាតិ និងមានគុណភាពល្អ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីពេលថ្មីៗនេះ បានជំរុញឲ្យរដ្ឋាភិបាលសាងសង់កំណាត់ផ្លូវពីក្រុងបានលុងខេត្តរតនគិរី ទៅដល់តំបន់កន្ទុយនាគ ចំណុចប្រសព្វគ្នានៃព្រំដែនប្រទេសកម្ពុជា ឡាវ និងវៀតណាម។
កំណាត់ផ្លូវជាតិលេខ ៧៨-៥ ពីក្រុងបានលុងកាត់ស្រុកតាវែងទៅដល់តំបន់កន្ទុយនាគ មានប្រវែង ១៦៦ គីឡូម៉ែត្រ និងទទឹង ៩ ម៉ែត្រ។
សម្តេចគូសបញ្ជាក់បន្ថែមថា បើសិនបានផ្លូវនេះមួយខ្សែទៀត នឹងអាចតភ្ជាប់ទៅផ្លូវជាតិលេខ ៧៨ ពីអូរយ៉ាដាវទៅបានលុង ដែលបានជួយកសាងដោយរដ្ឋាភិបាលវៀតណាម៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច១៧ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


