សេដ្ឋកិច្ច
កម្ពុជា ជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ទៅខេត្តហឺណាន ប្រទេសចិន
កម្ពុជាបានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូងចំនួន ២ តោន នៃផលិតផលគ្រាប់ស្វាយចន្ទីដែលបានបញ្ជាទិញចំនួន ២០០ តោន ក្នុងមួយឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា តាមផែនការខេត្តហឺណាន ទិញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ២០០ តោន ក្នុងមួយឆ្នាំ ហើយលើកដំបូងនាំចេញបានត្រឹម ២ តោន ហើយជារៀងរាល់សប្ដាហ៍ កម្ពុជានឹងបញ្ជូនគ្រាប់ស្វាយចន្ទីតាមជើងហោះហើរ។
លោក ងិន ឆាយ ថ្លែងក្នុងពិធីអបអរសាទរសម្រាប់ជើងយន្តហោះដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ប្រទេសចិននៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤។

សមិទ្ធិផលនេះ កើតមានឡើង បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបដោយផ្លែផ្កាចំនួន ២ លើក ក្នុងខែកក្កដា និងខែសីហា ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន រវាងមន្រ្តីក្រសួងជំនាញពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា (មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)។

លោក ងិន ឆាយ មានប្រសាសន៍ថា សមិទ្ធិផលនេះ គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយការដាចេញគោលនយោបាយ ការណែនាំ និងដោយមានការអនុវត្តតាមដោយយ៉ាងយកចិត្តដាក់ពីសំណាក់ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីឱ្យស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ ឬការតម្រូវរបស់រដ្ឋាភិបាលចិន ឬពីសំណាក់អ្នកបញ្ជាទិញក្នុងប្រទេសចិន។

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជាសម្រេចបានប្រមាណ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១ ពាន់ ២ រយលានដុល្លារ។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


