Connect with us

សេដ្ឋកិច្ច

កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលស្វាយចន្ទី នាំចេញទៅទីផ្សារតួកគី និងអឺរ៉ុប

បានផុស

នៅ

កម្ពុជាគ្រោងបង្កើតមជ្ឈមណ្ឌលស្វាយចន្ទី (Cashew Nut Hup) នៅក្នុងខេត្តកំពង់ធំ ដើម្បី​ផ្គត់​ផ្គង់​​ការនាំចេញទៅប្រទេសតួកគី មជ្ឈិមបូព៌ា និងទីផ្សារអឺរ៉ុប។

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងរវាងសមាគមស្វាយចន្ទីកម្ពុជា, ក្រុមហ៊ុនកែច្នៃស្វាយចន្ទី និងវិនិ​យោគិន ឬពាណិជ្ជករ​​អន្តរជាតិ ដើម្បីជំរុញវិស័យស្វាយចន្ទីឱ្យស្របតាមគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះថា លោកបានជួបជាមួយពាណិជ្ជករមកពីប្រទេសតួកគី និងអាមេរិក ដើម្បីស្វែង​រក​ប្រភព​ហិរញ្ញវត្ថុ បង្កើតមជ្ឍមណ្ឌលស្វាយ​ចន្ទីនៅក្នុងខេត្តកំពង់ធំ។

លោក ស៊ុយ កុកធានបានបញ្ជាក់ថា៖ «ជំនួបពិភក្សាគឺប្រមូលក្រុមកែច្នៃឱ្យបានច្រើន ដើម្បីនាំចេញ​ស្វាយចន្ទី​កម្ពុជាទៅប្រទេសតួគី មុននឹងឈានចូលទីផ្សារអឺរ៉ុប យើងចូលទីផ្សារតួកគីសិន ហើយ​មួយ​ទៀតទាក់ទងនឹងទីផ្សារ មជ្ឈិមបូព៌ា ទីផ្សារទាំងពីរនេះគឺធំ យើងត្រូវការបង្កើតក្រុមការងារ​ឱ្យ​បានធំ ដើម្បីទទួលបានការបញ្ជាទិញពីគេ»។

លោក ស៊ុយ កុកធានបន្ថែមថា៖ «បើគេកាម៉ង់ ១០,២០,៣០ ឬដល់ ៤០ ទូ រោងចក្រមួយៗ​យើង​​​មិនអាចធ្វើបានទេ អញ្ចឹងយើងបង្កើតជាមជ្ឈមណ្ឌលផ្គត់ផ្គង់ធំមួយសម្រាប់ទីផ្សារហ្នឹង»។

លោក ស៊ុយ កុកធាន បានបញ្ជាក់ថា ដំណើរការបង្កើតមជ្ឍមណ្ឌលស្វាយចន្ទី បានចាប់ផ្ដើម​បណ្ដើរៗ ហើយនឹងបង្កើតលេចចេញជារូបរាងធំនៅពេលដែលសមាគម និងភាគីពាក់ព័ន្ធរៀប​ចំផែន​​ការបានគ្រប់ជ្រុងជ្រោយ ហើយនៅឆ្នាំ ២០២៥ ប្រសិនបើតួគីយល់​ព្រមសមាគមនឹង​ទៅចុះ​កុង​ត្រា​ដើម្បីនាំចេញជំហានដំបូង។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូល​ផលស្វាយ​ចន្ទីកម្ពុជា​សម្រេច​​បាន​ប្រមា​ណ​ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹក​ប្រាក់​ប្រមា​ណ​ ១ ពាន់ ២ រយលានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម